រឿងអាស្រូវ​របស់​មន្ត្រី​បរិស្ថាន​២ -៣​នាក់​នៅ​ខេត្តកំពង់ស្ពឺ កាន់តែ​ល្បី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2018 ក+ ក-

​កំពង់ស្ពឺ ៖ លោក ឯម សុគ​ន្ឋ ចាប់តាំងពី​ឡើងកាន់តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ស្តីទី​ជាង​២​ខែ​មក ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ផល និង​អនុផល ព្រៃឈើ​រអ៊ូរទាំ​ថា បាន​ប្រើ​កូនចៅ​អោយចេញ​ធ្វើ​សកម្មភាព​ជំរិត​ទារលុយ​ពី​អ្នកដឹកឈើ​មិន​ញញើត​ឡើយ បើទោះជា​ឈ្មួញ​ឈើ​ខ្លះ បាន​បង់លុយ​ទៅអោយ​លោក ទៅហើយ​ក្តី​។ នេះ​បើតាម​ការអះអាង​បញ្ជាក់ ពី​បុរស​រកស៊ី​ឈើ​ម្នាក់ នៅ​ស្រុក​ឱ​រ៉ា​ល់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

​ប្រភព​នេះ បាន​រាយការណ៍​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង និង​លោក ឆេ ដែល​គេ​ដឹង និង ស្គាល់​ថា ជាម​នុស្ស​ជំនិត​របស់លោក ឯម សុគ​ន្ឋ បានធ្វើ​សកម្មភាព ប្រដេញ​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ នៅលើ​កំណាត់​ផ្លូវ ជាំ​កន្ទួត កៀប​យកលុយ​ដោយ​មិន​ខ្មាស់អៀន និង​មិន​ខ្លាច​ច្បាប់​ទំលាប់​ទាល់តែសោះ បើ​មិន​ទូរស័ព្ទ​ប្រាប់​គាត់​មុន ។ ប្រភប​ដដែល​បន្តថា ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​៥ កក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ មាន​គោយន្ត​កន្ត្រៃ ជាច្រើន​គ្រឿង​ដឹកឈើ​អារ​ប្រហែល ២​ម៉ែត្រគូប និង​រថយន្ត​ដឹកឈើ ១​គ្រឿង​នៅ​ចំណុច​ផ្លូវ តេ ត្រូវបាន​ក្រុម​លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង និង​ឈ្មោះ ឆេ បាន​ប្រដេញ​តាម​ទារ​យកលុយ​ពី​ក្រុម​គោយន្ត​៣០០.០០០​រៀល ដោយឡែក រថយន្ត​ដឹកឈើ​មួយគ្រឿង ដែល​ចេញពី​ចំណុច ជាំ មកដល់​ចំណុច តេ ក្នុងស្រុក​ឱ​រ៉ា​ល់ ត្រូវបាន​ក្រុម​លោក ឆេ ឃាត់​ចាប់ និង​តម្រូវ​ឲ្យ​បង់លុយ​ឲ្យ​ចំនួន​៥០០​ដុល្លារ ក្នុង​មួយគ្រឿង បើ​មិន​បង់​ទេ នឹងត្រូវ​ចាប់​អូស​ឡាន​យកទៅ​ទុក​នៅ​ស្នាក់ការ​បរិស្ថាន​ខេត្ត​។

​ប្រភព​បាន​រាយការណ៍​បន្តថា កាលពីមុន លោក ហ៊ុល ម៉ា​រា​ ​មាន​ថា​នៈ​ជា​អនុប្រធាន​ការិយាល័យ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចំណែក​លោក ឈុន ឈា​ហេង ប្រធាន​កម្រង រីឯ​លោក ឆេ ជា​មនុស្ស​ជំនិត​របស់​ប្រធានស្តីទី នៃ​មន្ទីរ​បរិស្ថាន​តែម្តង​។ អស់លោក​ទាំងនេះ ត្រូវ​អ្នកជួញដូរ​ឈើ​ស្គាល់​គាត់​ច្បាស់​គ្រប់ៗ​គ្នា អ្នកខ្លះ​ហៅ​គាត់​ថា មេៗ ថែម​ទៀតផង ដូច្នេះ​នៅ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​នេះ ទំនងជា​គាត់​ធំ​ជាង​លោក ខន សុខុន ដែលជា​នាយក​ដែន​ទៅទៀត​។​

​ប្រភព​ដដែល​បាន​រំលឹកថា ដោយឡែក លោក ឈុន ឈា​ហេង ជា​អតីត​នាយក​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្រោយមក​ដោយសារ​មានរឿង​អាស្រូវ​ពុករលួយ​ច្រើនពេក ក៏ត្រូវ​ថ្នាក់លើ​ដក​ឲ្យ​ទៅ​នៅ​ក្រសួង​មួយរយៈ ស្រាប់តែ​ឥឡូវ គាត់​បានបង្ហាញ​មុខជា​ថ្មី​ក្នុងឋានៈ​ជា ប្រធាន​កម្រង គឺ​កាន់តែ​ធំ​ជាង​មុន ទៅទៀត អីចឹង​ហើយ ទើបបានជា​គាត់​សកម្ម​ខាង​ប្រដេញ​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកជញ្ជូន​ឈើ​យកលុយ​ទាំងយប់​ថ្ងៃ ជាមួយ​លោក ហ៊ុល ម៉ា​រា និង​លោក ឆេ ។​

​ប្រភព​រាយការណ៍​បន្ត​ទៀតថា លោក ទាំងបី​នាក់​នេះ គេ​សង្កេតឃើញ បញ្ចេញ​ខ្លាំង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ភូមិ​ជាំ ផ្លូវបំបែក​តេ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។​

​ប្រភពព័ត៌មាន​ស្និទ្ធ​នឹង​ក្រុម​ដឹកឈើ​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ កន្ល​ទៅនេះ ក្រុម​លោក​ទាំង​បីនាក់ បាន​ស្វះស្វែង​ហៅ​ម្ចាស់​ឡាន​ដឹកឈើ​អោយទៅ​ជួប​ផ្ទាល់ ដើម្បី​ប្រគល់​លុយ​៥០០​ដុល្លារ សង​អោយ​វិញ​និង​ឲ្យ​ជួយ​លាក់​ការ ដើម្បី​ងាយស្រួល​ក្រុម​គេ​រាយការណ៍​ភូត​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​ប្រាប់​ទៅ​មេៗ​ថា មិនមាន​ករណី​ដូច​សេចក្តីរាយការណ៍​នោះទេ​។​

​មជ្ឈដ្ឋាន​ជាច្រើន​បាន​សម្តែង​ការរិះគន់​ធ្ងន់ៗ​ចំពោះ​ករណីនេះ និង​កំពុង​រង់ចាំ​តាមដាន​ព័ត៌មាន​នេះ​យ៉ាង​យកចិត្តទុកដាក់​។
​យ៉ាងណាក៏ដោយ នៅ​រសៀល​ថ្ងៃទី​៩ ខែកក្កដា នេះ មេគង្គ​ប៉ុស្តិ៍ មិនទាន់​អាច​សុំ​ការបកស្រាយ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ​បាន​នៅឡើយ​ទេ ការិយាល័យ​និពន្ធ​រង់ចាំ​ការពន្យល់​ជា​វិជ្ជមាន​ទាក់ទង​នឹង​ព័ត៌មាន​នេះ​៕