អ​តី​តៈ​ប្រធានាធិបតី​ហ្វីលីពីន ជាប់ឆ្នោត​ជា​ប្រធានសភា​តំណាងរាស្ត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2018 ក+ ក-

​ហ្វីលីពីន ៖ អ​តី​តៈ​ប្រធានាធិបតី ហ្វីលីពីន លោកស្រី Gloria Macapagal Arroyo ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានសភា​តំណាងរាស្ត្រ ជំនួស​លោក ប៉ាន​តា​ឡេ​អន អាល់​វ៉ា​រ៉ែ​ស ជា​អ្វីដែល​មនុស្ស​ទាំងឡាយ​មើលឃើញថា បំណង​បង្កើន​អំណាច​របស់លោក​ប្រធានាធិបតី រ៉ូ​ទ្រី​ហ្គោ ឌូ​តឺ​តេ ។

តំណាង​ជា​ប្រធានសភា​របស់​សម្ព័ន្ធមិត្ត​លោក ឌូ​តឺ​តេ មាន​សារសំខាន់​សម្រាប់​លោក​ប្រធានាធិបតី ក្នុង​ការធានា​មាគ៌ា​នយោបាយ​សំខាន់ៗ ដូចជា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាដើម ។ លោកស្រី Gloria Macapagal Arroyo អាយុ 71 ឆ្នាំ ជា​អ្នក​ធ្លាប់​កាន់ដំណែង​ជា​ប្រធានាធិបតី​ពី​ឆ្នាំ 2001 ដល់​ឆ្នាំ 2010 ជា​ពេលដែល​លោកស្រី​ត្រូវបាន​ឃុំឃាំង​អស់​រយៈពេល 5 ឆ្នាំ​ក្រោម​បទ​ពុករលួយ បាន​ស្បថ​ចូលកាន់​ដំណែង​ជា​ប្រធានសភា ក្រោយ​ការបោះឆ្នោត​ដោយ​សំឡេងគាំទ្រ 184 ទល់នឹង 48 សំឡេង​ជំទាស់ និង​12​សំឡេង​អនុប្បវាទ ។​

លោកស្រី Gloria Macapagal Arroyo បាន​ត្រឡប់​ទៅកាន់​តួនាទី​មាន​ឥទ្ធិពល​បំផុត​ទី​4​ក្នុងប្រទេស ហ្វីលីពីន ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ឲ្យ​អំណាច​របស់លោក​ប្រធានាធិបតី​កាន់តែ​កើនឡើង​ដោយសារតែ​ឥទ្ធិពល​នយោបាយ​របស់​លោកស្រី និង​ជា​អ្នកមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​សំខាន់ៗ​ដែល​រិះគន់​លោក ឌូ​តឺ​តេ ពិសេស​អាចារ្យ​សាសនា​គ្រិស្ត​ដ៏​មាន​ឥទ្ធិពល​ក្នុងប្រទេស​នេះ ។

អ្នកវិភាគ​នយោបាយ​មួយចំនួន​ជឿថា លោកស្រី Gloria Macapagal Arroyo ជា​មនុស្ស​មានបទពិសោធន៍​ច្រើន និង​មាន​ឥទ្ធិពល​ក្នុង​បរិយាកាស​នយោបាយ ដែល​អាច​ដល់​ការផ្លាស់ប្ដូរ​ណាមួយ​ដែល​លោក ឌូ​តឺ​តេ ចង់បាន ហើយ​នៅ​ទីបំផុត អាច​ស្វះ​ស្វែងរក​តំណែង​ជា​ប្រធានាធិបតី នៅពេលដែល​លោក ឌូ​តឺ​តេ បញ្ចប់​អាណត្តិ ។

លោកស្រី Gloria Macapagal Arroyo ដែលជា​ប្រធានសភា​ស្ត្រី​លើកដំបូង​សម្រាប់​ប្រទេស ហ្វីលីពីន បានចេញ​សេចក្ដីថ្លែងការណ៍​លើកដំបូង​ដោយ​បញ្ជាក់​ពី​ការប្ដេជ្ញា​អនុវត្ត​តួនាទី និង​គោរព​ចំពោះ​ការគាំទ្រ​ពី​សំណាក់​សមាជិកសភា​បាន​បោះឆ្នោត​ផ្ដល់​តួនាទី​នេះ ។

​បច្ចុប្បន្ន មាន​និ​ន្ន​ការកែប្រែ​រដ្ឋធម្មនុញ្ញ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស ហ្វីលីពីន មាន​នាយករដ្ឋមន្ត្រី ហើយ​ប្រសិនបើ​វិសោធនកម្ម​ជោគជ័យ លោកស្រី Gloria Macapagal Arroyo នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី មុនពេល​បោះឆ្នោត​ប្រធានាធិបតី ៕