បើកឡានដើរលួចគោអ្នកភូមិបាន ២ក្បាលតែដឹកគេចមិនរួច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2018 ក+ ក-

​ខេត្តកណ្តាល ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ធ្វើ ការឃាត់ខ្លួន ក្រោយពី​បានធ្វើ​សកម្មភាព​លួច​គោ​អ្នកភូមិ​ចំនួន​២​ក្បាល ដឹក​ដាក់​រថយន្ត​ហ៊ីយ៉ាន់ដាយ បំណង​យកទៅលក់ តែ​ត្រូវ​ប្រជាពលរដ្ឋ​ជិតខាង​ឃើញ​ជួយ​អន្តរាគមន៍​ទាន់ ។ ហេតុការណ៍​នេះ បាន កើតឡើង​កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​វាលស្រែ​ខាងជើង ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អ​ង្ភ​ស្នួល ខេត្តកណ្តាល ។​

​សមត្ថកិច្ច​ស្រុក​អង្គស្នួល​បានឱ្យដឹងថា ជនរងគ្រោះ​ជា​ម្ចាស់​គោ​មានឈ្មោះ អ៊ី អ៊ី​ច ភេទ​ប្រុស អាយុ​៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​ចំណែក ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មាន​២​នាក់ ទី​១-​ឈ្មោះ ហេង ចាំ ភេទ​ប្រុស​អាយុ​៣៧ ឆ្នាំ​ជន ជាតិខ្មែរ មុខរបរ​បើកបរ​នៅ​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់​ស្រុក​ពញ្ញាឮ ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ រ៉េត ណាន ភេទ​ស្រី​អាយុ​៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញ្ញាឮ ខេត្តកណ្តាល​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន រថយន្ត​ម៉ាក​ហ៊ី យាន់​ដាយ ពណ៌ ស លាយ​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-0484 ជា​របស់​ជនសង្ស័យ​ធ្វើ​សកម្មភាព និង​សត្វ​គោ ០២ ក្បាល សម្បុរ ស ញី​០១​ក្បាល​, ឈ្មោល ០១​ក្បាល ជា​របស់​ជនរងគ្រោះ និង​កាំបិតផ្គាក់​០១ ជា​របស់ ជនសង្ស័យ ។​

​ប្រភពព័ត៌មាន​ពីសា​ក្សី​ឈ្មោះ សន សាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បានឱ្យដឹងថា នៅមុន​ពេល កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​បាន​ដឹក​សត្វ​គោ​របស់ខ្លួន​២​ក្បាល យកទៅ​ចង​ឲ្យ​ស៊ី​ស្មៅ នៅ​វាល ស្រែ​ខាងជើង​ភូមិ កើតហេតុ រួច​ដើរ​ត្រឡប់ទៅផ្ទះ​វិញ ដូច​សព្វមួយដង លុះ​បាន​បន្តិចក្រោយមក ស្រាប់ តែ​ឃើញ​មាន​រថយន្ត​កូរ៉េ​១​គ្រឿង ដឹក​សត្វ​គោ​នោះ​ឡើង​រថយន្ត ទើប​ខ្លួន​មានការ​ងឿ​យ​ឆ្ងល់ ក៏​ទូរស័ព្ទ​ប្រាប់​ទៅ​ប្រធានភូមិ ហើយ​ទើប​នាំគ្នា​ជួយ​ស្ទាក់​ឃាត់​បាន​នៅ​ចំណុច​ភូមិ​ត្រពាំង​អណ្តែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល តែម្តង​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ​ហេង ចាំបាន​សារភាពថា​៖ ខ្លួន​បាន​លួច​ដឹក​សត្វ គោ​០២​ក្បាល​ខាងលើ ឡើងលើ​រថយន្ត​របស់​ខ្លួន​ដើម្បី​យកទៅលក់ ហើយ​ក្នុង​រយៈពេល​១​ឆ្នាំ នេះ ខ្លួន បាន​លួច​សត្វ​៧​ដង មកហើយ និង​បាន​យកទៅលក់​នៅ​ប្រទេស​វៀតណាម​បាន​ចំនួន​៦​លើក​។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលា ដំបូង ខេត្តកណ្តាល ដើម្បី​បន្ត​និតិ​វិធី ៕​