រដ្ឋបាលខេត្ត​កំពង់ស្ពឺ ប្រកាស​ឲ្យ​ស្រុក​ទាំង​៨​ត្រៀម​សង្គ្រោះ​ពលរដ្ឋ​ពេល​មាន​ជំនន់​ទឹកភ្លៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2018 ក+ ក-

​កំពង់ស្ពឺ ៖ រដ្ឋបាលខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នេះ បានចេញ​សេចក្ដីជូនដំណឹង​ដល់ អភិបាលក្រុង ស្រុក​ទាំង​៨ ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត និង​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ត្រៀម​បង្ការ និង​សង្គ្រោះ​ក្នុងពេល​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​។​

​លិខិត​របស់លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានដាក់​ចេញ​នូវ​វិធានការ​សំខាន់ ចំនួន​៤​ចំណុច​ដូចខាងក្រោម​៖

​ទី​១៖ រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ត្រៀម និង​យកចិត្តទុកដាក់​លើ​មុខសញ្ញា ដែល​ងាយ​រងគ្រោះ​ដូចជា​៖ កុមារ​តូចៗ​, ចាស់ជរា​, ជនពិការ​ជាដើម ក្នុងការ​ត្រៀម​បម្រុង​រក​ទីទួល​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

​ទី​២៖ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ ត្រូវ​តាមដាន​យក​ចិ​ត្ដ​ដាក់​បង្ការ​ជំងឺ​សត្វពាហនៈ​គ្រប់​ប្រភេទ និង​ជាពិសេស​អន្ដរាគមន៍ ក្នុងការ​សង្គ្រោះ​សន្ទូង សំណាប របស់​ប្រជាពលរដ្ឋ​ដែលមាន​ការខូចខាត ព្រមទាំង​ជួយឧបត្ថម្ភ​គ្រាប់ពូជ​ដល់​ប្រជាកសិករ ដែល​ជួបប្រទះ​ក្នុងការ​លំបាក​នេះ​។​

​ទី​៣៖ មន្ទីរ​សុខាភិបាល​ខេត្ត ត្រូវ​ត្រៀម​ថ្នាំសង្កូវ​សម្រាប់​បង្ការ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​។​

​និង​ទី​៤៖ កងកម្លាំង​ទាំង​៣ ត្រូវ​ត្រៀម​សង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​ទៅតាម​មធ្យោបាយ​ផ្សេងៗ នៅពេល​ដែលមាន​គ្រោះអាសន្ន​កើតឡើង​។​

​យ៉ាងណាមិញ ឯកឧត្តម អភិបាលខេត្ត​កំពង់ស្ពឺ ក៏បាន​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជន​ឱកាស​ធ្វើអំពើ​ចារកម្ម លួច ឆក់ ទ្រព្យសម្បត្ដិ ឬ​បង្ក​ឲ្យ​មាន​បាតុភាព​ផ្សេងៗ​ងាយស្រួល​ក្នុងការ​ទប់ស្កាត់​អោយបាន​ទាន់ពេលវេលា​៕