ជនសង្ស័យ​ឆក់​កាបូប​ពីរ​នាក់​ជិះ​ម៉ូតូ​គេច​សមត្ថកិច្ច លោត​ចូល​បឹង​កំប្លោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2018 ក+ ក-

ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី ប្រទះឃើញ​សង្ស័យ​ជា​ចោរឆក់ ក៏បាន​ជិះ​ម៉ូតូ​ប្រដេញ​រហូត​មានការ​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ត្រូវរបួស​ដៃ និង​រត់​ទៅក្នុង​បឹង​កំ​ភ្លោ​ក រួច​ក៏​តាម​ចាប់ខ្លួនបាន​ទាំងពីរ​នាក់ ដោយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ពេញ​ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​១០ យប់ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ខាងត្បូង​វត្ត​ឃ្មួញ​ប្រមាណ​៥០​ម៉ែត្រ តាម​បណ្តោយ​ហាណូយ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ទី​១​ដែលជា​អ្នកបើក​ម៉ូតូ​មានឈ្មោះ ហេង ដា​វិត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ទី​២​ដែលជា​អ្នក​អង្គុយ​ក្រោយ​មានឈ្មោះ សេន ឡេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
តាម​ប្រភពពី​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋា​បាល​ភ្នំពេញ​ថ្មី​បាន​ប្រាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ គឺមាន​គេ​រាយការណ៍​តាម​វិទ្យុទាក់ទង​ថា​មាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយគ្រឿង​បានធ្វើការ​សកម្មភាព​ឆក់​កាបូប នៅខាងមុខ​ផ្សារ​ហេង​លី តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​បានសម្រេច ហើយ​ក្រុម​ជនសង្ស័យ​បាន​ជិះ​រត់គេចខ្លួន​ឆ្ពោះ​ឡើងទៅ​ផ្លូវ​៥៩៨ ។

បន្ទាប់ពី​បាន​ដំណឹង​ពី​វិទ្យុទាក់ទង​រួចមក​កម្លាំង​ពួកគាត់​ក៏បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ក្រែង​ជួប ក្រុម​ជនសង្ស័យ​នោះ ជិះ​ម៉ូតូ​គេចខ្លួន​ចូលមកក្នុង​ភូមិសាស្ត្ររ​បស់​គាត់​។ ខណៈ ពេលដែល​ជិះ​ល្បាត​មកដល់​ចំណុច​ផ្លូវ​៥៩៨​កែង​និង​ផ្លូវ​១៩៨៦ ដែលជា​ភូមិសាស្ត្រ​របស់​ពួកគាត់ ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ទាំងពីរ​អ្នក​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង​1J-8936 ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដែលជា​ភិនភាគ​គេ​រាយការណ៍​មក​ប្រាប់ ។ ដោយមាន​ការសង្ស័យ​ទៅលើ​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ កម្លាំង​ពួកគាត់​ក៏​បំរុង​និង​ធ្វើការ​ស្ទាក់​ឃាត់​ដើម្បី​ឆែកឆេរ​និង​សួរនាំ តែ​ពេលដែល​ជនសង្ស័យ​ឃើញ​កម្លាំង​សមត្ថកិច្ច​ក៏បាន​បន្ថែម​ល្បឿន​ជិះ​រត់គេចខ្លួន ហើយ​សមត្ថកិច្ច​ក៏​ធ្វើការ​ជិះ​ប្រដេញ​តាម​ពីក្រោយ​។

បន្ទាប់មក​ពេលដែល​កំពុងធ្វើការ​ជិះ​ប្រដេញ​តាមផ្លូវ ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​នោះ​ក៏បាន​ធាក់​ទៅលើ​ម៉ូតូ​របស់​សមត្ថកិច្ច​ប​ណ្តា​ល​ឲ្យ​ផ្ទុះអាវុធ​បាញ់​មួយ​គ្រាប់​ចំ​ជនសង្ស័យ​ទី​២ ដែល​អង្គុយ​ពីក្រោយ​រងរបួស​ចំ​ដៃ​ខាងស្តាំ​។ ភ្លាមៗ​នោះ​ដែល​ជនសង្ស័យ​មិនបាន​ឈប់​ម៉ូតូ​នោះទេ គឺ​នៅតែ​បន្តដំណើរ​ទៅមុខទៀត រហូតមកដល់​ចំណុច​ទីតាំង​ខាងលើ ជនសង្ស័យ​ទាំងពីរ​នាក់​ក៏បាន​ផ្តួល​ម៉ូតូ ហើយ​សមត្ថកិច្ច​ក៏​ធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទី​១​ដែលជា​អ្នកបើក​ម៉ូតូ​បាន​ភ្លាមៗ​។

ចំណែកឯ​ជនសង្ស័យ​អង្គុយ​ខាងក្រោយ​ដែល​រងរបួស​ដៃ​ខាងស្តាំ​បាន​ងើបរ​ត់ទៅ​លោត​ចូល​ប្រឡាយ​ទឹកស្អុយ​ដែលមាន​ដើម​កំ​ផ្លោក​ដុះ​ទ្រប់​ពេញ​និង​ដើម​ឈូក នៅក្បែរនោះ​លេច​បាត់ស្រមោល ដោយ​បន្សល់ទុក​ដាន​ឈាម​របស់​ជនសង្ស័យ​ស្រក់​ជាប់​និង​ដើម​កំ​ផ្លោក​។ ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច​ក៏បាន​ធ្វើការ​នាំគ្នា​រុករក​ជនសង្ស័យ​ដែល លោតទឹក​ប្រឡាយ​ខាងលើ​អស់​រយៈពេល​មួយ​ម៉ោង​ទើប​ជនសង្ស័យ​ខាងលើ​ព្រម​ងើប​ចេញពី​ទឹក រួច​ក៏ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​

ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​សាកសួរ​និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​បន្ត​នីតិវិធី​នៅពេល​ក្រោយ ៕