ប្រទេស​ឥណ្ឌា​អំពាវនាវ​ឱ្យ​ធនាគារ AIIB ពង្រីក​ការផ្តល់​ហិរញ្ញប្បទាន នៅត្រឹម​ឆ្នាំ 2020
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2018 ក+ ក-

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បាន​អំពាវនាវ​ឱ្យ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន ពង្រីក​ការផ្តល់​ហិរញ្ញប្បទាន ដល់​បណ្តា​ប្រទេស​ជា​សមាជិក រហូតដល់ 40 ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ 2020 ។​

​លោក​ម៉ូ​ឌី​បាន​និយាយថា វា​ជាការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ ដែល​ធនាគារ AIIB បានអនុម័ត​គម្រោង​ចំនួន 25 នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន ដែលមាន​ហិរញ្ញប្បទាន​សរុប ចំនួន​ជាង 4 ពាន់​លាន​ដុល្លារ​។ ដោយ​លើកឡើង​ពី​តម្រូវការ​សម្រាប់​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ក្រុម​ដែលមាន​សមាជិក​ចំនួន 87 ប្រទេស នោះ​លោក​ម៉ូ​ឌី​បាន​អំពាវនាវ​ឱ្យ​ធនាគារ AIIB ពង្រីក​ការផ្តល់​ប្រាក់កម្ចី​ដល់​ទៅ 10 ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ 2020 និង 100 ពាន់​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ 2025 ។​

ប្រទេស​ចិន គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​ជាង 100 ពាន់​លាន​ដុល្លារ តាមរយៈ​គម្រោង​ខ្សែក្រវ៉ាត់​និង​ផ្លូវ ដើម្បី​សាងសង់​ផ្លូវ​ហាយវ៉េ ផ្លូវដែក កំពង់ផែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត ដែល​ភ្ជាប់ តំបន់​អាស៊ីអាគ្នេយ៍ តំបន់​អឺរ៉ុប និង​អាហ្វ្រិក​។

​លោក​ម៉ូ​ឌី​ក៏បាន​បញ្ជាក់​សារជាថ្មី នូវ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល ចំពោះ​ការរួមបញ្ចូល​គ្នា​នៃ​សារពើពន្ធ ហើយ​បាន​និយាយថា មូលដ្ឋានគ្រឹះ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​នេះ មាន​ភាពរឹងមាំ នៅក្នុង​កម្រិត​វិនិយោគទុន​បរទេស​។ ទន្ទឹមនឹង​នេះដែរ ប្រធាន​ធនាគារ AIIB លោក Jin Liqun បាន​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ទប់ទល់​នឹង​ការការពារ​និយម និង​លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក បើកចំហ​។

​គួរ​បញ្ជាក់ថា ប្រទេស​ឥណ្ឌា គឺជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​ទី 2 របស់​ធនាគារ AIIB និង​ជា​អ្នកទទួល​ធំ​បំផុត នៃ​មូលនិធិ​របស់​ធនាគារ​។ ប្រាក់កម្ចី​របស់​ធនាគា​រ AIIB រួមមាន​ការសន្យា ទឹកប្រាក់ ចំនួន 200 លាន​ដុល្លារ សម្រាប់​មូលនិធិ​វិនិយោគ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​ឥណ្ឌា ដើម្បី​ចំណាយ​លើផ្លូវ លំនៅដ្ឋាន និង​ការអភិវឌ្ឍ​ទីក្រុង ហើយ​ធនាគារ​នឹង​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ឥណ្ឌា សម្រេចចិត្ត​ប្រើ ថវិការ​ទាំងនេះ​។​