អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ ជួបគ្នា​ពិភាក្សា​ពី​សុវត្ថិភាព​ឱសថ និង​សុខភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2018 ក+ ក-

​ភ្នំពេញ ៖ សមាគម​អ្នកលក់​ឱសថ​កម្ពុជា សហការ​បច្ចេកទេស ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការគាំទ្រ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង ក្រសួងសុខាភិបាល បានរៀបចំ​ឱ្យមាន​ការបណ្តុះបណ្តាល មូលដ្ឋាន សម្រាប់​អ្នកលក់​ឱសថ តាម​ឱសថស្ថាន ដើម្បី​បង្កើន​នូវ​ចំណេះ ដឹង​ដល់​អ្នកលក់​ឱសថ ក្នុង​ការធានា បាន​នូវ គុណភាព ប្រសិទ្ធភាព និង សុខមាលភាព​ប្រជាពលរដ្ឋ​។​

​លោក ឡី សុភាព ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន បានលើកឡើង​នៅក្នុង​ពិធី ប្រគល់​វិញ្ញាបនបត្រ​មូលដ្ឋាន សម្រាប់​អ្នកលក់​ឱសថ តាម​ឱសថដ្ឋាន នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥​ខែកក្កដា​ន​នេះ​ថា ការផ្តល់ជូន​ការបណ្តុះបណ្តាល​នេះ គឺជា​ការគិតគូរ ពី​សុវត្ថិភាព សុខភាព ប្រជាពលរដ្ឋ និង​ជាការ​បង្ការ​ហានិភ័យ​ជាយថាហេតុ​ដែល​ផ្តើមចេញពី​អ្នកលក់​គ្មាន​វិជ្ជាជីវៈ និង​ការប្រើប្រាស់​ឱសថ​។ លើស​ពិ​នេះ​ក៏​ជាការ​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស បម្រើឱ្យ​វិស័យ​សុខាភិបាល ក៏ដូចជា​ពង្រឹង​សេវាកម្ម​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរ​។​

​លើសពីនេះ ក៏​ជាការ​ពង្រឹងសមត្ថភាព ជំនាញ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ដល់​អ្នកលក់​ឱសថ​ទាំងអស់ ទាំង​ចំណេះដឹង ចំណេះធ្វើ កម្រិត​មូលដ្ឋាន ដើម្បីឱ្យ​រាល់​ការលក់​ឱសថ​មានការ​ទទួលខុសត្រូវ និង​គិតពី​សិ​វត្ថិ​ភាព សុខភាព​ប្រជាពលរដ្ឋ​។​

​នាឱកាស​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​កត់សម្គាល់ថា នៅមាន​អ្នកលក់​ឱសថ មួយចំនួន​មិនទាន់មាន​ចំណេះដឹង​គ្រប់គ្រាន់​នៅឡើយ ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់ បង្កើន​ចំណេះដឹង​បន្ថែម​ពី​អ្នកពាក់ព័ន្ធ ព្រោះថា ឱសថ​ជា​អាវុធ​មុខ​ពីរ ប្រើប្រាស់​មិនត្រូវ​វា​នឹង​ធ្វើឱ្យ​មនុស្ស​ស្លាប់​។​

​ឯកឧត្តម អភិបាល​បន្តថា មនុស្ស​តែងតែមាន​ជំងឺ​ជាមិនខាន បើទោះជា​ចំណាយ​ថវិកា​ប៉ុន្មាន​ក៏ដោយ ក៏​ត្រូវតែ​ចាយវាយ​នោះដែរ ដោយ​ជឿជាក់​ទៅលើ​គ្រូពេទ្យ និង​ឱសថការី​ទាំងអស់ ដូច្នេះ ដើម្បី​កុំឱ្យ​ប្រជាជនមាន​ជំនឿ​ទុកចិត្ត គ​ម្បី​ត្រូវមាន​ចំណេះដឹង​គ្រប់គ្រាន់ ក្នុង​ការធ្វើ​អាជីវកម្ម លើ​ផ្នែក​ឱសថ​នេះ ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជៀសវាង​អ្នកជំងឺ​ចាយលុយ​អស់ពី​ខ្លួន​ហើយ អស់ទាំង​អាយុជីវិត​ថែមទៀត នោះ​។

​លោក អភិបាល សុំឱ្យ​អ្នកលក់​ឱសថ​នៅ​កម្ពុជា​ទាំងអស់ យកចិត្តទុកដាក់​ពី​សុខភាព​ប្រជាជន ពិសេស អ្នកជំងឺ ដើម្បីឱ្យ​គាត់​ចំណាយ​ថវិកា ហើយ​ទទួលបាន​នូវ​សុខភាព​ល្អប្រសើរ​ឡើងវិញ​។ ការ​ផ្តល់នូវ​ការបណ្តុះបណ្តាល និង ការប្រគល់​នូវ​វិញ្ញាបនបត្រ​នៅថ្ងៃនេះ ក៏​ជាការ​បញ្ជាក់​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុងការ​ជម្រុញ និង​បង្កើន​ចំណេះដឹង​លើ​ផ្នែក​ឱសថ ដើម្បី​ធានា​នូវ​គុណភាព សិ​វត្ថិ​ភាព និង​សុខ​មាន​ល​ភាព​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា សិក្ខាកាម​ដែលជា​ឱសថការី បានទទួល​ការបណ្តុះបណ្តាល​កម្រិត​មូលដ្ឋាន នូវ​ចំណេះដឹង​ផ្នែក​ឱសថការី និង​ទទួល​វិញ្ញាបនបត្រ នៅថ្ងៃនេះ​មាន​ចំនួន​៧០៣​នាក់ ក្នុងនោះ​ស្រី​៤៤៣​នាក់ ។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​១០​ខែ គិត​ចាប់ពី​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នា​២០១៧​រហូតដល់​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៨ នៅ​សមាគម​អ្នកលក់​ឱសថ​កម្ពុជា លើ​មុខវិជ្ជា វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ ៕​