ទឹកភ្លៀង​កំពុងជន់​លិច​ឃុំ​ព្រៃ​រំដួល និង​ឃុំ​តាំង​ខ្យា ស្រុក​ភ្នំស្រួច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 July, 2018 ក+ ក-

​កំពង់ស្ពឺ ៖ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ស្ថិតនៅ​ឃុំ​ព្រៃ​រំដួល​និង​ឃុំ​តាំង​ខ្យា​ស្រុក​ភ្នំស្រួច​ដែលមាន​កម្ពស់​ទឹក​ជន់​លិច​កើនឡើង​រហូត​កម្ពស់​១​ម៉ែត្រ ។​

​លោក វ៉ី សំណាង បាន​អោយកម្លាំង​មាន​សមត្ថកិច្ច អាជ្ញា​​ស្រុក ត្រូវ​ត្រៀម និង​យកចិត្តទុកដាក់​លើ​មុខសញ្ញា ដែល​ងាយ​រងគ្រោះ​ដូចជា​៖ កុមារ​តូចៗ​, ចាស់ជរា​, ជនពិការ​ជាដើម ក្នុងការ​ត្រៀម​បម្រុង​រក​ទីទួល​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

​លោក វ៉ី សំណាង បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា​អាជ្ញាធរខេត្ត អាជ្ញាធរ​ស្រុក ឃុំ សង្កាត់ បាននិងកំពុង​យកចិត្តទុកដាក់​បំផុត​ចំពោះ​សុវត្ថិភាព​របស់​បងប្អូន ហើយ​ក៏បាន​ត្រៀម​វិធានការ​ដោះស្រាយ ទប់ស្កាត់ ចំពោះ​គ្រោះធម្មជាតិ​មួយ​នេះហើយ ដើម្បី​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា ។​

​ជាមួយគ្នានេះ​ដែល​ឯកឧត្តម ក៏បាន​ផ្តាំផ្ញើ ដល់​បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន​ពី​បញ្ហា​សុខភាព ដោយ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ជាពិសេស ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់ ក្មេង​តូចៗ នៅពេល​មាន​ខ្យល់ ឬ ភ្លៀង ហាម​ជ្រក​ក្រោម​ដើមឈើ និង​ប្រយ័ត្ន​ចំពោះ​ពពួកសត្វ​មាន​ពិស​ជាដើម​។​

​លោក​បាន​បញ្ជាក់ថា​ថ្មីៗ​នេះ​ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅក្នុង​ស្រុក​ភ្នំស្រួច​ទាំងមូល​ដែលជា​ហេតុ​បង្កអោយមាន​ទឹកជំនន់ ក្នុង​ឃុំ​ចំនួន​០៧ ក្នុងស្រុក​ភ្នំស្រួច (​ឃុំ ក្រាំង​ដី​វ៉ា​យ ត្រែងត្រយឹង តាំង​ស្យា តាំង​សំរោង ដំបូក​រូង ព្រៃ​រំដួល​និង ឃុំ​ចំបក់​) ស្មើនឹង​២៣​ភូមិ ក្នុងនោះ​បណ្តាលអោយ​លិច​ដល់ផ្ទះ​របស់​ប្រជាពលរដ្ឋ ចំនួន​០៨ ភូមិ និង​បណ្តាលអោយមាន​ផលប៉ះពាល់​ដូចខាងក្រោម​៖
– លិច​ដំណាំ​ស្រូវ​សរុប​ចំនួន ៤៩០,៥ ហិកតា​
– ចំការ​ស្វាយ​សរុប​ចំនួន ២៥២ ហិច​តា
– ដំណាំ​រួមផ្សំ​សរុប​ចំនួន​១៥​ហិច​តា​
– ច្រោះ​ផ្លូវ​សរុប​ចំនួន ១៤​កន្លែង ស្មើនឹង​១៣៣៥​ម៉ែត្រ​
– ដាច់​ផ្លូវ​ចំនួន​១៣ កន្លែង ស្មើនឹង​៧០ ម៉ែត្រ​
– បាត់​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ចំនួន​០៧ ក្បាល​មិនទាន់​រកឃើញ​នោះទេ​៕