បាញ់​មេឃ​ជាច្រើន​គ្រាប់ សង្ស័យ​ចាញ់​ភ្នាល់​ទឹកភ្លៀង​នៅ​សង្កាត់​ចោមចៅ​ទី​៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2018 ក+ ក-

​ភ្នំពេញ ​៖  ប៉ូលិស​នៃ​អគ្គស្នងការ​នគរបាល ម្នាក់​ត្រូវបាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ​យ័ ឃាត់ខ្លួន​ក្រោយពេល​ផ្ទុះអាវុធ​ជិត​១០​គ្រាប់ ផ្អើល​ពលរដ្ឋ និង​សមត្ថកិច្ច​នៅ​ពោធិ​សែន​ជ​យ័​។​

​ហេតុការណ៍​ផ្ទុះអាវុធ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២​និង​៤០​នាទី រសៀល​ថ្ងៃទី​៨ ខែសីហា ស្ថិតនៅ​បន្ទប់​ជួល ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ​យ័ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​លោក​ប៉ូលិស​ដែល​បាញ់បោះ​ដោយ​សេរី​រូបនេះ កាន់​កាំភ្លើងខ្លី​១​ដើម​ដើរ​ចុះ ដើរ​ឡើង នៅមុខ​បន្ទប់​ជួល ហើយក៏​បាន​បាញ់​ឡើងលើ​គំរាម​មេឃ​ជាច្រើន​គ្រាប់​ផ្អើល​អស់អ្នក​ជិតខាង និង​ឮ​ដល់​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ​យ័ ចុះមក​សាកសួរ​និង​ចាប់​ឃាត់ខ្លួន​តែម្តង​។​

​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ​យ័​បានអោយដឹងថា លោក​ប៉ូលិស​ដែល​ផ្ទុះអាវុធ​ខាងលើ​មានឈ្មោះ កែវ សុផល អាយុ​៤០​ឆ្នាំ ជា​មន្ត្រីនគរបាល​នៃ​អគ្គស្នងការដ្ឋាន ស្នាក់នៅ​បន្ទប់​ជួល​ខាងលើ​។​

​យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនបាន​បញ្ជាក់​ពី​មូលហេតុ​ពិត​ដែល​នាំ​ឲ្យ​នគរបាល​រូបនេះ ផ្ទុះ​កំហឹង​ឈានដល់​ការបាញ់បោះ​សេរី​នោះទេ តែ​ប​ច្ចប្ប​ន្ន​លោក​ប៉ូលិស​ខាងលើ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ​យ័ និង​អាច​បញ្ជូនទៅ​សាកសួរ​បន្ត​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិ​វិធិ​៕ ស​.​ស​.​