ស្ទឹងត្រែង ៖ គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានបន្តជន់លិចចូលភូមិឋានប្រជាពលរដ្ឋយើងមួយចំនួនបន្ថែមទៀត ដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ នេះបើតាមការឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម ។
ក្រសួងធនធានទឹកបានឲ្យដឹងថា គិតត្រឹមម៉ោង១២៖៣០នាទីថ្ងៃនេះ ទឹកជំនន់បានលិចចូលភូមិសរុបចំនួន១៧ភូមិ ក្នុងឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ ខណៈទឹកទន្លេសេកុង បានបន្តកើនឡើងដល់កម្ពស់ ១១.៣៨ ម៉ែត្រ (កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ) ។ អាជ្ញាធរខេត្តកំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព។
សារព័ត៌មានThe Vientiane Times បានរាយការណ៍ថា សាកសពមនុស្ស១៩នាក់ត្រូវបានរកឃើញបន្ទាប់ពីការបាក់ទំនប់ទឹកវារីអគ្គិសនីឡាវធំមួយនៅជិតព្រំដែនកម្ពុជា នៅពេលក្រុមហ៊ុនកូរ៉េ២ ដែលពាក់ព័ន្ធនឹងគំរោងនេះ បាននិយាយថា បានរកឃើញកំហូចនៃទំបន់នេះ និងបានរាយការណ៍ជូនអាជ្ញាធរនៅមួយថ្ងៃមុនទំនប់នេះបាក់។
ប្រភពបន្តថា ជញ្ជាំងឃាំងទឹកនៃទំនប់នេះ បានបាក់កាលពីថ្ងៃចន្ទទី២៣ ខែកក្កដា ក្រោយពីផ្នែកនៃទំនប់ទឹក Xe-Namnoy បានបាក់ និងជះទឹកពន្លិចភូមិជាច្រើននៅក្រោមខ្សែទឹក និងធ្វើអោយស្លាប់ និងបាត់ខ្លួនមនុស្សរាប់រយនាក់។
ទឹក៥ពាន់លានម៉ែត្រគូប ដែលមាននៅក្នុងអាងស្តុកទឹកនេះ បានធ្លាយ បណ្តាលអោយមនុស្សជាង៦.៦០០នាក់បាត់បង់ផ្ទះសម្បែង ក្នុងនោះមានមនុស្ស១៩នាក់ ត្រូវបានរាយការណ៍ថាស្លាប់ និងជាង៣.០០០នាក់ កំពុងត្រូវការជួយសង្គ្រោះជាបន្ទាន់ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋឡាវKPLកាលពីថ្ងៃពុធទី២៥កក្កដា។
ចូលរួមសង្គ្រោះហានិភ័យដោយសារការបាក់ទំនប់វារីអគ្គសនីដ៏ធំនៅប្រទេសឡាវនេះ ប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃ នៅថ្ងៃទី២៥ ខែកក្កដា ២០១៨នេះ បានបញ្ជាឲ្យរៀបចំបញ្ជូនក្រុមជួយសង្គ្រោះ ដើម្បីទៅជួយស្វែងរកអ្នកបាត់ខ្លួន និងជនរងគ្រោះគ្មានទីជម្រកក្នុងប្រទេសឡាវ ក្រោយការបាក់ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy ក្នុងខេត្តអាត់តាពើ។ ទាំងប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃ សុទ្ធតែមានក្រុមហ៊ុនវិនិយោគរបស់ខ្លួន សហការជាមួយក្រុមហ៊ុនឡាវ សាងសង់វារីអគ្គិសនី Xepian-Xe Nam Noy។
នៅថ្ងៃទី២៥ ខែកក្កដា ២០១៨នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ាន់ រដ្ឋមន្ត្រីការពារជាតិថៃ ក៏បានបញ្ជាឲ្យកងទ័ពថៃរៀបចំខ្លួនឲ្យបានរួចរាល់សម្រាប់ធ្វើដំណើរទៅជួយជនរងគ្រោះក្នុងប្រទេសឡាវ នៅពេលអាជ្ញាធរឡាវជូនដំណឹងដល់អាជ្ញាធរថៃ។
ប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃ កំពុងរៀបចំបញ្ជូនក្រុមជួយសង្គ្រោះ ដើម្បីទៅជួយស្វែងរកអ្នកបាត់ខ្លួន និងជនរងគ្រោះគ្មានទីជម្រកក្នុងប្រទេសឡាវ ក្រោយការបាក់ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy ក្នុងខេត្តអាត់តាពើ៕