រដ្ឋបាល​រាជធានី​ផ្តល់​ឡ​ដុត​សំរាម ផ្លូវ និង​លូ​ជាច្រើន​ខ្សែ ដល់​សហគម​អណ្តូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2018 ក+ ក-

​ភ្នំពេញ ៖ បន្ទាប់ពី​ការបោះឆ្នោត បានបញ្ចប់ ទៅ​ប្រកបដោយ​ភាពល្អូកល្អឺន តម្លាភាព សេរី និង​យុត្តិធម៌ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ កក្កដា ឆ្នាំ​២០១៨​នេះ អភិបាល​រាជធានី​ភ្នំពេញ បានផ្តល់​ផ្លូវ បេតុង និង ដាក់លូ​ជាច្រើន​ខ្សែ ដល់​សហគម​អណ្តូង​ថ្មី​រុងរឿង និង​សហគម​សំព័រ​ថ្មី ស្ថិតនៅក្នុង​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ និង​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេ​ត​តុង និង​ដាក់លូ ក្នុង​សហគម​សំរោង​មានជ័យ ភូមិ​អន្លង់​ក្ងាន ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។

​ការផ្តល់ជូន​នេះ បានធ្វើ​ឡើង ក្នុងពេល​ចុះ​ពិនិត្យ ឡ​ដុត​សំរាម​មួយកន្លែង នៅ​សហគមន៍​អណ្តូង​ថ្មី​រុងរឿង ដែល​ទើបបាន​បង្កើត ដើម្បី​ដុតបំផ្លាញ​សំរាម ជួយ​បង្កើន​បរិស្ថាន​ស្អាត​ល្អ សម្រាប់​ប្រជាពលរដ្ឋ រស់នៅក្នុង​សហគមន៍​នេះ​។​

​ឡ​ដុត​សំរាម​មួយកន្លែង​នេះ បានចាប់ផ្តើម​ដំណើរការ​នៅ​ព្រឹក​ថ្ងៃទី​៣១ កក្កដា ២០១៨ ជាមួយនឹង​ការចុះពិនិត្យ​ផ្ទា​ល់ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី ខណ្ឌ​ព្រែក​ព្នៅ​ផងដែរ​។ ក្រៅពី​បង្កើតអោយមាន​ឡ​ត៏​ដុត​សំរាម​មួយ​នេះហើយ អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ជំរុញ​អោយ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ជូន​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​ខាងលើ​ផងដែរ​។​

​បន្ទាប់​ពីនេះ លោក អភិបាល និង មន្ត្រី​ជំនាញ ក៏បាន​បន្ត​ចុះទៅពិនិត្យ នៅ​សហគម​សំរោង​មានជ័យ និង​បាន​ជំរុញ​ឱ្យ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជូន​ប្រជាពលរដ្ឋ ដូច​នៅ​សហគម អណ្តូង​ថ្មី​រុងរឿង​នោះដែរ​។​

​ទន្ទឹមគ្នា​នោះដែរ ឯកឧត្តម អភិបាល និង​មន្ត្រី​ពាក់ព័ន្ធ ក៏បាន​បន្ត​ចុះ ទៅ​សហគមន៍​អន្លង់​ក្ងាន ក្នុង​សង្កាត់ ឃ្មួញ ខណ្ឌ សែន​សុខ និង​បាន​ជំ​រុញឱ្យ​មន្ត្រី​ជំនាញ​ព​ន្លឿ​ន​ការដ្ឋាន​ស្ថាបនា​ផ្លូវ និង​ដាក់លូ ជូន​ប្រជាពលរដ្ឋ ក្នុង​សហគម​នោះ ឱ្យបាន​លឿន ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​។​ជាមួយគ្នា​នោះ ឯកឧត្តម អភិបាល បាន​ជម្រុញ ឱ្យ​អភិបាលខណ្ឌ​សែន​សុខ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រៀបចំ​ដោះស្រាយ លំនៅដ្ឋាន ដែល​រង​ផលប៉ះពាល់ ពី​ការស្ថាបនា ឱ្យបាន​ពួកគាត់​បាន​ទៅ​រស់នៅ​កន្លែង​រៀបរយ​។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​សហគម​ខាងលើ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បញ្ជូន​មកពី​សហគម​មិន​រៀបរយ ប៊ូល​ឌី​ញ សំបុ​ក្រចាប ដីក្រហម និង​បូរី​កីឡា តាំងពី​អំឡុង​ឆ្នាំ​២០១៦ រហូត មកដល់​បច្ចុប្បន្ន សហគម​ទាំងនោះ ទទួលបាន​ការអភិវឌ្ឍ​រីកចំរើន ទាំង ផ្លូវ លូ ទឹក ភ្លើង និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ជាច្រើន​ទៀត​៕