លួច​ចំ​ម៉ូតូ​ដាក់​ប្រព័ន្ធ GPS ពី​ខេត្តកណ្តាល តាម​ចាប់បាន​នៅ​ខេត្តតាកែវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2018 ក+ ក-

​ខេត្តកណ្តាល​: មុខសញ្ញា​ចោរលួច​ម៉ូតូ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តតាកែវ​ធ្វើការ​ចាប់ខ្លួន ក្រោយពី​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​បុរស​ម្នាក់​ដែលមាន​ដាក់​ប្រព័ន្ធ​សុវត្ថិភាព GPS នៅ​ចំណុច ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង ជាង​៣​រសៀល ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​ជិះ​ទៅសំងំ​លាក់ខ្លួន​នៅក្នុង​ផ្ទះ​របស់គេ​ឯ​ខេត្តតាកែវ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ខាងលើ មានឈ្មោះ អេ​ម សំអាត ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រ​ពាំ​វែង​ឃុំ​បឹង​ត្រាញ់​ខាងត្បូង​ស្រុក​សំរោង​ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ​។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ជឿន ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់ទទឹង​ឃុំ​ដំណាក់​អំពិល​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។
​ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បានធ្វើការ​ដកហូត​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ សេរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ​ស្លាក​លេខ​កណ្តាល 1E-4186 (​របស់​ជនរងគ្រោះ​) ។​

​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​នាំ​ប្រពន្ធ​កូន​ចូល​សម្រាក​ដូច​សព្វមួយដង លុះ​ព្រឹក​ឡើង​ម៉ោង​ប្រហែល​៦​ព្រឹក ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ក្រោក​ពី​ដេក​ស្រាប់តែ​បាត់​ម៉ូតូ​ភ្លាមនោះ​ខ្លួន ក៏បាន​ទាញ​ទូរស័ព្ទ​ដើម្បី​ឆែក GPS ស្រាប់​តែមាន​សញ្ញា​ចង្អុល​តាមផ្លូវ​ជាតិ​លេខ​៣ ខ្លួន​ក៏បាន​ហៅ​មិត្ត​ភ័​ក្រ​ម្នាក់ទៀត ហើយក៏​បើកឡាន​តាមរក​ម៉ូតូ​តាម​សញ្ញា​បង្ហាញ​របស់​GPS​និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ។​

ដោយបាន​កិច្ចសម្របសម្រួល​និង​ដឹកនាំ​របស់លោក​ឯក ស៊ុន​រស្មី​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកណ្ដាល​និង​សាលាដំបូង​ខេត្តតាកែវ បានការ​ចង្អុល​ដឹកនាំ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា ស្នងការរង ខេត្តកណ្ដាល​និង​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​ខេត្តតាកែវ កា​រិ​.​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​តាម រុករក​ស្រាវជ្រាវ កំណត់​មុខសញ្ញា ឈានដល់​ចាប់បាន​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន មក​សំងំ​នៅក្នុង​ផ្ទះ ហើយ​ត្រូវបាន កងកម្លាំង ព័ទ្ធ​ឆែកឆេរ រក​ចាប់បាន និង រកឃើញ ម៉ូតូ​១​គ្រឿង​ជា​របស់​ជនរងគ្រោះ និង​សម្ភារ មួយចំនួនទៀត​សម្រាប់ធ្វើ​សក្មភាព​លួច​ម៉ូតូ ។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូនមក​ស្ន​ង​ការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ រីឯ​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ធ្វើឯកសារ រួច​ប្រគល់ជូន​ជនរងគ្រោះ​វិញ ៕​