យក​ដុំថ្ម​វាយ​កញ្ចក់​ទូ​លួច​យក​ទ្រព្យសម្បត្តិ តែ​ត្រូវ​ម្ចាស់​ទាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2018 ក+ ក-

​កណ្តាល ៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ឃាត់ខ្លួន កាលពី ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៨ ក្រោយពី​ពួកគេ​ទាំងពីរ​នាក់​ផ្សុំ​គំនិត​គ្នា ដោយ​ម្នាក់​ជា​អ្នក​ឡើង ដើម កំពីងរាជ មើលផ្លូវ និង​ម្នាក់ទៀត​លបចូល​ក្នុងផ្ទះ​អ្នកស្រុក យក​ដុំថ្ម​វាយ​កញ្ចក់​ទូរ​បែក រួច​រើកកាយ បំណង​លួច​យក​ទ្រព្យសម្បត្តិ តែ​មិនបាន​សម្រេច ដោយសារ​ត្រូវ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឃើញ​ទាន់ ។ អំពើ ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ជាង​៨​ព្រឹក ថ្ងៃ​១០ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅ​ថ្មីៗ​នេះ នៅ​ចំណុច​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អ​ង្ភ​ស្នួល ខេត្តកណ្តាល ។​

លោក​វរសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល​បានឱ្យដឹងថា ជន សង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១- ឈ្មោះ ជួន ពន្លឺ ភេទ​ប្រុស អាយុ​១៦ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ កសិករ នៅ ភូមិ​ស្វាយ​ឧ​ត្ត​ម ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ​នាង ដួងតារា​ហៅ​ដួង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិត នៅ​ភូមិ​ក្តាន់​រយ ឃុំ ដំណាក់ អំពិល ស្រុ​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ពៅ វ​តី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ នៅ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​
​យោងតាម​សម្តី​ស្ត្រី​ម្ចាស់ផ្ទះ​រងគ្រោះ បាន​រៀបរាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់ (​ជនរងគ្រោះ​) កំពុង​នៅក្នុង​បន្ទប់ទឹក ពេល​ចេញពី​បន្ទប់ទឹក​វិញ​ស្រាប់តែ​ឮសូរ​គ្រាំង​នៅ​ខាងលើ​ផ្ទះ ដោយមាន​ការសង្ស័យ គាត់​ក៏​ពរ​ចៅ​ដើរ​ឡើងទៅ​លើផ្ទះ​ស្រាប់តែ ឃើញ​ជនសង្ស័យ នាង ដួងតារា ហៅ​ដួង នេះ​កំពុង​នៅលើផ្ទះ ធ្វើ​សកម្មភាព​រើ​កក​កាយ ក្នុង​ទូ​។ ឃើញ​ដូច្នេះ​គាត់​ក៏​ទាញ​ទ្វារ​បិត ហើយ​ជនសង្ស័យ​ទាញ​ទ្វារ​បើក​ទាញ​ចុះ​ទាញ​ឡើង​ជាមួយគ្នា ខណៈនោះ ជនសង្ស័យ​បាន​យក អំបែង​កញ្ចក់​ចាក់ទៅលើ​រូបគាត់ បណ្តាលឱ្យ​មុត​ខ្នងដៃ​បន្តិច ហើយ​ជនសង្ស័យ​រត់តាម ជណ្តើរ​ចុះ គេចខ្លួនបាត់​។​

​ស្ត្រី​ដដែល​បន្ថែមថា ពេល​គាត់​ចុះពីលើផ្ទះ ក៏​ជួប​ឈ្មោះ ជួន ពន្លឺ កំពុង​ចុះ​ពីក្រោម​ដើម កំពីងរាជ ហើយ​រត់​គេចខ្លួនបាត់ ។ ក្រោយមក រូបគាត់ (​ស្ត្រី​រងគ្រោះ​) ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋ​បាន​នគរបាល​ដំណាក់​អំពិល​ឱ្យ ។ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង នៅ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ ។
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ នាង ដួងតារា​ហៅ​ដួង​បាន​ឆ្លើយ​សារភាពថា ៖ ខ្លួនគេ បាន​ឡើងផ្ទះ​ស្ត្រី​រងគ្រោះ ធ្វើ​សកម្មភាព​យក​ដុំថ្ម​វាយ​កញ្ចក់​ទូរ​បែក​ហើយ បាន​រើ​រក​អីវ៉ាន់ ត្រូវ​ម្ចាស់ ផ្ទះ​មក​ទាន់​ក៏​រត់គេច​តែម្តង​។ រីឯ​ជនសង្ស័យ ជួន ពន្លឺ​បាន​សារភាពថា​៖ ខ្លួន​ជា​អ្នក​ឡើង​ដើម កំពីង រាជ ដើម្បី​មើលផ្លូវ​ឲ្យ​ឈ្មោះ​នាង ដួងតារា ហៅ​ដួង​ដើម្បី​ធ្វើ​សកម្មភាព​ចូល​លួច ហើយ​កន្លងមក ខ្លួន ធ្លាប់​លួច​លុយ​លោក​វត្ត​ដំណាក់​អំពិល​(​លុយ​ក្នុង​ហិប​មុខ​ព្រះ​បដិមា​)​សម្រាប់​ទុក​កសាងបាន ប្រហែល ១០​ដង ទៀតផង ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក អង្គស្នួល កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្តកណ្តាល​រួចរាល់​ហើយ ៕