ក្រុម​ប្រដាប់អាវុធ​លួច​អារ​សសរ​ផ្តួលរំលំ​ផ្ទះ​ពលរដ្ឋ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​( Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2018 ក+ ក-

​ខេត្តកណ្តាល ៖ ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​រវាង​​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ នៅ​ស្រុក​កណ្តាលស្ទឹង បាន​ឈានដល់​មាន​ជន​មួយក្រុម​លួច​អារ​ជើង​សសរ​ផ្តួលរំលំ​ផ្ទះ ប្រជាពលរដ្ឋ​ទាំងយប់​។​

​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​រវាង​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ទ​នប់​94​ស្ថិតក្នុង​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ឥឡូវនេះ​ឈានដល់​មាន​ជន​មួយក្រុម​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ​និង​ម៉ាស៊ីន​ត្រង់​ទ័​រ​នឺ​អារ​សសរផ្ទះ​ប្រជាពលរដ្ឋ​ផ្តួលរំលំ​ជិត​ពាក់កណ្តាល​អា​ធ្រា​ត្រ​កាលពី​យប់​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ សមត្ថកិច្ច​នៅ​មិនទាន់​វែកមុខ​រក​ចាប់​មុខសញ្ញា​ជន​មួយក្រុម​នោះបាន​នៅឡើយ​រហូតមកដល់​ថ្ងៃនេះ ។ នេះ​បើ​យោងតាម​ការរៀបរាប់​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​រស់នៅ​ភូមិ​ឆ្មា​ពួន នោះ ។

បញ្ហា​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កំពុង​តែមាន​ការបារម្ភ​យ៉ាងខ្លាំង​បន្ទាប់ពី​មាន​ជន​មួយក្រុម​បានធ្វើ​សកម្មភាព​អារ​ផ្តួលរំលំ​ផ្ទះ​ពួកគាត់​ខណៈ​សមត្ថកិច្ច​ហាក់​លឹប ល ស្ទាក់ស្ទើរ​ក្នុងការ​ស្រាវជ្រាវ​រកមុខ​សញ្ញា ដើម្បី​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​ក្នុង​រឿងនេះ​។

​ការបារម្ភ​នេះ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍ គ្រា​ដែល​ជម្លោះដីធ្លី​បានកើត​ឡើង​រវាង​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​ជិត​ម្ភៃ​ឆ្នាំ​មកនេះ គ្មាន​ដំណោះស្រាយ​អាច​បញ្ចប់​បាន​នៅឡើយ​។

​ប្រជាពលរដ្ឋ​ខ្លះ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ចំណែក​ខ្លះទៀត មាន​ជម្លោះ​ជាមួយ​បុគ្គល​ម្នាក់​ឈ្មោះ ម៉ាណ មន ដែល​ពួកគាត់​អះអាងថា ជា​បុ​គ្ក​លិ​ក​ធ្វើការ​នៅ​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍​៕