ទៅ​ឆក់​ត្រី បែរជា​ឆក់​ខ្លួនឯង​ស្លាប់ នៅ​ស្រុក​បាធាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2018 ក+ ក-

​កំពង់ចាម ៖ បុរស​ម្នាក់​បាន​ដេកស្លាប់​កើយ​លើ​ភ្លឺស្រែ​ក្បែរ​ភូមិ បន្ទាប់ពី​ចេញ​បាត់​ពី​ផ្ទះ​ទៅ​ឆក់​ត្រី​។ សមត្ថកិច្ច​អះអាងថា ការស្លាប់​នេះ អាច​បណ្តាលមកពី​បុរស​នោះ ខ្វះ​ការប្រុងប្រយ័ត្ន នាំ​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី 07-8-2018 វេលា​ម៉ោង 8,00​នាទី​ព្រឹក នៅ​ចំណុច​វាល​ខាងត្បូង​ភូមិ​កំ​ប៉ាល ឃុំ​សណ្តែក ស្រុក​បាធាយ ចំងាយ​500 ម​. បាន​ប្រទះឃើញ​សាកសព​បុរស​ខាងលើ ដេកស្លាប់​គង​លើ​ភ្លឺស្រែ​មានទឹក​ដោយមាន​ឧបករណ៍​ឆក់​ត្រី​មួយ​សំរាប់​នៅជាប់​នឹង​ខ្លួន ។

​ប្រភព​ដដែល​បន្តថា ជនរងគ្រោះ​ឈ្មោះ ចែម រិ​ទ្ធ អាយុ​38​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កំ​ប៉ាល ឃុំ​សណ្តែក ស្រុក​បាធាយ បាន​ចេញពីផ្ទះ​បំណង​ទៅ​ឆក់​ត្រី​នៅតាម​វាលស្រែ កាលពី​យប់​ថ្ងៃទី​06-8-2018 នៅ​ចំណុចកើតហេតុ​ខាងលើ ហើយក៍​ត្រូវ​ឧបករណ៍​ឆក់​ត្រី​ឆក់​ខ្លួនឯង​ស្លាប់​តែម្តង​។​

ការពិនិត្យ​សាកសព ផ្នែក​ក្បាល ក ដងខ្លួន និង​អវៈយវៈ ពុំមាន​ស្លាកស្នាម ដែល​គួរ​ឲ្យ​សង្ស័យ​លើ​ករណី​ឃាតកម្ម​នោះឡើយ ប៉ុន្តែ​នៅលើ​បាត ដៃ​ខាងស្តាំ មាន​ស្នាម​ខ្លោច ដែល​អាចសន្និដ្ឋាន ថា​ឈ្មោះ ចែម រិ​ទ្ធ គឺ​ពិតជា​ស្លាប់ ដោយសារ​ឧបករណ៍​ឆក់​ត្រី​របស់​ខ្លួនឯង​ឆក់​ឆេះ​ខ្លោច​បាតដៃ​ប្រាកដ​មែន​។ ក្រោយពី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួចមក សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ដើម្បី​យកមក​ធ្វើបុណ្យ​នៅឯ​គេហដ្ឋាន តាម​គន្លង​ប្រពៃណី​៕ ប​.​សុផល​