និស្សិត​អា​រា​បី​ត​សា​អូឌីត មក​ស្វែងយល់​ពី​ខ្លឹមចន្ទន៍​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2018 ក+ ក-

​ភ្នំពេញ ៖ ខ្លឹមចន្ទន៍ (Santalum album) កម្ពុជា មានឈ្មោះ​ល្បី​ច្រើន​សតវត្ស​មកហើយ ដែល​ប្រជាជាតិ​នៅលើ ពិភពលោក​ទទួលស្គាល់ ជា​ខ្លឹមចន្ទន៍​មានគុណ​ភាពល្អ​។
​ភាពល្បីល្បាញ​នេះ​បានធ្វើ​ឲ្យ​ប្រទេស​ដែល​និយម​ប្រើប្រាស់​ប្រេង​ខ្លឹមចន្ទន៍​កម្ពុជា បញ្ជូន​​និស្សិត​ថ្នាក់បណ្ឌិត​មកពី​ប្រទេស​អា​រា​បី​ត​សា​អូឌីត ចុះ​កម្មសិក្សា​ពី ដំណាំ​ខ្លឹមចន្ទន៍​កម្ពុជា​។​

​និស្សិត​ថ្នាក់បណ្ឌិត​មកពី​ប្រទេស​អា​រា​បី​ត​សា​អូឌីត ម្នាក់​មក​សិក្សា​ដល់​ចំការ​ដំណាំ ខ្លឹមចន្ទន៍ ក្នុងភូមិ​ក្បៀ​រ ឃុំ​ស្វាយ​រំពារ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រទេស​កម្ពុជា​។​

​លោក អាស​ម៉េ​ត ប៊ិន​មហា​មេ​ត និស្សិត​ថ្នាក់បណ្ឌិត​មកពី​ប្រទេស​អា​រា​បី​ត​សា​អូឌីត ឲ្យ​ដឹង ថា គាត់​មក​ចុះ​កម្មសិក្សា​អំពី​ខ្លឹមចន្ទន៍​របស់​ប្រទេស​កម្ពុជា​នេះ​ដើម្បី​សរសេរ​និក្ខេបបទ​។​

លោក​ថា​នៅ​តំបន់​អារ៉ាប់​រួម គេ​ទទួលស្គាល់​តែ​ខ្លឹមចន្ទន៍​កម្ពុជា​ទេ​ដែល​មានគុណ​ភាពល្អ ច្រើន​សតវត្ស​មកហើយ​។ ប៉ុន្តែ​៣០​ឆ្នាំក្រោយ​មកនេះ ដំណាំ​ខ្លឹមចន្ទន៍​របស់​កម្ពុជា​មិនសូវ​​ផ្តល់​ប្រេង​ខ្លឹមចន្ទន៍​ដែលមាន​គុណភាព​ល្អ​ដូច​មុន​ទេ​។ មូលហេតុ​នេះ​ទើប​គាត់​ចុះមក​សិក្សា អំពី​ការដាំដុះ​ដំណាំ​នេះ នៅ​ខេត្តកោះកុង និង​ខេត្តកំពង់ស្ពឺ ដើម្បី​ចង់ដឹង​ពី​ខ្លឹមចន្ទន៍​ធម្មជាតិ

​មេការ​ចំការ​ដំណាំ​ខ្លឹមចន្ទន៍​នៅ​ភូមិ​ក្បៀ​រ ឃុំ​ស្វាយ​រំពារ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក ស៊ូ សាវុធ អះអាងថា ដំណាំ​ខ្លឹមចន្ទន៍​ក្រស្នា​នេះ ដាំ​លើដី​ទំហំ​១០​ហិកតា មាន​ចំនួន​ជាង​
៣​ម៉ឺន​ដើម ដុះ​រយៈពេល​១០​ឆ្នាំ​មកហើយ​។ ដើម្បី​ប្រមូល​ផល​ខ្លឹមចន្ទន៍​នេះ​ឲ្យ​មាន​
​ប្រសិទ្ធភាព​ខ្ពស់ ត្រូវ​ចេះ​បច្ចេកទេស​ក្នុងការ​ថែទាំ ឲ្យ​បាន​រយៈពេល​៥​ឆ្នាំ​ឡើងទៅ ។​

​លោក អាស​ម៉េ​ត ប៊ិន​មហា​មេ​ត ឲ្យ​ដឹងថា គាត់​ជា​អ្នកសិក្សា​ស្រាវជ្រាវ​ពី​ប្រេង​ខ្លឹមចន្ទន៍​។ គាត់​បាន​ទៅ​សិក្សា អំពី​ខ្លឹមចន្ទន៍ នៅ​ប្រទេស​ឥណ្ឌា ស្រី​ល​ង្ក​កា និយាយ​រួម​ប្រទេស​ដែល ផលិត​ខ្លឹមចន្ទន៍​លក់​ទៅដល់​តំបន់​អារ៉ាប់​រួម ដើម្បី​ប្រៀបធៀប​គុណភាព​ដំណាំ​ខ្លឹមចន្ទន៍​និង​ដើម​ខ្លឹមចន្ទន៍​ដែល​ដុះ​ដោយ​ធម្មជាតិ​។ អ្វីដែល​ល្បី​ខ្លាំង​នៅ​ប្រទេស​អារ៉ាប់ គឺ​ប្រេង​ខ្លឹមចន្ទន៍​កម្ពុជា គុណភាព​ល្អ​ជាង​ប្រទេស​នានា​ទាំងអស់​៕