លួច​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​​នៅក្នុងផ្ទះ ពេល​ប្តី​រវល់​ចុះឡើង​រកស៊ី​នៅ​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2018 ក+ ក-

​ភ្នំពេញ ៖ ខណៈ​បុរស​ជា​ប្តី​ជាប់រវល់​ក្នុង​របរជំនួញ​ជួញដូរ​ដឹក​ឥ​វ៉ាន់​ឡើង​ចុះ​កម្ពុជា ថៃ ស្រាប់ តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​ប្រុស​ផ្សេង​យ៉ាង​រំភើយ ប៉ុន្តែ​អាថ៌កំបាំង​នេះ ត្រូវបាន​ប្តី​លួច​តាមដាន​រាល់​សកម្មភាព​នៃ​ទង្វើ​ផិតក្បត់ រហូតដល់​ដឹងថា ប្រពន្ធ​របស់ខ្លួន​លួច​រៀប​ពិធីសែនព្រេន ដោយ​ស្ងាត់ៗ​ជាមួយ​ប្រុស​ថ្មី​នោះ​ទៀតផង​។ នេះ​បើតាម ការបញ្ជាក់​ឲ្យ​ដឹង​ពី​បុរស​ជា​ប្តី ក្នុង​គ្រា​ដែល​បាន​តាម​ទាន់​ជាក់ស្តែង​ករណី​ស្ត្រី​ជា​ប្រពន្ធ និង​ប្រុស ស្នេហ៍ នៅ​ក្នុងផ្ទះ​របស់ខ្លួន​តែម្តង​។​

​ហេតុការណ៍​តាម​ទាន់​អំពើ​ផិតក្បត់​នេះ កើតឡើង​នៅវេលា​ម៉ោង ៧​យប់ ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ ដោយ​ប្តី​តាម​ទាន់​ប្រុស​ស្នេហ៍​កំពុង​នៅក្នុង​ផ្ទះ​របស់ខ្លួន លេខ​៣៦ សេ​២០ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ស្រែក​ឆោឡោ កើតជា​ជម្លោះ​ឈ្លោះប្រកែក​គ្នា​មួយ​ប្រ៉ា​វ​យ៉ាងខ្លាំង​ផ្អើល​អស់អ្នក​ភូមិ និង​សមត្ថកិច្ច​ក៏​ចុះទៅ​អន្តរាគមន៍ ហៅ​នាំ​ភាគី​ទាំង​៣​នាក់ ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ភាគី​ខាង​ប្រពន្ធ​មានឈ្មោះ ប្រាក់ ឆវី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ កាត់ដេរ រស់នៅ​ផ្ទះកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ចំណែក​ភាគី​ខាង​ប្តី មានឈ្មោះ សៀ គឹម​លី អាយុ​៣៧​ឆ្នាំ មុខរបរ អ្នកជំនួញ​ឆ្លង​ទៅមក ខ្មែរ​-​ថៃ រស់នៅ​ផ្ទះកើតហេតុ​។ ដោយសារតែ​ក្នុង​រយៈពេល​៤​ខែ​នេះ ចេះតែមាន​បញ្ហា​ក្នុង​គ្រូ​សារ បុរស​ជា​ប្តី ច្រើនតែ​ទៅ​ស្នាក់នៅ​ផ្ទះរ​បស់បង​ផ្សេងទៀត ។

ដោយឡែក ភាគី​ខាង​ប្រុស​ស្នេហ៍ របស់​ស្ត្រី​ខាងលើ ឈ្មោះ ឯក ណា​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ សន្តិសុខ មាន​ស្រុកកំណើត ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជា​ស្រុកកំណើត​ជាមួយ​ស្រី​ស្នេហ៍ ។​

​ប្រភព​ដដែល​បន្តថា តាម​ភាគី​ខាង​ប្តី​បាន​ឲ្យ​ដឹងថា គាត់​បាន​រៀបការ​និង​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ ដោយ​ប្រកបមុខរបរ ជា​អាជីវករ ទាំង​២​នាក់ ហើយ​មាន​កូនស្រី​ម្នាក់​ជា​ចំណង​ស្នេហ៍ អាយុ​៧​ឆ្នាំ​ហើយ ។ បុរស​ខាងលើ​បន្តទៀតថា ការរស់នៅ​ក្នុង​គ្រួសារ​មួយ​នេះ គ្រា​ដើមឡើយ​រាសី​ខ្ពស់ត្រដែត មុខរបរ រកស៊ី​ចេះតែ​រីកចម្រើន​ឡើង​។ ដោយ​មហិច្ឆតា​ចង់មានចង់បាន ខ្លួន​បាន​ពង្រីក​មុខរបរ បន្ថែម​ដោយ​ជំនួញ​ជួញដូរ​ដឹក​ឥ​វ៉ាន់​ពី​ប្រទេស​ថៃ មក​កម្ពុជា ហើយ​មុខរបរ​នេះ បាន​បន្ត​អស់​រយៈពេល​ជិត​១​ឆ្នាំ ។

បុរស​ជា​ប្តី​បន្តថា ស្រប​ពេលដែល​ខ្លួន​មិនសូវ​បាន​នៅផ្ទះ រយៈពេល​៤​ខែ​ចុង​ក្រោយនេះ ពោល​ក្នុងអំឡុង ខែ​មិនា ឆ្នាំ​២០១៨ ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់ខ្លួន បញ្ចេញ​អាកប្បកិរិយា​ប្លែកៗ ចេះតែ​ដុកដាន់​រករឿង​នេះ រឿង​នោះ​មិនសូវ​លោះ​ពេល ធ្វើ​ឲ្យ​ក្នុង​គ្រួសារ​កើតជា​វិវាទ​ទំនាស់ សេចក្តីសុខ សុភមង្គល គ្រួសារ​រលាយបាត់​អស់ ។

​ទង្វើ​សកម្មភាព​ប្លែកៗ​ស្តែងចេញ​ឡើង របស់​ប្រពន្ធ ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​ងឿងឆ្ងល់ ទីបំផុត ក្រោយពី​តាមដាន​ដឹង ថា​ប្រពន្ធ​ខ្លួន លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្រុស​ផ្សេង ខណៈដែល ខ្លួន​និង​ប្រពន្ធ​នៅ​មិនទាន់​លែងលះ​ដាច់ស្រឡះ ហើយ​ហ៊ាន​ដឹកនាំ​បុរស ចូលមក​ស្នាក់អាស្រ័យ​ដល់​ក្នុងផ្ទះ​ទៀត ទើប​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨ នេះ ក្នុង​គ្រួសារ​ផ្ទុះ​ជម្លោះ​ដោយសារ​ឃើញ​ជាក់​នឹង​ភ្នែក​ប្រុស​ស្នេហ៍​នៅក្នុង​ផ្ទះ​ជាមួយនិង​ប្រពន្ធ​របស់ខ្លួន ក៏​ស្រែក​ឆោឡោ​ឡើ​អ ផ្អើល​អ្នកជិតខាង ផ្អើល​ទាំង​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍ ។​

​តាម​សម្តី​ភាគី​ខាង​ប្រពន្ធ​វិញ បាន​ឲ្យ​ដឹង​យ៉ាងខ្លី​ក្នុងពេល​ផ្ទុះ​ជម្លោះ​នោះ​ថា មូលហេតុ​មកពី​ប្តី​ចុះចោល​ផ្ទះ​៤​ខែ​មកហើយ ទើប​កើត​រឿងនេះ ។​
​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង កំពុង​សម្របសម្រួល​ប​ញ្ហា​នេះ ប៉ុន្តែ​មិនទាន់​ដឹងថា តើ​ភាគី​ក្នុង​ជម្លោះ​នេះ ឯកភាព​ថា​ត្រូវ​ដោះស្រាយ​បែបណា​នៅឡើយ​ទេ​៕​