ជំនន់​ទឹកភ្លៀង​កំពុង​គំរាមកំហែង​ខេត្ត​ចំនួន​៥ របស់​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2018 ក+ ក-

​ភ្នំពេញ ៖ តំបន់​មួយចំនួន​ក្នុង​ខេត្ត​ចំនួន​៥ របស់​ប្រទេស​កម្ពុជា គឺ​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និង​ខេត្តបាត់ដំបង កំពុង​រង​ការ​គម​រាម​កំហែង​ដោយ​ជំនន់​ទឹកភ្លៀង ហើយ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​គួរ​ឲ្យ​កត់សម្គាល់​។​

យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុង​ចំនួន​ដែល​ប្រឈម​ខ្លាំងជាងគេ គឺ​កោះកុង ស្រុក​ចំនួន​៤ នៃ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ រួមមាន ស្រុក​ថ្មបាំង ស្រុក​កោះកុង ស្រុកស្រែ​អំបិល និង​ស្រុក​មណ្ឌលសីមា ត្រូវ​ជំនន់​ទឹកភ្លៀង​ជន់​លិច ខ្លាំង​អស់​រយៈពេល​ជាង​៣​ថ្ងៃ​មកហើយ​។ ក្នុងនោះ​ប្រជា​ពល​រដ្ឋា​ជាង​៣០០​គ្រួសារ នៅក្នុង​ស្រុក​ទាំងនេះ ត្រូវបាន​ជន្លៀស ទៅកាន់​ទីទួល​សុវត្ថិភាព​។

​លោក កែវ វី នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បញ្ជាក់ថា ដូចគ្នា​ដែរ នៅ​ខេត្តកំពង់ស្ពឺ នៅ​មិនទាន់មាន​ផលប៉ះពាល់​ខ្លាំង​នៅឡើយ ខណៈ​ខេត្ត​មួយ​នេះ មាន​ទំនប់ និង​ទ្វារ​ទឹកជា​ច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក ហើយ​ពេលនេះ​ទើបតែ​បើកទ្វារ​ទឹក​ចំនួន ២​ប៉ុណ្ណោះ​។

ទោះយ៉ាងណា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក កែវ វី បញ្ជាក់ថា មកទល់ពេលនេះ នៅ​មិនទាន់មាន​របាយការណ៍​រួម​ជាក់លាក់ ស្តីពី​ទំហំ​នៃ​ការខូចខាត ដែល​បណ្តាលមកពី​ជំនន់​ទឹកភ្លៀង​នៅឡើយ​ទេ​៕