មហា​គង​ជ័យ​អាស៊ាន មិត្តភាព​កម្ពុជា​-​ថៃ បាន​ដំឡើង​នៅ​វត្ត​ឧណ្ណាលោម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2018 ក+ ក-

​ភ្នំពេញ ៖ គង​ជ័យ​យក្ស ឬ គង​ជ័យ​អាស៊ាន​មិត្តភាព កម្ពុជា​-​ថៃ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះសង្ឃ​ថៃ ថ្វាយ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព​វង្ស​សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មកដល់​កម្ពុជា និង​បានធ្វើ​ពិធី​ក្រុង​ពាលី ដើម្បី​តម្លើង​រួចរាល់​ហើយ រង់ចាំ​ដល់​ថ្ងៃ​ប្រា​រព​ពិធី​រៀបចំ​អភិ​សេធ​ជា​ផ្លូវការ​តាម​ទំនាម​ទំលាប់​ប្រពៃណី​ខ្មែរ​។​

ពិធី​ក្រុង​ពាលី តម្លើង​គង​ជ័យ អាស៊ាន​នេះ បានធ្វើ​ឡើង​ក្រោម​ព្រះរាជាធិបតី សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព​វង្ស​សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មានការ​ចូលរួម​ពី​លោកជំទាវ ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង រួមទាំង​លោកតា លោកយាយ​ជា​ពុទ្ធបរិស័ទ​មួយចំនួន​ផងដែរ​។

​លោក សក្តិ ចាន់​បូ​ទុំ ដែលជា​អ្នក​នាំ​គង​ជ័យ​ដ៏​ធំ​នេះ មក​តម្លើង បាន​ប្រាប់​ឱ្យដឹងថា គង​ជ័យ​នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា ជា​គង​ជ័យ​អាស៊ាន មិត្តភាព កម្ពុ​ចា​ថៃ មាន​ទំងន់​២៥០០​គីឡូក្រាម មានមុខ​កាត់​៧​ម៉ែត្រ និង​តម្លើង​លើ​ទីតាំង​ដែលមាន​កំពស់​សរសរ​៩​ម៉ែត្រ នៅក្នុង​បរិវេណ​មុខ​វត្ត​ឧណ្ណាលោម ក្នុង​រាជធានី​ភ្នំពេញ​។ សរសរ​សម្រាប់​តម្កល់​គង​ជ័យ​នេះ បានទទួល​ការឧបត្ថម្ភ​ទាំងស្រុង ពី​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ប្រធាន​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍​។​

​នៅក្នុង​ពិធី​តម្លើង​គង​ជ័យ​អាស៊ាន​មិត្តភាព​កម្ពុជា​-​ថៃ នា​ល្ងាច​ថ្ងៃទី​១១​ខែ មិថុនា​នេះ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព​វង្ស​បាន​មាន​ព្រះបន្ទូល​ឱ្យដឹងថា គង​នេះ តំណាងឱ្យ​ប្រទេស​ជា​សមាជិក អាស៊ាន នៅលើ​នោះ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព ការរួម​រួមគ្នា ការពារ​នូវ​សុខសន្តិភាព នៅក្នុង​តំបន់ និង​ពិភពលោក ការពារជាតិ សាសនា នៅតាម​ប្រទេស​រៀងៗ​ខ្លួន ។

​ម​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ បាន​មាន​ព្រះបន្ទូល​ទៀតថា តាម​ប្រពៃណី​ពី​បូរាណ​គង​ជ័យ គឺជា​អ្នក​នាំមុខ​ក្នុងការ​ធ្វើសឹក​សង្គ្រាម នឹង​ជា​អ្នក​នាំមក​នូវ​ជ័យ​មង្គល ផ្តល់​ក្តី​សុខសាន្ត​ដល់​ប្រជាពលរដ្ឋ ពិសេស​គឺ​ដើម្បី​រក្សា​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ជូន​ប្រជាជន​និង​ប្រទេសជាតិ និង អភិវឌ្ឍ វិស័យ​ព្រះពុទ្ធសាសនា និង​ព្រះមហាក្សត្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គង​ជ័យ​អាស៊ាន​នេះ នឹង​រៀបចំ​ប្រារ​ព​ពិធី​អភិ​សេធ​ដ៏​មហោឡា​រឹក​នា​ថ្ងៃទី​១៨ ខែមិថុនា​ខាងមុខនេះ ស្រប​ពេលដែល វត្ត​ឧណ្ណាលោម នឹង​រៀបចំ​ពិធីបុណ្យ​ផ្កា​មហា​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​យក កសាង​ផ្លូវ​មួយ​ខ្សែ នៅក្នុង​ស្រុក​កងមាស ខេត្ត កំពង់ចាម​៕​