ក្រសួង​បិទ​គេហទំព័រ​ព័ត៌មាន​ចំនួន​១៧ ដើម្បី​រក្សា​ភាពស្ងប់ស្ងាត់​នៅ​ថ្ងៃ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បាន​បញ្ជា​ឲ្យ​បិទ​គេហទំព័រ​ផ្សព្វផ្សាយ​ព័ត៌មាន​ចំនួន​១៧ ត្រូវបាន​ក្រសួង​ព័ត៌មាន បិទ​ផ្អាក​បណ្តោះអាសន្ន​រយៈពេល​៤៨​ម៉ោង ចាប់ពី​ម៉ោង​១២ យប់​ថ្ងៃទី​២៧ រហូតដល់​ម៉ោង​១២​យប់​ថ្ងៃទី​២៩ កក្កដា ដើម្បី​រក្សា​ភាពស្ងប់ស្ងាត់​ទាំង​នៅ​ថ្ងៃ ស និង​បោះឆ្នោត​។ នេះ​បើតាម​ការបញ្ជាក់​របស់ ឯ​.​ឧ​. ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២៨ កក្កដា នេះ​។​

​ឯ​.​ឧ ផុស សុវណ្ណ ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បា​នប​ញ​ញ​ជាក់​ថា ការបិទ​គេហទំព័រ​ទាំងនេះ គឺធ្វើឡើង​ទៅតាម​ការអំពាវនាវ​របស់​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ស្នើ​ឲ្យ​មាន​ភាពស្ងប់ស្ងាត់​នៅ​ថ្ងៃ ស និង​នៅ​ថ្ងៃ​បោះឆ្នោត ពោល គឺ​មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​ដែល​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​។

​ឯ​.​ឧ​. ផុស សុវណ្ណ បាន​លើកឡើងថា គេហទំព័រ​ដែល​ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​បិទ​នេះ គឺ​ដោយសារ​មិនមាន​ម្ចាស់​ច្បាស់លាស់ និង​មិនបាន​ចុះ​ប​ញ្ចី​នៅ​ក្រសួង​ព័ត៌មាន​។ ការណ៍​នេះ ធ្វើ​ឲ្យ​ក្រសួង​ព័ត៌មាន​មិនដឹងថា តើ​ត្រូវ​ផ្ញើ​សេចក្តីជូនដំណឹង​ទៅកាន់​អ្នកណា និង​នៅ​កន្លែង​ណា​នោះទេ​។ លោក​ផុស សុវណ្ណ បាន​គូសបញ្ជាក់ថា ក្រសួង​ព័ត៌មាន គឺជា​អ្នកគ្រប់គ្រង និង​ទទួលខុសត្រូវ​ទៅលើ​ការចុះផ្សាយ​របស់​បណ្តា​វេ​ប​សាយ​ព័ត៌មាន​ទាំងអស់​។ ដូច្នេះហើយ ចង់​ឫ​មិន​ចង់ ក្រសួង​ត្រូវតែ​ចាត់វិធានការ ដើម្បី​ឲ្យ​ស្របទៅនឹង​ច្បាប់​ស្តីពី​ការបោះឆ្នោត​របស់​គ​.​ជ​.​ប​។

​ក្រោយ​ការចាត់វិធានការ​រប​ស់​ក្រសួង​ព័ត៌មាន​នេះ អ្នកគ្រប់គ្រង​លើ​វិទ្យុ​VOD បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​ការពារ​ពី​ភាពត្រឹមត្រូវ និង​ស្របច្បាប់​នៃ​វេ​ប​សាយ​ព័ត៌មាន​VOD របស់ខ្លួន​ដែរ​។

ក្នុងចំណោមគេហទំព័រ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​១៧​នេះ  ក៏មាន វេ​ប​សាយ​វិទ្យុ​VOD វិទ្យុ​VOA វិទ្យុ​អាស៊ីសេរី និង​វេ​ប​សាយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដែរ ដែលវេ​ប​សាយ​ទាំងនេះ ត្រូវបាន​បិទ​ដំណើរការ​តាំងពី​ម៉ោង​១២ យប់​ថ្ងៃទី ២៧ កក្កដា មក​ម្ល៉េះ​។

​ទោះជា​យ៉ាងណាក្តី ឯ​.​ឧ ផុស សុវណ្ណ បាន​បញ្ជាក់ថា ការបិទ​វេ​ប​សាយ​បែបនេះ មិនមែនជា​រឿង​ចម្លែក​អ្វី​នោះទេ ដោយហេតុថា កាលពី​អាណត្តិ​មុនៗ ក្រសួង​ព័ត៌មាន​ក៏​ធ្លាប់​បានធ្វើ​ដូច្នេះ​ដែរ ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ច្បាប់​៕