ជប៉ុន នឹង​បញ្ជូន​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល​ការបោះឆ្នោតជាតិ​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2018 ក+ ក-

​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយនា​ថ្ងៃ​ពុធ ទី​២៥ កក្កដា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន បាន​គូសបញ្ជាក់ថា ជប៉ុន​នឹងមិន​បញ្ជូន​អ្នកសង្កេតការណ៍ មក​ឃ្លាំមើល​ការបោះឆ្នោតជាតិ​នៅ​កម្ពុ​ជានា​ចុង​សប្ដាហ៍​នេះ​ទេ បើទោះបីជា​ជប៉ុន​គឺជា​ម្ចាស់ជំនួយ​ដ៏​សំខាន់​មួយ​នៅក្នុង​ការបោះឆ្នោត​នេះ​ក៏ដោយ​។

​គួរ​ជម្រាបជូន​ថា ជប៉ុន​គឺជា​ប្រទេស​ម្ចាស់ជំនួយ​ដ៏​ចម្បង​មួយ​សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា​។ ថ្មីៗ​នេះ ប្រទេស​ជប៉ុន​បានផ្ដល់​ជំនួយ​ជា​ហិប​ឆ្នោត​ចំនួន ១១,០០០ ហិប ក៏ដូចជា​រថយន្ត​ប្រភេទ Pick Up ចំនួន​៤០​គ្រឿង សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​។ គិត​ទាំង​លើក​នេះ​ទៀត ជំនួយ​របស់​ជប៉ុន​ស​ម្រា​ប់​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ​ហើយ​។​

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ បាន​បញ្ជាក់ថា ទោះបី​មិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ក៏ពិតមែន ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន លោក Yoshihide Suga បាន​អះអាងថា ជប៉ុន​បាន​បញ្ជូន​អ្នកជំនាញ​ជាច្រើន​មក​កម្ពុជា ក៏ដូចជា​ផ្ដល់ជំនួយ​បច្ចេកទេស​ដល់​ការបោះឆ្នោត​លើក​នេះ​។ លោក​ថា នេះ​បង្ហាញ​ពី​ការគាំទ្រ​របស់​ជប៉ុន ចំពោះ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា​។​

​ការសម្រេច​របស់​ជប៉ុន​នេះ ត្រូវគេ​មើលឃើញថា បានធ្វើ​ឡើង​ស្រប​ពេលដែល​ស្ថានទូត​អាមេរិក បានចេញ​ប្រកាសថា គ្មាន​ភ្ញៀវ ឬ​អ្នកសង្កេតការណ៍​ណា​ម្នាក់ មកពី​រដ្ឋាភិបាល​អាមេរិក នឹងចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ដូចគ្នា​។ ការសម្រេច​របស់​អាមេរិក​នាពេលនេះ ធ្វើឡើង​ស្រដៀង​គ្នា​នឹង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​បាន​សម្តែង​កង្វល់​ដដែលៗ ចំពោះ​ការវិវត្តន៍​ផ្នែក​នយោបាយ​នៅ​កម្ពុជា​។

សូមបញ្ជាក់ថា កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោតជាតិ អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា​។ ជាមួយគ្នានេះ គ​.​ជ​.​ប បានប្រកាសថា សម្រាប់​ការបោះឆ្នោត​នេះ មាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ជិត​៨​ម៉ឺន​នាក់ មកពី​១០៧​ស្ថាប័ន​៕