កំណើនប្រជាជន​កម្ពុជា នឹង​ឡើងដល់​១៧​លាន​នាក់​នៅ​ឆ្នាំ​២០២៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2018 ក+ ក-

​ភ្នំពេញ ៖ សារលិខិត​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​២៩ នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ នេះ បង្ហាញថា គិត​ត្រឹម​ឆ្នាំនេះ កម្ពុ​ជាមាន​ពលរដ្ឋ​ប្រមាណ​ជាង​១៦​លាន​នាក់ ហើយនឹង​កើន​ដល់​ជាង​១៧​លាន​នាក់​នៅ​ឆ្នាំ​២០២៣ និង​ជាង​១៨​លាន​នាក់​នៅ​ឆ្នាំ​២០៣០​។

​ក្នុង​សារលិខិត​នេះ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា តាមរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋ​ភិ​បាល ទាក់ទង​នឹង​ការថែរក្សា​សុខភាព​ប្រជាជន គឺ​អត្រា​មរណភាព​មាតា ក្នុង ១០​ម៉ឺន​កំណើត​រស់ គឺ​បាន​ថយចុះ​ពី ៣១៥​នាក់ ក្នុង​ឆ្នាំ​២០០៥ មក​នៅត្រឹម ២០២​នាក់​ក្នុង​ឆ្នាំ​២០១០ ហើយ​បាន​បន្ត​ធ្លាក់​ចុះមក​ត្រឹម ១៦១​នាក់ នៅ​ឆ្នាំ​២០១៥​។​

​ពិសេស​សុខភាព​មាតា ទារក និង​កុមារ គឺ​បានធ្វើឱ្យ​អត្រា​មរណភាព​បាន​ថយចុះ ពោលគឺ​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៥ អត្រា​មរណភាព​ទារក បាន​ថយចុះ​ពី ៧១​នាក់ មក​៥០​នាក់ ក្នុង​១​ពាន់​កំណើត​រស់​។ ចំណែក​អត្រា​មរណភាព​កុមារ​ក្រោម​អាយុ ៥​ឆ្នាំ បាន​ថយចុះ​ពី ៦៨​នាក់ មក​ត្រឹម ២៩​នាក់ ក្នុងចំណោម​កុមារ ១​ពាន់​នាក់​៕​