អាកាសធាតុ​ប្រែប្រួល តែ​ផល​នេសាទ​សមុទ្រ​មាន​លក់​ធម្មតា​លើ​ទីផ្សារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2018 ក+ ក-

ខេត្ត​ព្រះសីហនុ​៖ សកម្មភាព​លក់ដូរ​ផល​នេសាទ​សមុទ្រ​ជា​មូលដ្ឋាន​នេះ គឺមាន​ដំណើរការ​ជាធម្មតា បើទោះបី​ស្ថានភាព​ធាតុអាកាស​មិនសូវ​អំណោយផល ដោយមាន​ភ្លៀង និង​ខ្យល់ព្យុះ​បោកបក់​ខ្លាំង​បែបណា​ក្តី​។​

​ងាក​មក​អាជីវករ​ផ្សារលើ​បាន​ឲ្យ​ដឹងថា ត្រី ក្តាម មឹក និង​បង្គា​ជាដើម មាន​លក់​ជាធម្មតា​នៅលើ​ទីផ្សារ ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​អ្នកគ្រប់គ្រង​ផ្សារលើ ក្រុងព្រះសីហនុ នៅ​ថ្ងៃ​១៨ ខែកក្កដា ឆ្នាំ​២០១៨​។​

​អ្នកនេសាទ​សមុទ្រ​មួយចំនួន ក៏បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ដែរ​ថា រាល់ថ្ងៃនេះ ទូក​នេសាទ​បានចេញ​នេសាទ​ជាធម្មតា ព្រោះ​មិនមាន​ខ្យល់​កន្ត្រាក់ ឬ​ខ្យល់ព្យុះ​កើតឡើង​ធំដុំ​ទេ​៕

​យ៉ាងនេះ​ក្តី សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាន​រំលឹក​ដល់​បងប្អូន​ប្រជា​នេសាទ​សមុទ្រ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ពេលចេញ​ធ្វើ​របរ​នេសាទ​សមុទ្រ ជាពិសេស​ត្រូវមាន​ឧបករណ៍​សង្គ្រោះ​បឋម ដាក់​តាម​ទូក​ជាប្រចាំ ដើម្បី​ការពារ​ខ្លាច​មាន​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​ជាយថាហេតុ​។​

​ទាក់ទិន​បញ្ហា​អាកាសធាតុ​នេះដែរ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា សប្តាហ៍​កន្លងទៅនេះ មាន​កម្មករ​នេសាទ​ម្នាក់ រស់នៅ​ស្រុក​ស្ទឹងហាវ បាន​ធ្លាក់ទឹក​ស្លាប់​ពេលចេញ​ធ្វើ​នេសាទ និង​មាន​ទូក​នេសាទ​១​គ្រឿង​ទៀត បាន​លិច​នៅក្នុង​លំហ​សមុទ្រ ប៉ុន្តែ​អ្នកនេសាទ​ចំនួន​៣​នាក់ ដែល​នៅលើ​ទូក​នេសាទ​នោះ ត្រូវបាន​ទូក​នេសាទ​ដូចគ្នា​ជួយសង្គ្រោះ​ទាន់ពេលវេលា​៕​