ឪពុកម្តាយ​យំ​ស្រែក​រក​យុត្តិធម៌ រឿង​គេ​សម្លាប់​កូន ឯ​ជនល្មើស​៥​នាក់​គ្មាន​ទោស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2018 ក+ ក-

​កណ្តាល ៖ ឪពុកម្តាយ​ជនរងគ្រោះ​ម្នាក់ បាន​អង្គុយ​រៀប​រាប់ទាំង​ទឹកភ្នែក​ស្រែក​រក​យុត្តិធម៌​ជូន​កូន​របស់គាត់​ដែល​ត្រូវ​ក្រុម​ជនល្មើស​៥​នាក់ កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​តែ​ទីបំផុត​ជនល្មើស​៥​នាក់ ដែល​ពាក់ព័ន្ធ កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​មាន​សេរីភាព ។

​ការដែល​ពួកគាត់​យំ​ស្រែក​យុត្តិធម៌​បែបនេះ គឺ​បន្ទាប់ពី​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នេះ សម្រេច​លើក​ពេល​សវនាការ​ជា​លើក​ទី​៣ ដែល​ធ្វើឱ្យ​ប្តី​ប្រពន្ធ ជាដើម​បណ្តឹង សម្តែង​ការមិន​ពេញចិត្ត​ជាខ្លាំង ។​ពួកគេ​ទាំងពីរ​នាក់​ក្នុងនាម​ដើមបណ្ដឹង ស្នើ​ដល់​សម្តេច​តេ​ជោ ជួយ​រក​យុត្តិធម៌ និង សូមឱ្យ​តុលាការ​ខេត្តកណ្ដាល ព​ន្លឿ​ន​នីតិវិធី​ឱ្យបាន​ឆាប់រហ័ស ។​

​បើតាម​ឯកសារ​ដែល​អ្នកព័ត៌មាន​យើង​ទទួលបាន​ពី​ដើមបណ្តឹង​បាន​បង្ហាញថា អំពើ​ហឹ​ង្សា​មាន​ស្ថាន​ទំងន់​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ខាងលើ គឺ​ស្ថិតក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១២០៥ អ​.​ក ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ជនជាប់ចោទ​៥​នាក់ ៖​ទី​១​ឈ្មោះ​ផេង ណា​រ័ត្ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​ក្រៅ​ឃុំ​),​ទី​២​ឈ្មោះ​យ៊ិ​ន វាសនា ហៅ កែម វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​គេចខ្លួន​), ទី​ទី​៣​ឈ្មោះ​ថាំង ម៉េង​ហួយ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ក្រៅ​ឃុំ​),​ទី​៤​ឈ្មោះ​ឈុន រតនៈ ហៅ មឿ​ន ណាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ក្រៅ​ឃុំ​) និង​ទី​ទី​៥​ឈ្មោះ​ច​ន ភស្ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​គេចខ្លួន​) ។

ជនជាប់ចោទ​ទាំង​៥​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ “​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណ​ភាព​នៃ​ជនរងគ្រោះ​”​តាម​មាត្រា​២២៤​នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ ។ ចំណែក​ជនរងគ្រោះ​ក្នុង​សំណុំ​រឿងនេះ​ឈ្មោះ មឿ​ន រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។​

​លោក​សុខ វណ្ណ​នី និង​ប្រពន្ធ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា កូនប្រុស​ត្រូវបាន​ក្រុម​ជនល្មើស​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ តែ​រហូត​មកទល់ពេលនេះ គ្មាន​ជនល្មើស​ណាមួយ​ត្រូវបាន​ចាប់ខ្លួន​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ទេ ។​ក្នុងនាម​ដើមបណ្ដឹង ពួកគេ​ចង់​បានតែ​យុត្តិធម៌​ប៉ុណ្ណោះ ។

ប៉ុន្ដែ​នីតិវិធី​របស់​សាលាដំបូង​ខេត្តកណ្ដាល ហាក់​យឺតយ៉ាវ​ជាទីបំផុត ដែល​សវនាការ​បាន​លើក​ពេល​៣​ដង​មកហើយ ។​ពួកគេ​សង្ឃឹមថា សម្តេច​តេ​ជោ នឹង​ជួយ​រក​យុត្តិធម៌​ផង ។ ពួកគេ​ពិតជា​ឈឺចាប់​ណាស់ ដែល​កូនប្រុស​ត្រូវគេ​កាប់សម្លាប់​ហើយ តែ​ក្រុម​ជនល្មើស​បែរជា​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​មាន​សេរីភាព​បែបនេះ ៕​