នគរបាល​យក​ដីកាកោះ​ហៅ​លោក សម រង្ស៊ី ទៅ​បិទ​នៅមុខ​អតីត​ទីស្នាក់ការ CNRP
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រីនគរបាល​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​នេះ បាន​ចុះមក​បិទ​ដីកា​កោះហៅ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅមុខ​អតីត​ទីស្នាក់ការ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អញ្ជើញលោក​សម រង្ស៊ី ចូលខ្លួន​តាម​ដីកា​កោះហៅ​របស់​តុលាការ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ពាក់ព័ន្ធ​ករណី​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​។

គួរ​រំលឹក ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឯកឧត្ដម​អង្គ វង្ស វ​ឌ្ឍ​នា​បានធ្វើ​អធិបញ្ជា​ឲ្យ​តំណាង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ​លោក​សម រង្ស៊ី ដែល​ប្រមាថ​ព្រះមហាក្សត្រ រឿង​ព្រះរាជសារ​ក្លែងក្លាយ​។

​វិធានការ​របស់​ឯក​ឧត្ដម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បែបនេះ បាន​ធ្វើឡើង​ស្របពេល​មានការ​ទាមទារ​ឲ្យ​តុលាការ​កម្ពុជា ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ តាមច្បាប់​ចំពោះ​ទណ្ឌិត សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ ដែល​បាន​ប្រមាថ ថា ព្រះរាជសារ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​បំផុត ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នោះ​គឺជា​ព្រះរាជ សារ​ក្លែងក្លាយ និង​គ្មាន​តំលៃ ទោះបីជា​ព្រះបរមរាជវាំង​ចេញមុខ​ប្រកាស ថា ព្រះរាជសារ​នោះ​ជា​ព្រះរាជសារ​ពិតប្រាកដ មិន​ក្លែងក្លាយ​ក៏ដោយ​៕​