រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ប្រធាន​មន្ទីរ​ថ្មី​ខេត្តព្រៃវែង ផ្តល់​សេវាសាធារណៈ​ជូន​វិស័យ​ឯកជន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2018 ក+ ក-

​ព្រៃវែង ៖ ក្នុងឱកាស​តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី ប្រចាំខេត្ត​ព្រៃវែង​កាលពី​ថ្ងៃទី​២៩ មិថុនា ២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានស្នើ​ទៅកាន់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី ប្រចាំខេត្ត​ព្រៃវែង បង្កើន​ការផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​កម្មវិធី​អភិបាលកិច្ច​ល្អ ដែលជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក ​មានប្រសាសន៍​ថា សូម​មន្ត្រី​ទាំងអស់ បន្ត​កិច្ចសហការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅតាម​ទីផ្សារ និង​ហាង​លក់ទំនិញ​នានា និង​ចាត់វិធានការ​ដកហូត​រាល់​ទំនិញ​ដែល​ខូចគុណភាព ឬ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ យកទៅ​ដុត​កំទេចចោល ដើម្បី​ការពារ​សុខុមាលភាព​ប្រជាជន​។ លើសពីនេះ ត្រូវខិតខំ​ផ្តល់​សេវា​សារ​ធាណៈ​ឲ្យ​បានល្អ ជូន​វិស័យ​ឯកជន ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង កាន់តែ​មាន​ភាព​រីកចម្រើន​។​

​លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​កោតសរសើរ​អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ដែល​លះបង់​កម្លាំងកាយ​ចិត្ត ក្នុងការ​ដឹកនាំ និង​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​ធ្វើ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង ក្លាយទៅជា​អង្គភាព​មួយ ដែល​ទទួលបាន​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​គណៈ​អភិបាលខេត្ដ​គ្រប់​ជំនាន់ និង​បាន​ជម្រាបជូន​អង្គពិធី អំពី​សមិទ្ធផល​ការងារ​សង្ខេប​របស់​ក្រសួងពាណិជ្ជកម្ម ជាពិសេស​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ដើម្បី​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ការពារ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ និង​ធានា​ការលូតលាស់​នៃ​វិស័យ​ឯកជន នៅក្នុង​ប្រទេស​កម្ពុជា​។

​លើសពីនេះ រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្តព្រៃវែង ដែល​កន្លងមក​បានផ្ដល់​នូវ​កិច្ចសហការ​ល្អ និង​តែង​គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ដូចជា ចូលរួម​តាមដាន​ស្ថានភាព​ថ្លៃទំនិញ និង​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅតាម​ទីផ្សារ ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​បទ​ប​ញ្ញ​ត្ដិ​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​សហការ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​ពាណិជ្ជកម្ម​ផ្សេងៗ ជាដើម​៕​