ឯកឧត្តម ត្រាំ អ៊ីវតឹក តំណាង​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញបើក​សម្ភោ​ធ​អគារសិក្សា​ថ្មី និង​បំពាក់ Wi-Fi នៅវិទ្យាល័យ​ទួល​ខ្ពស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 July, 2018 ក+ ក-

​ភ្នំពេញ ៖ ការតភ្ជាប់​សាលារៀន ឌីជីថល កម្ពុជា​ត្រូវបាន​អភិវឌ្ឍ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ ជាមួយនឹង​កំណើន​ផលទុនជាតិ​សរុប​នៅ​ប្រទេស​កម្ពុជា (GDP) សរុប​ជា​មធ្យម​ប្រហែល​៧% ក្នុង​មួយឆ្នាំ ហើយ​ត្រូវបាន​គេ​ព្យាករ​ថា នឹង​បន្ត​កំណើន​របស់ខ្លួន​នាពេល​អនាគត​។ ការរួមចំណែក​សំខាន់​ចំពោះ​កំណើន​រហូតមក​ដល់ពេលនេះ គឺ​ដោយសារ​មាន​សុខសន្តិភាព និង​ស្ថេរភាព​នៅក្នុង​ប្រទេស ជាមួយនឹង​ការបើក​ទូលាយ​នៅក្នុង​គោលនយោបាយ​ចំពោះ​ការវិនិយោគ​ពី​បរទេស​។ ក្នុង​ជំហាន​បន្ទាប់​នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា គឺ​ការ​ផ្តោតទៅលើ​គុណភាព​នៃ​កំណើន​។ ដែល​មានន័យថា​ប្រទេស​កម្ពុជា​ត្រូវមាន​យុទ្ធសាស្ត្រ​បន្ថែមទៀត​ទៅលើ​ផែនការអភិវឌ្ឍន៍​រប​ស់​ខ្លួន ក៏ដូចជា​ទាក់ទាញ​ការវិនិយោគ​ដែលមាន​គុណភាព​បន្ថែមទៀត​ទៅលើ​វិស័យ​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់ខ្លួន​។​

​ជាក់ច្បាស់​ណាស់​ថា​ការអភិវឌ្ឍ​នាពេល​អនាគត​នឹងត្រូវ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​បច្ចេកវិទ្យា​និង​ការរួមបញ្ចូល​គ្នា​នៃ​វិស័យ​បច្ចេកវិទ្យា ដើម្បី​ជួយ​កែលម្អ​ការសម្រេចចិត្ត ការរៀបចំ​ផែនការ ការប្រកួតប្រជែង និង​គុណភាព​ដ៏​ល្អ​នៃ​ជីវិត​សម្រាប់​មនុស្ស​គ្រប់គ្នា​។ វា​ច្បាស់​ណាស់​ថា​បច្ចេកវិទ្យា​គឺជា​អ្នកកំណត់​និន្នាការ​នានា​នៅ​ទូទាំង​ពិភពលោក​។ សំខាន់​ជាងនេះទៀត​បណ្ដារ​អង្គការ​អន្តរជាតិ​ដូចជា អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប សមាគមន៍​អាស៊ាន ITU និង WEF ជាដើម កំពុង​លើកទឹកចិត្ត​ដល់​ប្រទេស​ទាំងអស់​ឱ្យទទួល​យក​នូវ​បច្ចេកវិទ្យា​ដែល​នឹង​ជះឥទ្ធិពល​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស ក៏ដូចជា​ដើម្បី​ចូលរួម​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤​។​ ​
ប្រទេស​កម្ពុជា​ត្រូវមាន​គំនិត​ផ្តួចផ្តើម​ខ្លាំង​ជាង​មុន​ដើម្បី​ចូលរួម​សហគមន៍​សកលលោក​ដើម្បី​នាំយក​គំនិត​និង​ការគាំទ្រ​ដ៏​ល្អ​បំផុត​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍​របស់ខ្លួន និង​សម្រេចបាន​នូវ​សក្ដានុពលភាព​របស់​ប្រទេស​។ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កំពុង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​ដោយ​ផ្តោតលើ​គម្រោង​និង​កម្មវិធី​ដែល​កំពុង​ជួយ​កម្ពុជា​ក្នុង​ការធ្វើ​ទំនើបកម្ម និង​រៀបចំ​សម្រាប់​វិស័យសេដ្ឋកិច្ច​ឌីជីថល​និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ ។

​ផ្អែកលើ​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​ចតុកោណ​របស់​រដ្ឋាភិបាល​ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នឹង​ក្លាយជា​កត្តា​គន្លឹះ​ក្នុងការ​គាំទ្រ​ដល់​រដ្ឋាភិបាល វិស័យ​ឯកជន សង្គម​និង​វប្បធម៌ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអភិវឌ្ឍន៍ និង​គុណភាព​នៃ​ការអភិវឌ្ឍន៍​សម្រាប់​វិស័យ​ទាំងអស់នោះ​។ ប្រទេស​កម្ពុជា​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​ទូរគមនាគមន៍​ហើយ​មានតម្លៃ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ក្នុង​តម្លៃថោក​បំផុត ហើយក៏​ជា​ប្រទេសមួយ​លឿន​បំផុត​ក្នុងការ​ទទួលយក​បច្ចេក​វិទ្យា​ថ្មីៗ​ប្រៀបធៀប​ទៅនឹង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​។ នេះ​បង្ហាញ​ពី​ការគាំទ្រ និង​ថាមវន្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​វ័យក្មេង​ដែល​បច្ចុប្បន្ន​គឺជា​កំលាំងចលករ​ដ៏​សំខាន់​នៃ​ប្រទេស​។​

​យោងតាម​ការសិក្សា​រប​ស់​អង្គការសហប្រជាជាតិ យើង​អាច​មើលឃើញ​ពី​ការកើនឡើង​ចំនួន​១០% នៃ​ការតភ្ជាប់​ឌីជីថល​នៅក្នុង​ចំណោម​ប្រជាជន​នៅតាម​បណ្តា​ប្រទេស​ទូទាំង​ពិភពលោក ដោយ​ផ្តល់នូវ​ការកើនឡើង​ដោយផ្ទាល់​ដល់​ផលិតភាព​របស់​ប្រទេសជាតិ​ពី ១,២% -១,៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​នេះ​គឺជា​សូចនាករ​ដ៏​រឹងមាំ​មួយ​សម្រាប់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ជំរុញឱ្យមាន​គម្រោង​ត​ភ្ជាប់​បន្ថែម​ដូចជា គម្រោង Wi-Fi​សាធារណៈ និង​ការតភ្ជាប់​ឌីជីថល​ទៅកាន់​សាលារៀន​ជា​គម្រោង​មួយ​ដែល ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បាន​ផ្តួចផ្តើមឡើង​ហើយនឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គម្រោង​នេះ​នៅ​ទូទាំងប្រទេស​។ នៅ​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៨ ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ បានផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា (TC) ដើម្បី​ដាក់ឱ្យ​ដំណើរការ​គម្រោង​Wi-​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយមាន​ការសហការ​ពី​ក្រុមហ៊ុន Korea Telecom (​ខេ​ធី​) ។

​ក្រុមហ៊ុន​ខេ​ធី​គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​មួយ​របស់​ពិភពលោក​ដែល​បាន​ជួយ​ប្រទេស​កូរ៉េខាងត្បូង​ឱ្យ​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ប្រទេស​ឈានមុខ​គេ​នៅក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា​។ យោងតាម​ចំណាត់ថ្នាក់​ពិភពលោក​សម្រាប់​ស​ន្ទ​ស្សន៍​អភិវឌ្ឍន៍ ICT ដោយ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) បានឱ្យដឹងថា​ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក់​លេខ ១ ឬ​ទី ២ នៅលើ​ពិភពលោក​ក្នុង​រយៈ ៨​ឆ្នាំ​ចុង​ក្រោយនេះ​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែលមាន KT ធ្វើជា​ដៃគូ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​កម្ពុជា​។ គម្រោង Wi-Fi​សាធារណៈ​កំពុង​ប្រើ​បច្ចេកវិទ្យា​Wi-Fi​ចុងក្រោយ​បំផុត​ពី​ខេ​ធី​។​

​គម្រោង​ទាំងនេះ​នឹង​អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា និង​ភ្ញៀវទេសចរ​កាន់តែច្រើន​ដែលជា​សសរស្តម្ភ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​អាច​ភ្ជាប់​អ៊ិន​ធឺ​ណិ​ត​ដោយ​ល្បឿន​លឿន​បំផុត​រហូតដល់ ១ ជី​ហ្គា​បៃ​ក្នុង​មួយ​វិនាទី​នៅក្នុង​តំបន់​សាធារណៈ​ធំ ៗ ដូចជា​សួនច្បារ​សម្តេច​ហ៊ុនសែន​, សួនច្បារ​មុខ​ព្រះបរមរាជវាំង និង​កន្លែង​ជាច្រើន​ទៀត​ដែល​បាន​ត​ភ្ជាប់​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​។ សព្វថ្ងៃនេះ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​គាំទ្រ​ដល់​ការបើក​ដំណើរការ​កម្មវិធី​ឌីជីថល​សម្រាប់​សាលារៀន​នៅ​វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់​ដោយមាន​ការគាំទ្រ​ពី TC និង KT ។ គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​នាំមក​នូវ​ការតភ្ជាប់​ទៅ​សាលារៀន​នៅ​ទូទាំងប្រទេស​តាមរយៈ​ការបង្កើន​ការតភ្ជាប់​អ៊ីនធឺណិត​ដែល​នឹង​អនុញ្ញាតឱ្យ​សាលារៀន​ភ្ជាប់​ទៅ​ការអប់រំ​ឌីជីថល​បន្ថែមទៀត​ដើម្បី​សម្រាប់​សាលា​ទាំងមូល​។ យើង​សង្ឃឹមថានឹង​ទទួល​ការគាំទ្រ​និង​សហការ​បន្ថែមទៀត​ជាមួយ​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​អង្គការ​អប់រំ​អន្តរជាតិ​។​

​លើសពីនេះ​ទៀត​យើង​សង្ឃឹមថានឹង​បង្កើត​កម្មវិធី​អប់រំ​សាធារណៈ​បន្ថែមទៀត​ដើម្បី​ជួយ​លើកកម្ពស់​ទីក្រុង​ស្អាត គ្មាន​គ្រឿងញៀន និង​កម្មវិធី​អប់រំ​ស្ទែ​ម (STEM) ។ យើង​សង្ឃឹមថា​កម្មវិធី​សាធារណៈ​ទាំងនេះ​នឹង​ជួយ​កែលម្អ​អាកប្បកិរិយា និង​ការយល់ដឹង​របស់​សាធារណៈជន​ដើម្បី​ជួយ​លើកកម្ពស់​សកម្មភាព​រួម​គ្នា​និង​ផលប្រយោជន៍​របស់​យើងទាំងអស់គ្នា​។ យើង​មាន​គម្រោង​គាំទ្រ​កម្មវិធី​ទាំងនេះ​តាមរយៈ​ការប្រើ​មូលនិធិ​សកល និង​មូលនិធិ​R&D Fund ដែល​ត្រូវបាន​គាំទ្រ​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធឺ​ណេ​ត​ទាំងអស់​។ យើង​ខ្ញ​ក៏​សង្ឃឹម​ផងដែរ​ដើម្បី​លើកកម្ពស់​គំនិត​បន្ថែមទៀត​ដែល​នឹង​ជួយ​ផ្តល់ឱ្យ​ប្រជាជន​កម្ពុជា​នូវ​ចក្ខុវិស័យ​ច្បាស់លាស់​អំពី​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​និង​ត្រៀមខ្លួន​ចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច​ឌីជីថល​យ៉ាង​ឆាប់រហ័ស និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ ដែល​នឹង​ផ្តោតលើ​បញ្ញា​សិប្បនិម្មិត អ៊ីនធឺណិត​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ និង ការទាញយក​ទិន្នន័យ​ធំៗ ។

​នៅពេល​អនាគត​យើង​ក៏​សង្ឃឹម​ផងដែរ​ក្នុងការ​សហការ​ជាមួយ​កម្មវិធី​អន្តរជាតិ​ជាច្រើន​ទៀត​ដូចជា កម្មវិធី​ទប់ស្កាត់​ជំងឺឆ្លង​ទូទាំង​ពិភពលោក​ដែល​នឹង​សហការ​ជាមួយ​ប្រទេស​ជាច្រើន​ក្នុង​ការជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះថ្នាក់​នៃ​ជំងឺឆ្លង​ទូទាំង​ពិភពលោក​ដូចជា H1N1, Zika, Ebola … ដែលមាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​សង្គម​។ ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​ប្តេជ្ញា​ធ្វើការ​ជាមួយ​អ្នកពាក់ព័ន្ធ​សំខាន់ៗ ទាំងអស់​ក្នុង​តំបន់ និង​អន្តរជាតិ​ដើម្បី​ធានាថា​រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើឱ្យ​កម្មវិធី​ទាំងនេះ​ជា​អាទិភាព​ក្នុង​ការជួយ​ធ្វើ​ទំនើបកម្ម​ប្រទេស​នៅក្នុង​គ្រប់​វិស័យ​ទាំងអស់ និង​ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាមួយនឹង​ការប្តេជ្ញាចិត្ត​ចំពោះ​ប្រកបដោយ​គុណភាព​។ អ្វីដែល​សំខាន់បំផុត​នោះ​គឺ​កម្ពុជា​ក្លាយទៅជា​ប្រទេស​ដ៏​ល្អ និង​លើកកម្ពស់​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់ៗ​ជំនាន់​៕​