ករណី​គ្រឿងញៀន​១២០​គ​.​ក្រ ប៉ូលិស​ចាប់​ថែម​៣​នាក់ និង​រឹបអូស​ថ្នាំញៀន​ជាង ២៦​គ​.​ក្រ ទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 July, 2018 ក+ ក-

​ភ្នំពេញ ៖ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​បីនាក់​បន្ថែម​ទៀ់​ត ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​១២០​គីឡូក្រាម​។ ការចាប់ខ្លួន​មេក្លោង​ធំ​នេះ គឺ​បន្ទាប់ពី​ប៉ូលិស​បាន​ចាប់ខ្លួន​បក្ខពួក​ចំនួន​បីនាក់ និង​រឹបអូស​ថ្នាំញៀន​ចំនួន​១២០​គីឡូក្រាម ដឹក​តាម​រថយន្តក្រុង ដែល​នាំ​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល (​ស្ទឹងត្រែង ) កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។​

​មនុស្ស​ទាំងបី ត្រូវបាន​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ទីតាំង​បី​ផ្សេងៗ​គ្នា នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៦ ខែ​កក្ត​ដា ឆ្នាំ​២០១៨ និង​បាន​ដកហូត​ថ្នាំញៀន​ជាង​២៦​គីឡូក្រាម​ថែមទៀត​ផង​។
​ការ​ឈានដល់​ការចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នេះ គឺ​ដោយមាន​ការបញ្ជា​ដឹកនាំ​ដោយផ្ទាល់​ពី​ល​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង និង​លោក សៀង សុខ ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ ឲ្យ​កម្លាំង​ជំនាញ​បន្ត​ការស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ និង​មេក្លោង​នៅ​ពី​ក្រោយខ្នង ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ១២០​គីឡូក្រាម បង្ក្រាប​កាលពី​ថ្ងៃទី​២៦ មិថុនា ២០១៨ នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល (​ស្ទឹងត្រែង )​។​

​តាម​របាយការណ៍​រប​ស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៦ ខែកក្កដា វេលា​ម៉ោង​២:០៥​រសៀល កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ចប្រតិបត្តិការ ឈានទៅ​ចាប់ខ្លួនបាន​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ៣​នាក់​បន្ថែមទៀត នៅ​បី​គោលដៅ​ផ្សេងគ្នា​ជា​បន្តបន្ទាប់​។ ទី​១.​ចំណុច​ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ,​ទី​២/.​ឆែកឆេរ​លំនៅដ្ឋាន​លេខ​១០ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ទី​៣/.​ឆែកឆេរ​លំនៅដ្ឋាន​លេខ​១០៥ ផ្លូវ​លេខ​៦ ក្នុង​បុរី​ពិភពថ្មី សង្កាត់​ក​ន្ទោ​ត ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ចំនួន​បីនាក់ មាន​១.​ឈ្មោះ សៀន ខួច កើត​ឆ្នាំ ១៩៨៦ ,២. យិន ម៉ាប់ ខ្មែរ កើត​ឆ្នាំ ១៩៩៤​និង​៣. សុខ សុ​ឡា កើត​ឆ្នាំ ១៩៩១​។​

​ចំណែក​វត្ថុតាង​ចាប់យក​គ្រឿងញៀន សរុប ២៦​គីឡូ​៨៦១.៦៧​ក្រាម ក្នុងនោះ ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE ) ទម្ងន់ ៤​គីឡូ​០០៣.៨៥​ក្រាម​និង​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​(Ketamine )២២,៨៥៧.៨២​ក្រាម​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែមិថុនា​កន្លងទៅ កម្លាំង​ប៉ូលិសអន្តោប្រវេសន៍​ប៉ុស្តិ៍​ត្រពាំង​ក្រៀល​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល និង​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ដោយ​ខុសច្បាប់​ពី​ឡាវ​មក​កម្ពុជា ដែល​ពួកឧក្រិដ្ឋជន​បាន​លាក់​នៅក្នុង​រថយន្តក្រុង ដឹក​ឆ្លងកាត់​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល​។ ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បីនាក់ នឹង​រឹបអូស​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វី​តា​មីន (ICE) ចំនួន​១២០​ដុំ ស្មើ​១២០​គីឡូក្រាម​៕