យោធា​ពាក់​ផ្កាយ​៣ម្នាក់ កាង​រឿង​កាយ​ដី ជេរប្រមាថ​ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​ម៉ា​ចាស់ដៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2018

​កំពង់ស្ពឺ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​យោធា​ពាក់​ផ្កាយ​៣ ត្រូវបាន​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ស្ពឺ និង​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​រិះគន់ថា​គ្មាន​សុជីវធម៌​សោះ មាន​ឋានន្តរស័ក្តិ​ពាក់​រហូតដល់​ផ្កាយ​៣​លើ​ស្មារ​ទៅហើយនោះ​បែរជា​មក​ស្រែកជេរ​ប្រមាថ​មន្ត្រី​ជំនាញ​និង​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ស្ពឺ​ម៉ា​ចាស់ដៃ ខណៈដែល​មន្ត្រី​ជំនាញ​បាន​ចុះទៅពិនិត្យ​ក្រុម​ឈ្មួញ​រកស៊ី​ជីក​កាយ​អាចម៍ដី​លក់​មិនបាន​សុំច្បាប់​ទម្លាប់​ហើយ​ត្រូវបាន​លោក​ផ្កាយ​៣​រូបនោះ​កាង​នៅ​ពី​ក្រោយខ្នង​មិន​គោរព​ច្បាប់​បន្តិច​សោះ​យក​ច្បាប់​ព្រៃ​និង​អំណាច​របស់ខ្លួន​មក​គំរាម​មន្ត្រី​ជំនាញ​តែម្តង​។​

​បើតាម​សម្តី​របស់លោក ផាន់ ឧ​ត្ត​ម អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ស្ពឺ រស់នៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​បាន​និយាយ​អោយ​ក្រុមអ្នកកាសែត​ប្រចាំខេត្ត​កំពង់ស្ពឺ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ​គណបញ្ជាការ​ឯកភាព​ស្រុក​សំរោង​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ពិនិត្យមើល​ដំណាំ​ស្រែ​ស្រូវ​របស់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បន្ទាប់ពី​ចុះ​ពិនិត្យ​រួចហើយ​ក៏​ប្រទះឃើញ​មាន​ក្រុម​ឈ្មួញ​មួយក្រុម​ដែល​រកស៊ី​ជីកា​យ​អាចម៍ដី​លក់​នោះ​សង្ស័យ​មិនបាន​សុំច្បាប់​ទម្លាប់ ក៏​ទូរ​សព្ទ័​ទៅខាង​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល​អោយ​ចុះទៅពិនិត្យ​និង​សួរនាំ​រឿង​ជីក​កាយ​មានច្បាប់​ទម្លាប់​ដែល​ឬទេ​?​។

លោក​បាន​បន្តទៀតថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ​រួចហើយ​លោក​ផាន់ ឧ​ត្ត​ម រួមជាមួយ​មន្ត្រី​ចំនួន​២​នាក់​ទៀត​រួម​ដំណើរ​រថយន្ត​មួយគ្រឿង​បាន​ចុះទៅ​ធ្វើការ​សួរនាំ​តៃកុង​រថយន្ត​ដឹក​ដី​នោះ​និយាយថា គ្រឿងចក្រ​ដែល​កំពុង​ជីក​កាយ​យក​អាចម៍ដី​នោះ​ថៅកែ​មានឈ្មោះ លឹម ហេង ដែល​រស់នៅ​ម្តុំ​ផ្សារ​ព្រៃ​ផ្តៅ ហើយ​ការជីក​កាយ​យក​អាចម៍ដី​នេះ​នៅក្នុង​ភូមិ​លំពែងព្រះរាម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ប្រភពពី​មន្ត្រី ដដែល​បាន​បន្តថា​បន្ទាប់មក​ពួកគាត់​បាន​ទូរ​សព្ទ័​ទៅ​លោក លឹម ហេង ដើម្បី​សួរនាំ និង​ណែនាំ​អោយ​សុំច្បាប់​ទម្លាប់​ត្រឹមត្រូវ​តាមច្បាប់​រដ្ឋ​កំណត់ បង់​ស៊ុយ​សារ​ចូល​រដ្ឋ ហើយក៏​លោក​លឹម ហេង​បាន​ណាត់​ក្រុមការងារ​ទៅ​ជួប​នៅមុខ​បន្ទាយ​ទាហាន​ទន្លេ​រក​ន្ទិ​ល ក៏​ស្រាប់តែ​លេចមុខ​លោក​ផ្កាយ​៣​ម្នាក់​អតីត​បម្រើ​ការងារ​នៅ​បន្ទាយ​ទន្លេ​រក​ន្ទិ​ល​នេះ​បច្ចុប្បន្ន​ទៅ​បម្រើ​ការងារ​នៅ​អគ្គ​ហើយ មក​អះអាង​កាង​ស្រែក​ឡូឡា ជេរប្រមាថ​មន្ត្រី​រ៉ែ ថាមពល​ខេត្ត មិនតែប៉ុណ្ណោះ ជេរប្រមាថ​ទាំង​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​នូវ​ពាក្យអសុរស​ថែមទៀត​មិនអាច​ទទួលយកបាន​នៅមុខ​មន្ត្រីក្រោមឱវាទរ​បស់​លោក​ផ្កាយ​៣​នោះ និង​មុខ​មហាជន អ្នកធ្វើដំណើរ​នាំគ្នា​រិះគន់ថា មានបុណ្យ​ស​ក្ត័​ធំ​រហូតដល់​ពាក់​ផ្កាយ​៣​លើ​ស្មារ​ទៅហើយនោះ​គ្រាន់តែ​ជំនាញ​មក​សួរនាំ​រឿង​ជីក​កាយ​ដី​មានច្បាប់​ទម្លាប់​ដែល​ឬ​អត់ អាង​អំណាច​របស់ខ្លួន​បាន​ជេរប្រមាថ មាក់ងាយ​មន្ត្រី​តូចតាច​ជាង​ខ្លួន​។​តាម​ប្រភពពី​មន្ត្រី​ដដែល​បាន​និយាយទៀតថា​លោក​ផ្កាយ​៣​រូបនោះ​ឡើងបុណ្យ​តាម​ខ្សែរ​ស្រ​ឡាយ​ប៉ុណ្ណោះ ហើយ​តែងតែ​អួត​ក្តែ​ងៗ​ថា​មិន​ខ្លាច​អ្នកណា​នោះទេ​(​អ្នកណា​មិន​ស្គាល់​អញ នៅ​លំពែងព្រះរាម​នេះ​)​ការលើកឡើង​របស់លោក​ផ្កាយ​៣​នេះ​ហាក់បីដូចជា​មិន​គោរព​សិទ្ធិ​អ្នកដទៃ​នោះឡើយ ធ្វើ​អ្វី​អាង​អំណាច​បុណ្យ​ស​ក្ត័​របស់ខ្លួន តើ​មន្ត្រី​មាន​ច​រិ​ក​បែបនេះ​តើ​គួរអោយ​ប្រជាពលរដ្ឋ​និង​មន្ត្រី​ថ្នាក់​ក្រោយ​គោរព​ដែល​ឬទេ​?​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​មានមុខរ​បរជា​អ្នកប្រមូល​សំរាម​បាន​និយាយ​អោយដឹងថា​កន្លងមក​លោក​ផ្កាយ​៣​រូបនោះ​ធ្លាប់​សុំ​ស្រា​បៀរ​លោក​ចំនួន​១០​កេស​យកទៅ​ជប់លៀង​ក្នុង​កម្មវិធី​មួយ ប៉ុន្តែ​លោក​គ្មាន​លទ្ធភាព​អោយ ស្រាប់តែ​លោក​ផ្កាយ​៣​រូបនោះ ខឹង​កៀងគរ​ប្រមូល​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​ថា កន្លែង​ចាក់សំរាម​របស់លោក​ប៉ះពាល់​បរិស្ថាន​ទៅវិញ ធ្វើអោយ​លោក​ខកខាន​ខាត​ដំណើរការ​អាជីវកម្ម​ប្រមូល​សំរាម​មួយ​រយះពេល​ទៅ​។​

​ប្រការ​នេះហើយ​បានជា​ប្រជាពលរដ្ឋ​លើកឡើងថា​លោក​ផ្កាយ​៣​រូបនេះ​អាង​អំណាច ធ្វើ​អ្វី​មិន​គិត ដូចនេះ​សូម​អស់លោក​ថ្នាក់លើ ផ្កាយ​៤ ផ្កាយ​៥ និង​សម្តេច​តេ​ជោ ហ៊ុនសែន មេត្តាជួយ​ពិនិត្យមើល​ទង្វើ​របស់លោក​ផ្កាយ​៣​រូបនេះ​ផង បើ​បណ្តែតបណ្តោយ​តទៅទៀត​ខ្លាចក្រែង​ប៉ះពាល់​ដល់​កិត្តិយស​លោក​ផ្កាយ​៣​ដទៃ​ជាច្រើនរូប​ទៀត​ដែល​ល្អៗ គោរព​ច្បាប់ ស្រលាញ់​កិ​ត្ត​យស សេចក្តីថ្លៃថ្នូរ ស្រលាញ់​អាណិត​ប្រជាពលរដ្ឋ​៕