អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ដុត​កម្ទេច​ទូ​ហ្គេមដែល​រឹបអូសពី​ទីតាំង​​បើក​​លួចលាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 July, 2018 ក+ ក-

​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ បានរៀបចំ​ពិធី​វាយកំទេច​ទូ​ហ្គេម ចំនួន​១០​ទូ​( ទូ​ហ្គេម​បៀ ទូ​ហ្គេ​សសេះ​) ដែល​បាន​រឹបអូស ពី​ម្ចាស់​ទីតាំង​លួច​បើក​ខុសច្បាប់ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​។​

​ក្នុងឱកាស​នោះ មាន​វត្តមាន​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​, លោក ម៉ៅ សឿត អធិការ​ស្តីទី​, លោក គិត សុផល មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ និង​លោក​ចៅសង្កាត់​ទាំង​៨ កងកម្លាំងប្រដាប់អាវុធ​សាលា ជា​ច្រើ​រូប​ទៀត​។​

​បើតាម​លោក​អភិបាលខណ្ឌ​ច្បារអំពៅ ដែល​បាន​ដឹកនាំ​កម្លាំង​ក្នុងការ​បង្ក្រាប និង​រឹបអូស​ទូរ​ហ្គេម​ទាំងអស់នេះ​កន្លងមក បាន​ឲ្យ​ដឹងថា កម្លាំង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ បានធ្វើការ​ចុះបង្ក្រាប និង​រឹបអូស​ទូ​ហ្គេម​ទាំងនេះ ពី​តាម​សង្កាត់​។​

​លោក​អភិបាលខណ្ឌ បាន​បន្តទៀតថា ការបង្ក្រាប​កន្លែង​បើក​ហ្គេម ជាពិសេស​ហ្គេម​បាញ់​ត្រី​នេះ ព្រោះ​វា​ជា​ប្រភព​នៃ​ល្បែងស៊ីសង ដែល​បាន​បង្ក​ផលប៉ះពាល់ ដល់​ការសិក្សា​របស់​សិស្ស ធ្វើ​ឲ្យ​ពួកគេ​គេចវេស ការរៀនសូត្រ ពី​សាលារៀន ហើយ​ល្បែង​ទាំងនេះ ក៏​ជា​ប្រភព​នៃ​បទល្មើស​ផ្សេងៗ ដូចជា​លួច ឆក់ ប្លន់​ផងដែរ​។​

​ដោយឡែក​ចំពោះ​ម្ចាស់​ទីតាំង​វិញ ត្រូវបាន​អភិបាល​រូបនេះ បាន​បញ្ជាក់ថា ខាង​សាលាខណ្ឌ បានធ្វើ​ការអប់រំ និង​ណែនាំ​ដល់​ពួកគាត់ មិន​ឲ្យ​បើក​អាជីវកម្ម​របៀបនេះ​តទៅទៀត​ទេ ព្រោះ​វា​ផ្ទុយ​ទៅ និង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ស្តីពី​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព ដែល​មិន​ឲ្យ​កើតមាន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន ហើយ​ម្ចាស់​ទី​តាំ​ទាំងនោះ បានធ្វើ​កិច្ចសន្យា ជាមួយ​អាជ្ញាធរ​ឈប់​ប្រក​បរបរ​នេះ​ទៀតហើយ​។​

​ក្នុងនាម​អាជ្ញាធរ ក៏ដូចជា​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ទាំងមូល លោក​អភិបាល ចេង មុនី​រ៉ា បាន​សន្យាថា នឹង​បន្តសកម្មភាព​បង្ក្រាប ជា​បន្តបន្ទាប់​ទៅ​ថ្ងៃមុខ​បន្ថែមទៀត ព្រោះ​អាជ្ញាធរ ជា​អ្នកបំរើ​ប្រជារាស្ត្រ បើ​រវល់​គិតតែ​ខ្លាច​អំណាច ឬ​បុណ្យ​សក្តិ​របស់​អស់លោក​ជា​អ្នកធំៗ មួយចំនួន តើ​ប្រជារាស្ត្រ​ផ្ញើ​ក្តី​រំពឹង និង​សេចក្តីទុកចិត្ត ទៅលើ​អ្នកណា​បាន​ទៀត​ទៅ​ថ្ងៃមុខ​៕