មន្ទីរពេទ្យ​ជោ​រី និង​ក្រុមហ៊ុន​ឱសថ​ឯកជន បើក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ទីរពេទ្យ​ជោ​រី ភ្នំពេញ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឱសថ DHG Pharma ( ឌី​អេ​ច​ជី ហ្វា​ម៉ា ) ប្រចាំ​កម្ពុជា ពិនិត្យ​និង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១​ពាន់​នាក់ ។ កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​កម្ពុជា បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី ២៤ កក្កដា ឆ្នាំ ២០១៨ នៅ​មន្ទីរពេទ្យ​ជោ​រី​រាជធានី​ភ្នំពេញ ដោយមាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ចូលរួម​មក​ពិនិត្យ​ជា​បន្តបន្ទាប់ ។

​លោក សៀក កែ​វរិ​ន តំណាង​ក្រុមហ៊ុន​ឱសថ DHG Pharma បាន​មានប្រសាសន៍ថា ក្នុង​កិច្ចសហការ​នៅពេលនេះ មិនមែនជា​លើក​ទី​១​សម្រាប់​ក្រុមហ៊ុន​ឱសថ​នេះ​នោះទេ ។ ក្រុមហ៊ុន​ខ្លួន​បានរៀបចំ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​រយ​ពាន់​នាក់ នៅតាម​បណ្ដា​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា ។

​លោក​បន្តថា សកម្មភាព​មនុស្សធម៌​ដោយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា នៅក្នុង​ពេលនេះ​គឺ​ដោយសារតែ​ភាគី​ទាំងពីរ គឺ ក្រុមហ៊ុន​ឱសថ DHG Pharma និង​មន្ទីរពេទ្យ​ជោ​រី​ភ្នំពេញ មាន​ចក្ខុវិស័យ​ដូចគ្នា ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។

​លោក​វេជ្ជបណ្ឌិត ត្រាន់ ថា​ញ់​ទុង ប្រធាន​ចាត់ការ​ទូទៅ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ បាន​ឲ្យ​ដឹងថា កិច្ចសហការ​គ្នា​នេះ នឹង​ជួយ​ដល់​ប្រជាជន​ក្រីក្រ ឱ្យទទួល​បាន​សេវា​ពិនិត្យ និង​ព្យាបាល ជាមួយនឹង​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស ព្រមទាំង​ទទួលបាន​ឱសថ ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់ ដោយ​ឥតគិតថ្លៃ ដែល​កម្មវិធី​សប្បុរសធម៌​នេះ នឹងត្រូវ​បែងចែក​រៀបចំ​ធ្វើឡើង ចំនួន​១២​លើក ក្នុង​ឆ្នាំ​២០១៨ ។​

​លោក​បន្តថា កន្លងមក​មន្ទីរពេទ្យ​ជោ​រី ភ្នំពេញ តែងតែ​ផ្ដល់នូវ​កម្មវិធី​សប្បុរសធម៌​បែបនេះ ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ពុំមាន​លទ្ធភាព ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដែលមាន​ឧបករណ៍​ទំនើប​ដូច​មន្ទីរពេទ្យ​ជោ​រី ដើម្បី​បាន​សេវាកម្ម​បែបនេះ ។​លោក​ថា នេះ​ជា​គឺជា​ទំនួល​ខុសត្រូវ​មួយ​របស់​មន្ទីរពេទ្យ​ជោ​រី បង្កើតឡើង​ក្នុងប្រទេស​កម្ពុជា ដើម្បី​ជួយ​ប្រជាជន​កម្ពុជា ៕