បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​ជ្រ​ផ​យ​ចង្វា​ ឃាត់ខ្លួន​មនុស្ស រថយន្ត ម៉ូតូ និង​មាន់​ជល់​៧​ក្បាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2018 ក+ ក-

​ភ្នំពេញ ៖ គណៈបញ្ជាការ​ខណ្ឌ​ជ្រោយចង្វា​បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​មួយកន្លែង ឃាត់ខ្លួន​មនុស្ស​ជាច្រើន​នាក់ និង​ដកហូត​ម៉ូតូ រថយន្ត​ជាច្រើន​គ្រឿង រួមទាំង​មាន់​ជាច្រើន​ក្បាល​ផងដែរ​។ ប្រតិបត្តិ​ការណ៍​នេះ​ធ្វើឡើង​កាលពី​ម៉ោង​១២​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ នេះ ស្ថិតនៅ​ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​

​លោក កៅ សា​រ៉ាវុធ អភិបាលរងខណ្ឌ​ជ្រោយចង្វា បាន​ប្រាប់​ឲ្យ​ដឹងថា មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​កន្លែង​បើក​លេងល្បែង​ស៉ី​សង​មាន់​ជល់​មួយកន្លែង ស្ថិតក្នុង​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា​។ បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាមៗ លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វា បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំងចម្រុះ​ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​នេះ​ភ្លាម​។​

​លោក​អភិបាលរង​បន្តទៀតថា នៅក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​យើង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ១២​នាក់​, ម៉ូតូ ៣៧​គ្រឿង​, រថយន្ត Tundra មួយគ្រឿង​, និង​មាន់​ជល់​ចំនួន ៧​ក្បាល រួម​នឹង​សម្ភារ​មួយចំនួនទៀត​ដែល​បម្រើ​ឲ្យ​សង្វៀន​ជល់​មាន់ ។​

​បន្ទាប់ពី​ប្រតិបត្តិការ​ចប់ កម្លាំង​ជំនាញ​បាន​នាំខ្លួន​មនុស្ស​ទាំងអស់នោះ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី ៕