សមត្ថកិច្ច​បង្ហាញ​ផលិតផល​ក្លែងក្លាយ ៤​ករណី​ទម្ងន់​ប្រមាណ​៨៨​តោន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2018 ក+ ក-

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ច័ន្ទ ទី​៦ សីហា នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផ​លិ​ផល​ក្លែងក្លាយ ក្រសួង​
​មហាផ្ទៃ បានបង្ហាញ​ពី​ស្នាដៃ​របស់ខ្លួន ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ផលិតផល​ក្លែងក្លាយ ចំនួន ៤​ករណី រួមមាន ការបង្ក្រាប​សិប្បកម្ម​ផលិត​កាហ្វេ​ក្លែងក្លាយ​,​ការបង្ក្រាប​ទីតាំង​ផលិត សាច់​ប៉ា​តេ​មិន​អនុលោម​តាមច្បាប់​,​ការបង្ក្រាប​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ មិន​អនុលោម តាមច្បាប់ និង​ករណី​នាំចូល ផលិត វេច​ខ្ចប់​ខុសច្បាប់​លើ​ផលិតផល​ទឹក​សុទ្ធ​ម៉ាក ហ្ស​ង់ អា​ម៉​ង់ ទឹក​សុទ្ធ​ម៉ាក អេ​វី​យ៉ង់ ស្រា​បៀរ​ម៉ាក កូ​រ៉ូ​ណា រួម​នឹង​ផលិតផល​មួយចំនួនទៀត​ដែលមាន​ទម្ងន់ សរុប​ប្រមាណ ៨៨​តោន​។​

​ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផ​លិ​ផល​ក្លែងក្លាយ នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់ ណា បាន​គូសបញ្ជាក់ថា នេះ​ជា​ជោគជ័យ​ជា​បន្តបន្ទាប់​របស់​សម​ត្ថ​កិច្ច ក្នុងការ​បង្ក្រាប​ទៅ លើ​ក្រុម​ជន​ដែល​បាន​ផលិត និង​នាំចូល​ផលិតផល​ក្លែងក្លាយ ដែល​ផលិតផល​ទាំងនេះ​វា​នាំ ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ហើយ​ថា​សមត្ថកិច្ច​នឹងមិន​ប​ន្ធូ​រ​ដៃ​ឲ្យ​ជនល្មើស ឡើយ​៕​