កងទ័ព​ស៊ី​រី បង្កើន​ប្រតិបត្តិការ​យោធា​ខិតចូល​ទៅជិត​ព្រំដែន អ៊ីស្រាអែល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2018 ក+ ក-

​ស៊ី​រី ៖ កងទ័ព​រដ្ឋាភិបាល ស៊ី​រី បង្កើន​ប្រតិបត្តិការ​យោធា​ខិតចូល​ទៅជិត​ព្រំដែន អ៊ីស្រាអែល ដោយ​យន្តហោះ​រដ្ឋាភិបាល វាយប្រហារ​យ៉ាងខ្លាំង​ទៅលើ​ទីតាំង​ដែល​រដ្ឋាភិបាល​អះអាងថា​ជា​កន្លែង​លាក់ខ្លួន​របស់​ជីវពល​ក្រុម​រដ្ឋ​ឥស្លាម ។

​ក្នុងចំណោម​គោលដៅ​វាយប្រហារ​ជាច្រើន​មាន​ទីប្រជុំជន ណា​វ៉ា របស់​ប្រទេស ស៊ី​រី ស្ថិតនៅ​ភាគ​ឥសា​ន្ត្រ​ប្រទេស អ៊ីស្រាអែល ។ កាលពី​ថ្ងៃ ច័ន្ទ យន្តហោះ អ៊ីស្រាអែល ក៏​បើក​ការវាយប្រហារ​ផងដែរ​ទៅលើ​ទីតាំង​កងទ័ព​រដ្ឋាភិបាល ស៊ី​រី បន្ទាប់ពី​ទាហាន​ថ្មើរជើង​រដ្ឋាភិបាល ស៊ី​រី ខិត​កាន់តែ​ជិត​ទៅកាន់​ខ្ពស់​រាប Golan Heights ជា​តំបន់​គ្រប់គ្រង​ដោយ អ៊ីស្រាអែល ។

​ប្រទេស អ៊ីស្រាអែល ធ្វើ​អន្តរាគមន៍​កាន់តែច្រើន​ទៅក្នុង​សង្គ្រាមស៊ីវិល​នៅ ស៊ី​រី នៅពេលដែល​កងកម្លាំង អ៊ីរ៉ង់ ចូលរួម​ជួយ​រដ្ឋាភិបាល ស៊ី​រី ជា​អ្វីដែល​ប្រទេស អ៊ីស្រាអែល អះអាងថា បង្ក​ការ​គំរាម​ធ្ងន់ធ្ងរ​ដល់​ប្រទេស អ៊ីស្រាអែល ។ កាលពី​ថ្ងៃ អាទិត្យ ទាហាន អ៊ីស្រាអែល បាន​ចូលទៅ​ក្នុងប្រទេស ស៊ី​រី ជម្លៀស​សមាជិក​អង្គការ​ជួយសង្គ្រោះ​មួយ​ដែល​គេ​ស្គាល់​ថា ក្រុម​មួ​កស និង​បញ្ជូន​ឆ្លងកាត់​ព្រំដែន​ចូលទៅក្នុង​ប្រទេស លី​បង់ នៅពេលដែល​ក្រុម​មួ​កស ជួបនឹង​គ្រោះថ្នាក់​ដោយសារ​ការវាយប្រហា​រ​យ៉ាងខ្លាំង​រវាង​ទាហាន​រដ្ឋាភិបាល ស៊ី​រី និង​ក្រុម​ជីវពល​រដ្ឋ​ឥស្លាម​ក្បែរ​តំបន់ Golan Heights ។

​ក្រុម​មួ​កស ត្រូវបាន​បស្ចិមប្រទេស​សរសើរ ចំពោះ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជន​ស៊ីវិល​រាប់ពាន់នាក់​ក្នុង​តំបន់​មាន​ជម្លោះ ប៉ុន្តែ​អ្នក​ទាំងនោះ ប្រឈម​នឹង​គ្រោះថ្នាក់ ដោយសារ​តែង​ចូលទៅ​កាន់​តំបន់​ដែល​កំពុងមាន​ការប្រយុទ្ធ​គ្នា ។ សមាជិក​ក្រុម​មួ​កស ត្រូវបាន​គេ​អះអាងថា នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​ប្រទេស អង់គ្លេស អាល្លឺម៉ង់ និង កាណាដា ដែលជា​គម្រោង​តាំងទី​លំនៅ​ថ្មី​៕