កម្ពុជា សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ចំណត​កំពង់ផែ​ទឺ​ក​ជ្រៅ​ក្រុង​ព្រះសីហនុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 June, 2018 ក+ ក-

​ព្រះសីហនុ ៖ ចំណត​ផែ​ពហុ​បំណង​ស្ថិតនៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ត្រូវបាន​បើកសម្ពោធ អោយ​ដំណើរការ​ជា​ផ្លូវការ​ហើយ នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា រួម​និង​វត្តមាន​ចូលរួម​របស់​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ផងដែរ​។

​ការសាងសង់​ចំណត​ផែ​ពហុ​បំណង​ថ្មី​នេះ បាន​ចំណាយ​រយៈពេល​៤២​ខែ ចាប់​តាំង​ខែមករា ឆ្នាំ​២០១៥ និង​បានបញ្ចប់​នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៨​នេះ ដោយ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៧៤​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​ពហុ​បំណង​កំពង់ផែ​ក្រុងព្រះសីហនុ រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ទទួលបន្ទុក​លើ​ការបង់ពន្ធ និង​អាករ​ផ្សេងៗ​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ចាត់ទុកថា​ប្រទេស​ជប៉ុន​ជា​ដៃគូ​អភិវឌ្ឍ​ធំ​ទី​២​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ជាពិសេស គ្រាន់តែ​ការអភិវឌ្ឍន៍​កំពង់ផែ​ក្រុងព្រះសីហនុ ភាគី​ជប៉ុន បានផ្តល់​ហិរញ្ញប្បទាន​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​ហើយ បើ​គិត​មកដល់​ពេលបច្ចុប្បន្ន​។ សម្តេច​តេ​ជោ បាន​ថ្លែងថា ចំណត​ផែ​ពហុ​បំណង​នេះ បាន​បង្កើន​សមត្ថភាព​មួយផ្នែកធំ​បន្ថែមទៀត​សម្រាប់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​ពីមុន​អាច​ទទួល​នាវា​ដឹកទំនិញ​ចូល​ចត​ត្រឹម​ចំណុះ​១​ម៉ឺន​តោន​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់​ពេលនេះ គឺអាច​អោយ​នាវា​ដឹកទំនិញ​ខ្នាត​ធំ​ទម្ងន់​៥​ម៉ឺន​តោន ចូលមក​ចត​ដោយផ្ទាល់​បាន និង​អាច​ស្រូបយក​នូវ​ចំណែក​ទីផ្សារ​រហូតដល់​ជាង​៧០% នៃ​ចរាចរណ៍​ទំនិញ​ចេញ​-​ចូល​សរុប​របស់​ប្រទេស​កម្ពុជា​។​ចំណត​ផែ​ពហុ​បំណង​នេះ នឹង​ជួយ​គាំទ្រ​ដល់​មូលដ្ឋាន​ភស្តុភារ​សម្រាប់​ផ្គត់ផ្គង់​ការរុករក​ប្រេង និង​ការធ្វើ​អាជីវកម្ម​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុជា ដែល​នឹង​ជំរុញ​ដល់​ការអភិវឌ្ឍ​ផែ្ន​ក​ឧស្សាហកម្ម​ប្រេង​បន្ថែមទៀត​ផងដែរ​។​

​សម្តេច​តេ​ជោ បាន​លើកឡើងថា ទោះជា​ពេលនេះ​កម្ពុជា​បាន​ពង្រីក​ចំណត​ផែ​ពហុ​បំណង មាន​ជម្រៅ​ទឹក​១៣​ម៉ឺ​ត្រក​ន្លះ​ក៏ដោយ តែ​កម្ពុជា នឹង​ចាប់ផ្តើម​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ថ្មី​មួយទៀត ជម្រៅ​១៤​ម៉ឺ​ត្រក​ន្លះ តម្លៃ​២០៣​លាន​ដុល្លារ​អាមេរិក ដែល​នឹង​ចាប់ផ្តើម​សាងសង់ នា​ឆ្នាំ​២០១៩ ហើយ​គ្រោង​បញ្ចប់​នា​ឆ្នាំ​២០២៣ ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា កំណើន​តម្រូវការ​ជា​បន្តបន្ទាប់​នេះ គឺ​បង្ហាញ​យ៉ាងច្បាស់​ពី​ស្ថេរភាព​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​។ ដើម្បី​ប្រមូល​ធនធាន​សម្រាប់​គម្រោង​អភិវឌ្ឍ​កំពង់ផែ​ក្រុងព្រះសីហនុ​នេះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ដែរ​ថា មិន​លក់​ទៅអោយ​ឯកជន​នោះឡើយ ទោះ​មាន​ក្រុមហ៊ុន​ជាច្រើន​ចង់បាន​កំពង់ផែ​នេះ​ក្តី ប៉ុន្តែ​វិធី​ដ៏​ល្អ​គឺ កំពង់ផែ​បាន​បោះ ប័ណ្ណ​មូល​ប័ត​លក់​រួចមកហើយ​។

តាម​ការបញ្ជាក់​របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឲ្យ​ដឹងថា ចំណត​ផែ​ពហុ​បំណង ដែល​សម្ពោធ​បើក​ឲ្យ​ដំណើរ​រការ​ជា​ផ្លូវការ​នាពេលនេះ រួមមាន​៖ ចំណត​ផែ​ទំនិញ​រាយ​ប្រវែង ៣៣០​ម៉ែត្រ ជម្រៅ​ទឹក ១៣,៥​ម៉ែត្រ និង​ចំណត​ផែ​មូលដ្ឋាន​ផ្គត់ផ្គង់​ភស្តុភារ​សម្រាប់​ការរុករក​ប្រេង​ប្រវែង ២០០​ម៉ែត្រ ជម្រៅ​ទឹក ៧,៥​ម៉ែត្រ​។ ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​ច្រកទ្វារ​សេដ្ឋកិច្ចជាតិ​មួយ​ដ៏​សំខាន់ សម្រាប់​ដោះដូរ​ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ពិភពលោក ដោយបាន​ត​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ​២, លេខ​៣, លេខ​៤ ផ្លូវ​រថភ្លើង និង​ជាពិសេស​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕