រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់ទុក​ប្រទេស​ចិន​ជាទី​ផ្សារ​ដ៏​ធំ​សម្រាប់​នាំចេញ​កសិផល​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2018 ក+ ក-

​សៀមរាប ៖ វិស័យ​កសិកម្ម​មិន​ត្រឹមតែ​ជា​ឆ្អឹងខ្នង នៃ​ខឿន​សេដ្ឋកិច្ចជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ។ ដូច្នេះ​ដើម្បី​ជំរុញ​ឲ្យ​វិស័យនេះ​រីកចម្រើន រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្លឹង​ឃើញថា ប្រទេស​ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ការនាំចេញ​កសិផល​កម្ពុ​ជា​។​

​លោក វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ដើម្បី​នាំចេញ​នូវ​កសិផល​ទាំងនោះ​កសិករ​កម្ពុជា ត្រូវ​ពង្រឹងសមត្ថភាព​ក្នុងការ​បង្កបង្កើនផល​របស់ខ្លួន ក៏ដូចជា​ការយកចិត្ត​ទុកដាក់​ក្នុងពេល​ខ្ពស់​ចាប់តាំងពី​ការ​តំណាក់កាល​ដាំ​ដុះ​រហូតដល់​ប្រមូល​ផល​។

​មានប្រសាសន៍​នៅក្នុង​ពេលដែល​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិ​ព័រ​ណ៌​ផ្សារណាត់​បន្លែ និង​ផលិតផល​សុវត្ថិភាព ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក វេ​ង សាខុន បន្តថា នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨​ខាងមុខនេះ ក្រសួងកសិកម្ម នឹង​ចុះហត្ថលេខា​នាំចេញ​ផ្លែ​ចេក ទៅកាន់​ទីផ្សារ​របស់​ប្រទេស​ចិន ។ ឯកឧត្តម​ឲ្យ​ដឹងថា ការនាំចេញ​ផ្លែ​ចេក​នេះ កម្ពុជា​បាន​ចរចារ​ជាមួយ​ប្រទេស​ចិន​អស់​ពេល​ជាង​៤​ឆ្នាំ ទំរាំ​តែ​ផលិតផល​របស់​យើង​ត្រូវ​តាម​ស្តង់ដា​ដែល​គេ​ចង់បាន​។​

​កាលពីពេល​កន្លងទៅ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅកាន់​ប្រទេស​ចិន​ទៅលើ មុខទំនិញ​មួយចំនួន​ដូចជា​ដំឡូង​មី ពោត អង្គរ និង​ចុងអង្ករ​បុ​ណ្ណោះ​។ បើតាម​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ឲ្យ​ដឹងថា នៅពេល​ខាងមុខ​កម្ពុជា​នឹងធ្វើ​ការចរចារ​ជាមួយ​ប្រទេស​ចិន​សម្រាប់​ការនាំចេញ​នូវ​ផ្លែស្វាយ ផ្លែ​តា​ង៉ែ​ន ផ្លែ​ដូង និង​ទំនិញ​កសិផល​ផ្សេងៗ​ជា​បន្តទៀត​៕