អូស្ត្រាលី សម្រេច​ទិញ​យាន​គ្មាន​មនុស្ស​សម្រាប់​យោធា​ពី​អាមេរិក​ចំនួន 6 គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 June, 2018 ក+ ក-

​អាមេរិក ៖ ប្រទេស អូស្ត្រាលី សម្រេច​ទិញ​យាន​គ្មាន​មនុស្ស​សម្រាប់​យោធា​ពី សហរដ្ឋអាមេរិក ចំនួន 6 គ្រឿង មានតម្លៃ​ជាង 5 ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើន​សមត្ថភាព​ឈ្លបយកការណ៍ និង ស៊ើបអង្កេត​របស់​កង​ទ័ព អូស្ត្រាលី ក្រោម​ផែនការ​បង្កើន​ការចំណាយ​ពីរ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​វិស័យ​ការពារជាតិ ។

​យាន​គ្មាន​មនុស្ស​ឈ្មោះ MQ-4C Triton ទិញ​ពី​ក្រុមហ៊ុន​ផលិត​យាន Northrop Grumman ក្នុង​មួយគ្រឿង​តម្លៃ​ប្រមាណ​មួយ​ពាន់​លាន​ដុល្លារ ។ យាន​កងទ័ព​ដែលមាន​ស្លាប​ដូច​ទៅនឹង​យន្តហោះ Boeing 737 នឹង​ជួយ​ឲ្យ​ប្រទេស អូស្ត្រាលី នូវ​សមត្ថភាព​ឈ្លបយកការណ៍ ដោយ​យាន​ទាំងនោះ​អាច​យក​ព័​ត៌​ពី​គ្រប់​ទីកន្លែង សម្រាប់​ភ្នាក់ងារ​សម្ងាត់​រួមគ្នា 5 ប្រទេស មាន​រហ្សនាម​ថា ភ្នែក 5 ដែលមាន សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស កាណាដា អូស្ត្រាលី និង ណូ​វែ​ល​ហ្សេ​ឡង់ ដែលជា​ភ្នាក់ងារ​មាន​ភារកិច្ច​ឈ្លបយកការណ៍​នៅ​ទូទាំង អាស៊ីអាគ្នេយ៍ និង​ទ្វីប អង់​តាក​ទិច រហូតដល់​មហាសមុទ្រ ឥណ្ឌា និង មហាសមុទ្រ ប៉ាស៊ីហ្វិក ។​

​ប្រទេស អូស្ត្រាលី នឹង​ប្រើប្រាស់​យាន​ទាំងនោះ​ជាមួយនឹង​ក្រុម​យន្តហោះ​ឈ្លប​យ​ការណ៍ P-8 Poseidon ទាំង 12 គ្រឿង​របស់​កងទ័ព ។ ទោះយ៉ាងណា យាន​គ្មាន​មនុស្ស​ដំបូង​នឹង​ដំណើរការ​នៅ​ពាក់កណ្ដាល​ឆ្នាំ 2023 ហើយ​យាន​ទាំង 6 នឹង​ដំណើរការ​នៅ​ចុងឆ្នាំ 2025 ដោយមាន​មូលដ្ឋាន​នៅ​ភាគខាងត្បូង​ប្រទេស អូស្ត្រាលី ។​
MQ-4C Triton ស្ថិតក្រោម​ការស្រាវជ្រាវ​បន្ថែម​របស់​កងទ័ពជើងទឹក សហរដ្ឋអាមេរិក ។ យាន​គ្មាន​មនុស្ស​នេះ គ្រប់គ្រង​ដោយ​មនុស្ស​នៅ​មជ្ឈមណ្ឌល​បញ្ជា​លើដី មាន​សមត្ថភាព​ផ្ដល់ព័ត៌មាន​ស៊ើបអង្កេត​ជាក់លាក់​ទាំង​ទីតាំង និង ពេលវេលា លើដី លើ​សមុទ្រ និង​ព្រៃភ្នំ ព្រមទាំង​ប្រតិបត្តិ​ការស្វែងរក និង ជួយសង្គ្រោះ​។ បច្ចុប្បន្ន សហរដ្ឋអាមេរិក បាន​សាងសង់​យាន​ប្រភេទ​នេះ​ចំនួន 68 គ្រឿង ៕