ក្រឡាប់​រទេះគោ​ដើរ​លក់​ចង្ក្រាន និង​ឆ្នាំងដី សង្កត់​ប្រពន្ធ​ស្លាប់​ពេល​ភ្លៀង​ធំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2018 ក+ ក-

​កំពង់ស្ពឺ​៖​ស្ត្រី​ជា​ប្រពន្ធ​ត្រូវបាន​រទេះ​សង្កត់ពីលើ​រហូតដល់​បាត់បង់​ជីវិត​ចោល​ប្តី​និង​កូន ខណៈ​បរ​រទេះគោ​ដើរ​លក់ ក្អម ចង្ក្រាន​ដី និង​ឥ​វ៉ាន់​ផ្សេងៗ​ទៀត ពី​ខេត្តកំពង់ឆ្នាំង រហូត​ចូលដល់​ខេត្តកំពង់ស្ពឺ តែ​សំណាងអាក្រក់​ជួប​មេឃ​ធ្លាក់ភ្លៀង​ធំ ផ្លូវ​រអិល​បណ្តាលអោយ​ក្រឡាប់​រទេះគោ​សង្កត់​តែម្តង តែ​បុរស​ជា​ប្តី​របួសស្រាល​ប៉យ​ណ្ណោះ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៤ រសៀល ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវលំ​ចំណុច​ភូមិ​អណ្ដូង​ចំបក់​ឃុំ​វាល​ពង់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​របស់​មន្ត្រីនគរបាល​បាន​និយាយ​អោយដឹងថា នៅ​មុនពេល​កើតហេតុ​នោះ​មេឃ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ហើយ​បុរស​២​នាក់​ប្តី​ប្រពន្ធ​ដែលមាន​មុខរបរ​លក់ ក្អម ចង្ក្រាន​ដី និង​របស់របរ​ជាច្រើន​មុខ​ថែម​ទៀតផង​នោះ បានធ្វើ​ដំណើរ​គោ​ដៅ​ចេញពី​ខេត្តកំពង់ស្ពឺ គោលបំណង​ត្រឡប់ទៅផ្ទះ​នៅឯ​ខេត្តកំពង់ឆ្នាំង​វិញ ប៉ុន្តែ​សំណាងអាក្រក់ មេឃ​ភ្លៀង ផ្លូវ​រអិល និង​មាន​ជង្ហុក​ជ្រៅៗ​ផង​នោះ បណ្តាលអោយ ក្រឡាប់​រទេះគោ​ដឹក​សង្កត់​លើ​ស្ត្រី​ជា​ប្រពន្ធ​​បណ្ដាល​ឲ្យ​ស្លាប់​។ ជនរងគ្រោះ​ឈ្មោះ យី​ម រ៉េ​​ន​ភេទ​ស្រី​៥៣​ឆ្នាំ មុខរបរ​លក់ដូរ​តាម​រទេះ រស់នៅ​ភូមិ​ឃ្លៃ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ​ប៉ុល ស៊ុយ អាយុ​៥៨​ឆ្នាំ​ជានា​ក់ប​រទេះគោ​ត្រូវជា​ប្ដី​រស់នៅ​ជាមួយគ្នា​។​

​តាម​សម្តី​របស់​បុរស​ជា​ប្តី​ឈ្មោះ ប៉ុល ស៊ុយ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​នៅ​ចំពោះមុខ​អ្នក​ចោមរោម​មើល​ហេតុការណ៍​នោះ​ថា​« ហេតុអ្វី​បានជា​ព្រហ្ម​លិខិត​មក​បំបែក​ប្រពន្ធ​របស់គាត់​ចេញពី​គាត់​អោយ​រស់នៅក្នុង​ជីវភាព​ក្រីក្រ ណាមួយ​កូន​ច្រើន​ថែម​ទៀតផង ជិត​ទៅដល់​ផ្ទះ​ហើយ ( ម៉ែ​វាៗ ក្រោក​ឡើង )»​។​

​បុរស​ជា​ប្តី បាន​និយាយ​ទាំង​ទឹកភ្នែក​ប្រាប់​អ្នកព័ត៌មាន​ថា គាត់​មាន​មុខរបរ​ដើរ​លក់ដូរ ក្អម ចង្ក្រាន​ធ្វើ​ពី​ដី និង​ឥ​វ៉ាន់​គួបផ្សំ​មួយចំនួនទៀត ជាមួយ​ប្រពន្ធ​កំសត់​របស់គាត់​ជិត​២០​ឆ្នាំ​មកហើយ​។​សម្ភារៈ​ទាំងអស់នោះ គាត់​ទិញ​បណ្តាក់ ពី​អ្នកភូមិ​ជាមួយគ្នា​ពេល​លក់បាន ហើយ​ត្រឡប់​ចូល​ស្រុក​វិញ​ទើប​សងបំណុល​គេ នៅសល់ តិចតួច​អោយ​កូន​រៀនសូត្រ និង​ទិញ​អង្ករ​ដាំបាយ​ហូត​ចិញ្ចឹម​ក្រុមគ្រួសា​រុ​។ ការ​បររទេះ​ដើរ​លក់​នេះ​ទៀត បាន​ចេញពី​ភូមិ ស្រុក​យ៉ាងតិច​កន្លះ​ខែ ឬ​១​ខែ​ទើប​ត្រឡប់ទៅផ្ទះ​មើល​កូន និង​ផ្ទះ ម្តង ហើយ​ពេលនេះ គាត់​លក់​ឥ​វ៉ាន់​អស់ហើយ​ធ្វើដំណើរ​ពី​ខេត្តកំពង់ស្ពឺ​តាម​រទេះគោ​ដូច​ធម្មតា​បំណង​ត្រឡប់ទៅផ្ទះ​វិញ ហើយក៏​ស្រាប់តែ​ជួប​មេឃ​ធ្លាក់ភ្លៀង​កណ្តាលផ្លូវ ដែលមាន​ជង្ហុក​ធំ​ផង​នោះ ក៏​ស្រាប់តែ​ក្រឡា​ប់រទេះ​បណ្តាលអោយ​រទេះ​សង្កត់​លើ​ប្រពន្ធ​របស់គាត់​ស្លាប់ចោល​គាត់​និង​កូនៗ​តែម្តង​។​

​ក្រោយ​កើតហេតុ​នគរបាល​ចុះ​ពិនិត្យ​ពិតជា​រទេះ​ក្រឡាប់​សង្កត់​មែន​រួច​បានប្រគល់​សព​អោយ​ប្តី​ស្ត្រី​ខាងលើ​។​បុរស​ជា​ប្តី បាន​ដឹក​សព​ប្រពន្ធ​ទៅផ្ទះ​នៅ​ស្រុកកំណើត ខេត្តកំពង់ឆ្នាំង ដើម្បី ធ្វើបុណ្យ​តាម​ប្រពៃណី​៕​