ទារ​សំណង​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មិនបាន បាញ់​បុរស​ម្លា​ក់​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2018 ក+ ក-

​បាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុងចំណោម​គ្នា​បីនាក់ ដោយសារ​ទាស់​ពាក្យសំដី​ក្នុង​គ្រោះ ថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ដឹក​ទឹកកក និង​រថយន្ត​ហា​លេន​ឌ័​រ ហើយ​ត្រូវ​ភាគី​រថយន្ត ហា​លេន ឌ័​រ ដក​កាំភ្លើង​បាញ់សម្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​

​សាក្សី​ឲ្យ​ដឹងថា ករណី​បាញ់សម្លាប់​នេះ ដោយសារ​ភាគី​ទាំងពីរ​មានទំនាស់​ពាក្យសម្ដី រឿង​ប៉ះពារ​ខូចខាត​រថយន្ត ហើយ​ភាគី​ជនដៃដល់​បាន​ទារ​សំណង​ថ្លៃ​ខូច​រថយន្ត តែ​ជនរងគ្រោះ ខាង​រថយន្ត​ដឹក​ទឹកកក​ប្រកែក​មិន​សង ទើប​ជនដៃដល់​បាន​ទាញ​កាំភ្លើងខ្លី បាញ់​អ្នក​បើកឡាន​ដឹក​ទឹកកក​ស្លាប់​ម្នាក់​។ រហូតមកដល់​ថ្ងៃទី​៧ ខែសីហា នេះ សមត្ថកិច្ច​មិនទាន់​ចាប់បាន​ឃាតក​ដៃដល់ ដែលមាន​គ្នីគ្នា​២​នាក់​នោះ នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ២២ នៅ​ចំណុច​វាល​អន្ទង់ស ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ មាន​ករណី​មនុស្សឃាត​មួយ បង្កដោយ​ជនសង្ស័យ​ចំនួន ២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ មិន​ចាំ​ស្លាក​លេខ ១​គ្រឿង មក​ឈប់​មុខ​រថយន្ត​ដឹក​ទឹកកក ១​គ្រឿង​។​ដោយសារ​រថយន្ត​ទាំងពីរ​បាន​បុក​ប៉ះទង្គិច​គ្នា ហើយ​ការជជែក​ដោះស្រាយ​មិន​ចុះសម្រុង ក៏បាន​បង្ក​ជា​អំពើហិង្សា​ដោយ​អាវុធ និង​បណ្ត​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

​លោក​វរសេនីយ៍ឯក ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់ បាន​ឲ្យ​ដឹងថា ភាគី​ជនរងគ្រោះ​មាន​គ្នា ៣​នាក់ ជិះ​រថយន្ត​ដឹក​ទឹកកក គឺ​ទី​១.​ឈ្មោះ ពេជ្រ ភិ​សា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​អ្នកបើកបរ (​ស្លាប់​) ទី​២.​ឈ្មោះ ហេង ឡិច ភេទ​ប្រុស អាយុ ២០​ឆ្នាំ និង​៣.​ឈ្មោះ ប៊ូ ច​ន្ធី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​។ អ្នក​ទាំងបី​មាន​ទីលំនៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់​។​​ចំណែក​ភាគី​ជនសង្ស័យ​បាន​ប្រើ​កាំភ្លើងខ្លី បាញ់​សំដៅ​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ នៅលើ​ឡាន បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់ នៅតាម​ផ្លូវ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​លោក​វរសេនីយ៍ឯក បានបញ្ជាក់​ទៀតថា មូលហេតុ​នៃ​ករណីនេះ គឺ​បណ្តាលមកពី​ភាគី​ទាំង​ពីរបាន​ទាស់​ពាក្យសម្ដី​នឹង​គ្នា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ត​ប៉ះគ្នា ហើយ​ជនសង្ស័យ​ភាគី​រថយន្ត​ហា​លេន​ឌ័​រ ជំរុញ​ឲ្យ​ភាគី​រថយន្ត​ដឹក​ទឹកកក សង​ថ្លៃ​ខូចខាត តែ​ត្រូវ​ជនរងគ្រោះ​ប្រកែក​មិន​ព្រម​សង ដោយ​ទាមទារ​យក​ត្រូវ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​ភាគី​រថយន្ត​ហា​លេន​ឌ័​រ ខឹងសម្បារ​ក៏​ទាញ​កាំភ្លើង​បាញ់​សំដៅលើ​ជនរងគ្រោះ​តែម្តង​។ បន្ទាប់ពី​បាញ់​រួច ជនសង្ស័យ បាន​បើករថយន្ត​គេចខ្លួនបាត់​។​

​ករណីនេះ សមត្ថកិច្ច​ជំនាញ កំពុង​ត្រួតពិនិត្យ​កន្លែងកើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ ដើម្បី​នាំមក​ចាត់​ការបន្ត​តាម​នីតិវិធី​៕ សុផល​