មេ​កន្ទុយលេខ​វាសនា​ខ្ពស់​ ចាប់​មួយសន្ទុះ​វិល​មក​អង្គុយ​កត់​វិញ​យ៉ាង​រំភើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2018 ក+ ក-

​ភ្នំពេញ ៖ ស្ត្រី​មេ​កន្ទុយលេខ​វ័យ​៣៣​ឆ្នាំ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំយកទៅ​ផ្នែក​ជំនាញនៃ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ បាន​មួ​យស​ន្ធុះ ក៏​ឌុប​ដឹកនាំ​យកទៅដាក់​កន្លែង​ដើម​វិញ ហើយ​អនុញាត​ឲ្យ​អង្គុយ​បន្ត​កត់​ឆ្នោត​ទៀត​យ៉ាង​រំភើយ​។​

ករណី​ឃាត់ខ្លួន​ស្ត្រី​ជា​មេ​កត់​កន្ទុយលេខ​ខាងលើនេះ កើតឡើង​នៅវេលា​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ខាងក្រោយ​ផ្សារ​ដី​ហុយ ផ្ទះ​លេខ​៦៣៨ ផ្លូវលំ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

​មន្ត្រី​ប៉ូលីស​ខណ្ឌ​សែន​សុខ មួយរូប​បាន​ប្រាប់ថា មេ​កន្ទុយលេខ​ខាងលើនេះ បើក​យូរហើយ​មិនដែល​ឃើញ​គេ​បង្ក្រាប​ទេ ទើបតែ​ពេលនេះ​ស្រាប់​តែមាន​សមត្ថកិច្ច​ម​ក​ឃាត់ខ្លួន នាំយកទៅ​ប៉ុស្តិ៍​បាត់​មួយសន្ទុះ​ស្រាប់តែ​ឃើញ​សមត្ថកិច្ច​ដឹកយក​មកវិញ ហើយ​ស្ត្រី​រូបនេះ​មក​អង្គុយ​កត់​ឆ្នោត​យ៉ាង​រំភើយ​ដដែល មិនតែប៉ុណ្ណោះ ឮ​សមត្ថកិច្ច​បង្ហើប​ថា គេ​បើក​លេង​ស្របច្បាប់​ទៅវិញ ដោយមាន​ការអនុញាតិ​ពី​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ និង​ក្រុង​រួចហើយ បើក​កន្លែង​កត់​ឆ្នោត​វៀតណាម ។​

​តាម​ប្រជាពលរដ្ឋ​វិញ មានការ​ងឿងឆ្ងល់​ថា ស្ត្រី​ជា​មេ​កត់​ឆ្នោត ឈ្មោះ ម៉េង ពុទ្ធា​វី អាយុ​៣៣​ឆ្នាំ បើក​កន្លែង​កត់​ឆ្នោត​នៅ​ទីតាំង​ខាងលើ មាន​អ្នក​អះអាងថា ប៉ូលីស អាជ្ញាធរ អនុញ្ញាត​ច្បាប់ អាជ្ញាប័ណ្ណ​ឲ្យ​គាត់​បើកទទួល​កត់​ឆ្នោត​វៀតណាម ស្របច្បាប់ ចុះ​ទីតាំង​កត់​កន្ទុយលេខ​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស រាប់មិនអស់ ម្តេច​បាន​សមត្ថកិច្ច​ថា​អត់​ច្បាប់ ហើយ​ចាប់​លែងៗ ឥត​ល្ហែ​ទៅវិញ​?​។​

​យ៉ាងណាក៏ដោយ បញ្ហា​មានច្បាប់ ឬ​អត់​ច្បាប់​របស់​បន​ល្បែង​កត់​កន្ទុយលេខ​របស់​ស្ត្រី ម៉េង ពុទ្ធា​វី នៅ​ទីតាំង​ខាងលើនេះ មានតែ​លោក​វរសេនីយ៍ឯក ហួ ម៉េង​វ៉ាង អធិការ​ខណ្ឌ​សែន​សុខ និង​លោក ម៉ូ​វ ម៉ានិត ចៅហ្វាយខណ្ឌ​សែន​សុខ​ទេ ដែល​ដឹង​ច្បាស់ ម្យ៉ាងទៀត បើ​មេ​ឆ្នោត​ខាងលើ​គ្មាន​ខ្សែ មិនមែន​ចាប់​ឃាត់ខ្លួន​នាំទៅដល់​អធិការដ្ឋាន​ខ​ណ្ឌ​សែន​សុខ បាន​តែមួយ​ដង្ហើម​ចង្រឹត ហើយ ដោះលែង​ឲ្យ​មក​អង្គុយ​កត់​ឆ្នោត​ឡើងវិញ​ដោយ​ស្រួលៗ​បែបនេះ​ទេ​៕​