សាលា​មធ្យមសិក្សា​បច្ចេក​ទេស JVC ទទួលបាន​វិញ្ញាបនបត្រ ISO 9001-2015 ពី​ក្រុមហ៊ុន​វាយតម្លៃ​អន្តរជាតិ នៅ​ប្រទេស​សិង្ហបូរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2018 ក+ ក-

​ភ្នំពេញ ៖ សាលា​មធ្យមសិក្សា​បច្ចេក​ទេស​ហ្ស៊ី​វ៉េ​សេ​ទទួលបាន​ការវាយតម្លៃ​គុណភាព​កម្រិត​ល្អ​បង្គួរ ពី​នាយកដ្ឋាន​គុណភាព នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ទទួលបាន​វិញ្ញាបនបត្រ ISO 9001-2015 ពី​ក្រុមហ៊ុន GIC ដែលជា​ក្រុមហ៊ុន​វាយតម្លៃ​មួយ មានការ​ទទួលស្គាល់ លំដាប់ ថ្នាក់​អន្តរជាតិ មាន​ទីស្នាក់ការ​នៅ​ប្រទេស​សិង្ហបូរី​។​

នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ ISO 9001-2015 កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា នេះ ឯកឧត្តម ស៊ឹម សូ​រិ​ន ទីប្រឹក្សា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​នាយក​សាលា​មធ្យមសិក្សា បច្ចេកទេស JVC​បាន​មានប្រសាសន៍​ឱ្យដឹងថា សាលា​នេះ បាន វិវត្តន៍​ខ្លួន ពី​មជ្ឈមណ្ឌល​បណ្តុះ បណ្តាល​បច្ចេកទេស JVC មកជា សាលា​មធ្យម​បច្ចេកទេស JVC ហើយ​មានការ​ឧបត្ថម្ភ​គាំទ្រ ពី​អង្គការ​ស្ម័គ្រចិត្ត ជនជាតិ​ជប៉ុន និង​រាជរដ្ឋាភិបាល​ជប៉ុន ទាំង​អគារ ឧបករណ៍​សម្ភារៈ ដែល​បំពាក់​ក្នុង​សាលា​និង​រោង​ជាង សម្រាប់ធ្វើ​ការបណ្តុះបណ្តាល​ទៅលើ​ជំនាញ បច្ចេកទេស​ជួសជុល​រថយន្ត ដែល​ស្ថិតនៅក្រោម ការគ្រប់គ្រង​របស់​ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​។​

លោក​បញ្ជាក់ថា សាលា​មធ្យម​បច្ចេកទេស JVC មាន​ទីតាំងនៅ​ផ្លូវ​លេខ​៦​អា ភូមិ​ដើម​គរ សង្កាត់ ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ សាលា​បាន​ដំណើរការ​បណ្តុះបណ្តាល​ជំនាញ បច្ចេកទេស​ជាច្រើន​ដូចជា​៖ កម្រិត​សញ្ញាបត្រ ជាន់ ខ្ពស់​បច្ចេកទេស កម្រិត​សញ្ញាបត្រ​បច្ចេកទេស​វិជ្ជាជីវៈ កម្រិត​វិញ្ញាបនបត្រ​វិជ្ជាជីវៈ និង កម្មវិធី ស្ពាន ចម្លង​បន្ត​ជំនាញ​ជាដើម​។​

នាឱកាស​ពិធី​ប្រគល់​វិញ្ញាបនបត្រ អាយ អេស អូ នេះ ឯកឧត្តម បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងឱ្យដឹងថា ស្ថិតក្នុង​បរិបទ​សកល ភាវូបនីយ៍កម្ម ប្រទេស​មានការ​រីកចំរើន​លូតលាស់​ឥតឈប់ឈរ និង​មានការ​ប្រកួតប្រជែង ដើម្បី ស្វែងរក​ឧត្តមភាព គុណភាព​ផលិតផល និង​សេវាកម្ម​ឱ្យមាន​កម្រិត​អ​ប្បរមា ជាពិសេស ការ កសាង​កម្លាំង​ពលកម្ម ឱ្យមាន​សមត្ថភាព នឹង​លទ្ធភាព​ប្រើប្រាស់​បច្ចេកទេស​គ្រប់​កម្រិត ដើម្បី ឈានទៅ​សម្រេច​គោលដៅ​កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព​សង្គម ប្រកបដោយ​ចិ​រ​ភាព​។​

​ឯកឧត្តម បន្តថា ការអប់រំ​បណ្តុះបណ្តាល​ជំនាញ បច្ចេកទេស និង​វិជ្ជា​ជិ​វៈ គឺជា​កត្តា​ដែល មិន អាច​ខ្វះ​បាន ក្នុងការ​អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និង​ជម្រុញ​ឱ្យ​អ្នកសិក្សា​ទទួលបាន​នូវ​ចំណេះដឹង ជំនាញ​បច្ចេក ទេស ជាមួយ​សមត្ថភាព​ពិតប្រាកដ ដើម្បី​ក្លាយជា​ពលករ​ជំនាញ អ្នកបច្ចេកទេស ក្នុងការ​បង្កើន​ធនធាន មនុស្ស​សម្រាប់​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ ស្រប​ពេលដែល​ប្រទេស កំពុងមាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ដ៏​ពិតប្រាកដ​។​

​ឯកឧត្តម​បញ្ជាក់ថា តាមរយៈ​ការប្រគល់​វិញ្ញ​បន​ប​ត្រ​នៅពេលនេះ គឺជា​ម៉ែត្រ​វាស់​មួយ ក្នុង ការ កំណត់​នូវ​បទដ្ឋាន នៃ​ការដឹកនាំ​របស់​គណៈ​គ្រប់គ្រង និង​គុណភាព​នៃ​ការអប់រំ បច្ចេកទេស ជំនាញ និង​ការវិវត្ត​របស់​សាលា​មួយ​នេះ ប្រកបដោយ​ការទទួលខុសត្រូវ និង​មានការ​កែលំអ បំពេញ បន្ថែម​។ ក្រៅពីនេះ ក៏​ជាការ​បង្ហាញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ ក្នុងការ​បំពេញ ការងារ និង​ការ​ជម្រុញ​លើកកម្ពស់​ការអប់រំ​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង តម្រូវការ​ចាំបាច់ នូវ​កម្លាំង ពលកម្ម ដែលមាន​ជំនាញ ក្នុង​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន​នេះ​ផងដែរ​៕​