ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​ពីថ្ងៃ​ទី​១៨-២៤ ខែមិថុនា ពិសេស​តំបន់​មាត់សមុទ្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ ក្រសួង​ធនធាន​ទឹកបាន ចេញ​សេចក្តីប្រកាស​នៅថ្ងៃនេះ​អោយដឹងថា​ព្យុះភ្លៀង និង​រលក​សមុទ្រ​ធំៗ កំពុង​បោកបក់​ខ្លាំង​នាទី​ប្រជុំជន​ក្រុងព្រះសីហនុ និង​នៅលើ​លំហ​សមុទ្រ​។​

​ទន្ទឹមគ្នានេះ កប៉ាល់ ឬ​ទូក​ដឹក​ភ្ញៀវទេសចរ​ចេញទៅ​កម្សាន្ត​តាម​បណ្តា​កោះ​មួយចំនួន ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​មេឃ​ស្រឡះ ឲ្យ​អាកាសធាតុ​មក​សភា​ពធ​ម្ម​តា​វិញ​ទើប​ចេញដំណើរ​។​

​ទាក់ទិន​បញ្ហា​អាកាសធាតុ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ទឹកភ្លៀង​នឹង​ធ្លាក់​ខ្លាំង​ជា​បន្ដបន្ទាប់​នៅ​តំបន់​សមុទ្រ និង​មាន​ខ្យល់​បោកបក់​ខ្លាំង ព្រមទាំង​មាន​រលក​ធំៗ​។​

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​បង្ហាញថា ខ្យល់មូសុង​និរតី​ខ្លាំង កំពុង​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា និង​បណ្ដាល​ឲ្យ​រាជធានី​-​ខេត្ត​ផ្សេង មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្ដបន្ទាប់ ចាប់ពី​មធ្យម​ទៅ​បង្គួរ និង​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ មាន​ភ្លៀង​ធ្លាក់​ច្រើន​។ ហើយ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ​។​

​ផ្តើម​ពី​បញ្ហា​នេះ ក្រសួង​ធនធានទឹក ស្នើ​ដល់​អ្នកធ្វើដំណើរ​តាម​សមុទ្រ និង​អ្នកនេសាទ​តាម​សមុទ្រ គួរ​ផ្អាក​សកម្មភាព របស់ខ្លួន​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ​៕​