ក្លឹប​អ្នកកាសែត​កម្ពុជា​បើក​កិច្ចពិភាក្សា​ស្តីពី ព័ត៌មាន​ក្លែងបន្លំ និង​ការបោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2018 ក+ ក-

​ភ្នំពេញ ៖ ក្លឹប​អ្នកកាសែត​កម្ពុជា ( ក អ ក ) នឹង​បើក​កិច្ចពិភាក្សា​ពិសេស​មួយ​ស្តីពី «​ព័ត៌មាន​ក្លែងបន្លំ​និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ » ខណៈដែល​កិច្ចពិភាក្សា​នេះ​នឹង​រៀបចំ​ធ្វើ ឡើង​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​១១ និង​០០ នាទី​ថ្ងៃត្រង់ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ II ក្បាល់​ថ្នាល់ ។​

គោលបំណង​នៃ​កិច្ចពិភាក្សា​នេះ​គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន​បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ រួមទាំង​រិះ រក​វិធាន​ការបន្ថយ​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​ដែល កំពុង​កើតមាន​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​នៅ​កម្ពុជា ។​

ក្លឹប​អ្នកកាសែត​កម្ពុជា ផ្តួចផ្តើម​រៀបចំ​កិច្ចពិភាក្សា​នេះ​ឡើង បន្ទាប់ពី បាន​សង្កេត ឃើញថា ព័ត៌មាន​ក្លែងបន្លំ បាន និង​កំពុង​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ហើយ​កាន់តែច្រើន ឡើង​តាម​បណ្តាញ​ព័ត៌មាន មួយចំនួន ហើយ​ព័ត៌មាន​ទាំងនោះ​ក៏ត្រូវ​បាន​គេ​យកមកចែក​រម្លែក ផ្សព្វផ្សាយ​បន្តទៀត ។​

ដូច​យើង​ដឹង​ទាំងអស់គ្នា​ហើយ​ថា ព័ត៌មាន​ក្លែងបន្លំ​មិន​គ្រាន់តែ​ជៈ​ឥទ្ធិពល​លើ​វិស័យ នយោបាយ​និង សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិជ្ជាជីវៈ ក្រមសីលធម៌​សារ ព័ត៌មាន ក្នុង ដំណើរ​ឆ្ពោះទៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ រួមទាំង​ដំណើរ ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ នេះ​ថែមទៀត ។​

កអក បាន​អញ្ជើញ​វាគ្មិន​កិត្តិយស​មកពី​ក្រសួង​ព័ត៌មាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត ( គ​.​ជ​.​ប ) រួមទាំង​អ្នកសារព័ត៌មាន​ល្បីៗ ចូលរួម​ក្នុង​កិច្ចពិភាក្សា​ខាងលើនេះ ។ កអក នឹង​បើកទូលាយ​សម្រាប់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចូលរួម​យក​ព័ត៌មាន​និង ពិភាក្សា​ផ្តល់យោបល់ ឬ​លើក​ជា​សំណួរ​ទាក់ទង​នឹង​ប្រធានបទ​នៃ​កិច្ចពិភាក្សា​ដ៏​មាន​សា​រះ​សំខាន់ នេះ​ផងដែរ​៕​