បំបែក​សំបុក​ស្ដុក​ម៉ូតូ​ចិន កែ​​ទៅជា​ម៉ូតូ​ហុងដា​ជប៉ុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2018 ក+ ក-

​ភ្នំពេញ ៖ ទីតាំង​ស្តុ​ប​ម៉ូតូ​របស់​ក្រុមហ៊ុន​ចិន​យីហោ B.D បូ​ឌី​ង អ៊ី​ន​វេស​មេន ខូ​អិ​ល​ធី​ឌី មួយកន្លែង ត្រូវបាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់ មាន​ហា​នី​ភ័យ​ខ្ពស់ ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នៃ​ក្រសួងមហាផ្ទៃ ចុះបង្ក្រាប​ដោយ​រកឃើញ​ម៉ូតូ​ប្រមាណ​៤៤៤​គ្រឿង ដែល​សង្ស័យថា លួច​ក្លែងបន្លំ ម៉ូតូ​ម៉ាករ​ហុងដា របស់​ក្រុមហ៊ុន​ហុងដា​។​

ការចុះ​បង្ក្រាប​ទីតាំង លួចលាក់​ក្លែង​ម៉ាក​ម៉ូតូ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១០ និង​៤០​នាទី ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជុ​ត សាម៉ុន អនុប្រធាន​លេខាធិការដ្ឋាន គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហា​នី​ភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុ​វត្តិភាព​សង្គម នៃ​ក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃ​។​
​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មួយ​នេះ​បាន​បន្លំ​ម៉ាក​របស់​ក្រុមហ៊ុន​ហុងដា ដោយ​តម្លើង​ម៉ូតូ​រាប់រយ​គ្រឿង និង​ត្រូវបាន​ក្រុមហ៊ុន​ហុងដា​ប្ដឹង​គណៈកម្មការ​ទើប​សមត្ថកិច្ច​ចុះមក​ឆែកឆេរ បង្ក្រាប​តែម្តង ។​

​តាម​សមត្ថកិច្ច​អោយដឹងថា ក្នុងការ​ឆែកឆេរ សមត្ថកិច្ច​រកឃើញ​ម៉ូតូ​ក្លែងបន្លំ​ម៉ាក​ចំនួន​ជាង ៤៤៤​គ្រឿង ក្នុងនោះ​មាន​ម៉ាក Zoomer-x ចំនួន​២២៤​គ្រឿង , ម៉ាក MSL-S 1 ចំនួន​១០០​គ្រឿង ម៉ាក Scoopy ចំនួន​៣១​គ្រឿង ម៉ាក Ducati ចំនួន​៦៦​គ្រឿង ,​ម៉ាក​ហុងដា Dream ចំនួន​៣​គ្រឿង ម៉ូតូ​ធំ​ផ្សេងៗ​ចំនួន​២០​គ្រឿង​, , តែម Zoomer-x MSL-S1 Scoopy Ducati Dream ចំនួន​៤​កេស ,​ប្រេង​សម្រាប់​លាយ​ប្រេងម៉ាស៊ីន​៣៦​ប្រអប់ និង​គ្រឿងបន្លាស់​មួយចំនួនទៀត​។​

​តាម​នគរបាល​បានអោយដឹងថា ជនជាតិ​ចិន​ចំនួន ២​នាក់​ត្រូវបាន​នាំខ្លួន ទៅ​សាកសួរ ។ ចំណែក​ទីតាំង ត្រូវបាន​កម្លាំងចម្រុះ​ក៏បាន​ប្លុម​បេ ទាំង​ម៉ូតូ​ទុក​បណ្ដោះអាសន្ន​៕