គណបក្ស​មួយ​ព្រមាន​ដកខ្លួន តែ គ​.​ជ​.​ប ឆ្លើយ​ថា មិន​ប៉ះពាល់​ដល់​ការបោះឆ្នោត​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2018 ក+ ក-

​ភ្នំពេញ ៖ អ្នកនាំពាក្យ គ​.​ជ​.​ប បានបញ្ជាក់ រសៀល​ថ្ងៃទី​១៥ ខែកក្កដា នេះ​ថា ការដកខ្លួន​របស់​គ​ណ​បក្សនយោបាយ​ណាមួយ​ចេញពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ខេ​កក្កដា ខាងមុខនេះ គឺ​មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នោះទេ​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​យ៉ាង​ដូច្នេះ បន្ទាប់ពី​មានការ​ថ្លែង​របស់​គណបក្សនយោបាយ​ដែល​ប៉ុន​ប៉ុង​ដក គណបក្សនយោបាយ​រប​ស់​ខ្លួន​ចេញពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខនេះ ។​

​សូមជម្រាបថា លោក សាម អ៊ី​ន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ​មូលដ្ឋាន បាន​ព្រមាន​ថា គណបក្ស​នេះ នឹង​ដកខ្លួន​ចេញពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន មិន​សហការ​ជាមួយ​គណបក្ស ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​ទេនោះ​។ លោក​បាន​ចោទថា អាជ្ញាធរ មិនបាន​ជួយ​សម្របសម្រួល​ក្បួន​ឃោសនា របស់​គណបក្ស កាលពី​ថ្ងៃទី​១០ កក្កដា នៅ​រាជធានី​ភ្នំពេញ និង​មានការ​គំរាមកំហែង ទៅដល់​សកម្មជន​ដែល​ចែក​ខិ​ត្ត​បណ្ណ​គណបក្ស​នៅ​ខេត្តបាត់ដំបង និង​ខេត្តមណ្ឌលគិរី​។​

​យ៉ាងនាក៏ដោយ លោក ហង្ស ពុទ្ធា បាន​បញ្ចា​ក់ថា បើសិន​ជាមាន​គណបក្ស​ណាមួយ ដកខ្លួន និង​មាន​លិខិត​ជា​លាយ​លក្ខ​អក្សរ​ផ្លូវការ​នោះ គ​.​ជ​.​ប ត្រូវធ្វើ​ការប្រកាស​ជា​សាធារណៈ​ទៅដល់​ប្រជាពលរដ្ឋនៅក្នុង​មណ្ឌលបោះឆ្នោត​ដែល​គណបក្ស​នោះ​បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​។ ប៉ុន្តែ​លោក​ថា មកដល់ពេលនេះ មិនទាន់​ឃើញ​មាន​គណបក្សនយោបាយ​ណាមួយ ដាក់​លិខិត​អំពី​ការដកខ្លួន ជា​លាយ​លក្ខ​អក្សរ​នៅឡើយ​ទេ​៕​

( ​រូបភាព ៖ លោក សាម អ៊ី​ន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ​មូលដ្ឋាន)