ថៅកែ​សិប្បកម្ម ចែ​ស៊ី​ង ព្រម​បើកប្រាក់​ឱ្យ​កម្មករ​ជិត​២០០​នាក់​ទាំងយប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2018 ក+ ក-

​កណ្តាល ៖ បន្ទាប់ពី​មានការ​តវ៉ា​ពី​សំណាក់​កម្មករ​ជិត​២០០​នាក់ ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ ចែ​ស៊ី​ង បើកប្រាក់​ខែ​ឱ្យ​ដោយ​ពួកគេ​បាន​បិទផ្លូវ និង​ឃាត់​រថយន្ត​របស់​សិប្បក​ម្ម​មិនឱ្យ​ដឹក​អីវ៉ាន់​ចេញ​កាលពីពេល​ថ្មីៗ​នោះ នៅវេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី ០៨ ខែសីហា ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ស្អាង​ភ្នំ បាន​ដឹកនាំ​ក្រុមការងារ​ទៅ​សម្របសម្រួល​ជាមួយ​កម្មករ និង​ថៅកែ​សិប្បកម្ម ចែ​ស៊ី​ង ស្ថិតនៅ​ភូមិ​ទួលសាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ។

​បន្ទាប់ពី​ធ្វើការ​សម្របសម្រួល​រវាង​កម្មករ និង​ថៅកែ​សិប្បកម្ម ចែ​ស៊ី​ង រួចមក លោកស្នងការ បាន​បញ្ជា​ឱ្យ​ថៅកែ​សិប្បកម្ម​ខាងលើនេះ បើកប្រាក់​ខែ​ឱ្យ​កម្មករ​ដែល​នៅសល់​ចំនួន​១៧៣​នាក់​នៅវេលា​ម៉ោង​១១៖០០​នាទី​យប់ ថ្ងៃនេះ​តែម្ដង ។ ចំណែក​កម្មករ​ដែល​មិនទាន់​បានមក​បើក​យប់​នេះ​មាន​ចំនួន​៥៨​នាក់​ស្មើនឹង​ប្រាក់​ចំនួន​៣.០៧២​ដុល្លារ និង​បន្ត​បើក​ឱ្យអស់​នៅ​ថ្ងែ​ទី​៩ ខែសីហា វេលា​ម៉ោង ៨ និង​០០​នាទី​ព្រឹក ។​

​ក្រោយពី​បាន​បើក​ប្រាក់ខែ​រួច​កម្មករ​បាន​ថ្លែង​អំណ​គុណ​ដល់ លោកស្នងការ និង​ក្រុមការងារ ដែល​តែងតែ​យកចិត្តទុកដាក់​ពី​សុខ​និង​ទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ គ្រប់ពេលវេលា​ជានិច្ច ៕​