ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃពុធ១៣កើតខែទុតិយាសាឍឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨ យន្ត មីន អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធជាច្រៀនរូបទៀត បានចុះពិនិត្យដោយផ្ទល់ដល់ទីតាំងជាក់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅភូមិចំនួន០៣នៅស្រុកកំពង់សីលា គឺភូមិថ្មី ភូមិវាល និងភូមិចាំស្រី។
លោក យន្ត មីន បានបញ្ជាក់ថាជំនន់ដើមរដូវនេះបានបណ្តាល អោយខូច ស្រូវប្រជាពលរដ្ឋទាំងបីភូមិនេះអស់ចំនួន៥៥ហិចតា និងខូចផ្លូវអស់ជា ច្រើន កន្លែងផងដែរ។ករណីនេះ លោក បញ្ជាក់អោយដឹងទៀតថា ខេត្តព្រះសីហនុនឹងផ្តល់ស្រូវពូជប្រភេទស្រូវស្រាលចំនួនជាង០៥តោនដើម្បីអោយប្រជាពលរដ្ឋដែលការខូចខាតនេះយកទៅសាបជាសំណាបរូចដកយកទៅចែកគ្នាស្ទូងឡើងវិញ។
ចំពោះផ្លូវដែលខូចខាតទាំងអស់ទាំងក្រុងនិងជនបទ នឹងធ្វើការជួសជុល ឡើងវិញ នៅពេលមេឃរាំងបន្តិច។តែបញ្ហានេះ លោក អភិបាលខេត្ត ស្នើសុំអោយពលរដ្ឋទាំងអស់មានការយោគយល់។
ក្នុងឱកាសនៃការចុះមើលស្រែប្រជាជនតាមភូមិនេះដែរ លោក និងមន្ត្រី រួមដំណើរក៏បានជួយស្ទូងប្រជាជនដែលកំពុងស្ទូងប្រវាសដៃគ្នា នៅទីតាំង ផ្សេងគ្នាចំនួន០២ផងដែរដើម្បីជួយដល់កសិករ៕