តំណាង​និស្សិត​កម្ពុជា ចិន ចុះ​អនុស្ សរណៈ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2018 ក+ ក-

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) និង​សាកលវិទ្យាល័យ​ជឺ​វ​ជាំ​ង បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​បង្កើន​កិច្ចសហការ​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែល​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) និង​លោក Wang Xianmiao ប្រធាន​ទទួលបន្ទុក​កិច្ចការ​សហប្រតិបត្តិកា​រ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​។

​លោក Wang Xianmiao មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​ចូលរួម​សហប្រតិបត្តិការ​ជាមួយ​សមាគម​អាហារ​រូបករណ៍​សិស្ស​និស្សិត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​របស់​កម្ពុ​ជា​តាមរយៈ​ការផ្ដល់​អាហារូបករណ៍​ក្នុងនោះ​ផ្ដល់នូវ​ថវិកា​សម្រាប់​ការ​ស្នាក់នៅ ការរៀនសូត្រ​របស់​និស្សិត​កម្ពុជា​។​លោក​បន្តថា​ក្រៅពី​ការសហការ​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស ភាគី​សាកលវិទ្យាល័យ​ក៏មាន​ការទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​តាមរយៈ​ការទាក់ទាញ​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​។

​លោក​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​វិទ្យាស្ថាន​ខុង​ជឺ​និង​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​ក្នុង​ការសហការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។ លោក​បន្តថា​នេះ​គឺជា​ការទំនាក់ទំនង​យ៉ាង​ល្អ​ល្រ​វាង​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​ដែលមាន​ជា​យូរ​មកហើយ​ក្នុង​វិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ ជាដើម​។ លោក​បន្ថែមទៀតថា​លោក​នឹង​ជំរុញ​ការទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​នៅក្នុង​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ជា​បន្តបន្ទាប់​។​

​លោក​ហ៊ុន​ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​សកល​វិទ្យាល័យ​ជីវ​ជាំ​ង​ដែល​បាន​សហការ​នៅក្នុង​ការបណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​របស់​តាមរយៈ​ការផ្តល់​អាហារ​រូបករណ៍​ដល់​និស្សិត​ខ្មែរ ដែល​នេះ​គឺ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៅក្នុង​ការយកចិត្តទុកដាក់​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។ លោក​ហ៊ុន ម៉ា​ណែ​ត សង្ឃឹម​ជឿជាក់ថា​ការទំនាក់ទំនង​ដ៏​ល្អ​នេះ​នឹង​ធ្វើអោយ​សាកលវិទ្យាល័យ​ជីវ​ជាំ​ង​នៅតែ​ផ្ដល់​អាហារ​រូបករណ៍​ជូន​ដល់​និស្សិត​ខ្មែរ​បន្ថែមទៀត​។​

សូមបញ្ជាក់ថា គោលបំណង ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ស្ថាប័ន​ទាំង​២​នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ សិក្សា​នៅ​ប្រទេស​ចិន និង​ការឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​សិស្ស​-​និស្សិត​កម្ពុជា ចំនួន ២០​នាក់ ក្នុង​ឆ្នាំ ២០១៧-២០១៨​។

​គួរកត់សម្គាល់​ផងដែរ បេសកកម្ម​របស់​សមា​គម អ​.​ម​.​ត គឺ​ស្វែងរក​ឱកាស​អាហារូបករណ៍ កម្មសិក្សា​ការងារ ដល់​យុវជន​កម្ពុជា ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ។ ដោយឡែក តាមរយៈ​សមាគម អ​.​ម​.​ត ចាប់ពី​ឆ្នាំ ២០០៩ មកដល់​បច្ចុប្បន្ននេះ និស្សិត​កម្ពុជា​ចំនួន ៩៨​នាក់ បាន​បញ្ជូនទៅ​សិក្សា​នៅ​ប្រទេស​ចិន ថ្នាក់ បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ ៕