សមត្ថកិច្ចមានតម្រុយពីជនអនាមិក​ដែល Hack ហ្វេ​ស​ប៊ុ​ក​សម្ដេច​តេ​ជោ ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2018 ក+ ក-

ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ បានដាក់​បទបញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ បើក​ការស្រាវជ្រាវ​ជាបន្ទាន់​ចំពោះ​អត្តសញ្ញាណ​ជនអនាមិក​ដែល​បាន​ចូល ហេ​ក (Hack) ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។​

​ការចេញ​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​ជនអនាមិក​ដែល ហេ​ក ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន នេះ គឺ​នៅ ក្រោយ​ពេលដែល​ជន​នោះបាន​ចូល ហេ​ក ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហើយ​បាន​សរសេរ​ព័ត៌មាន​ដោយ ក្លែងក្លាយ បង្ហោះ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា នេះ ថា «​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចែករំលែក ៤​អាសនៈ​ទៅ​គណ បក្ស ២​ផ្សេងទៀត ពោលគឺ ២​អាសនៈ​ជូនទៅ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​២​អាសនៈ​ទៀត​ជូនទៅ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​-​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការដែល​យក Facebook នេះ មក​គ្រប់គ្រង​វិញ​បាន ដោយសារ​តែមាន​កិច្ចសហប្រតិបត្តិការ​ពី​ក្រុមហ៊ុន Facebook ផ្ទាល់​តែម្តង ហើយ​នៅពេល នេះ កម្លាំង​ជំនាញ​បាន​រកឃើញ​តម្រុយ​មួយចំនួន​ហើយ ក្នុងនោះ​គឺ​ជន​ទុច្ចរិត​ដែល​វាយប្រហារ (Hack) Facebook សម្តេច​តេ​ជោ ហ៊ុន សែន គឺមាន​និន្នាការ​ប្រឆាំង ដែល​អ្នកខ្លះ​កំពុង​លាក់ខ្លួន​នៅក្រៅ​ប្រទេស​។ ឯ​.​ឧ​. ខៀវ សុភ័គ អះអាងថា កម្ពុជា​នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol) ដើម្បី​តាម​ចាប់ខ្លួន​ក្រុម Hacker ទាំងនោះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​១០ ខែសីហា នេះ​ថា សមត្ថកិច្ច​ជំនាញ​មាន​តម្រុយ​ខ្លះ​ហើយ ពាក់ព័ន្ធ​អ្នក​លួច Hack ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន ហើយ​សមត្ថកិច្ច​កំពុងតែ​បន្តធ្វើ​ការស្រាវជ្រាវ និង​រៀបចំ​នីតិវិធី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។​

​ឯ​.​ឧ​. ខៀវ សុភ័គ បានបញ្ជាក់​ទៀតថា ចេតនា​របស់​ក្រុម Hacker ដែល​វាយប្រហារ Facebook សម្តេច តេ​ជោ​គឺ​គោលបំណង​ដើម្បី​បំផ្លាញ​ដល់​សន្តិសុខ និង​បង្ក​ភាព​ភាន់ច្រឡំ​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា ចំពោះ​ករណី នេះ ក្រុម​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​សូមជម្រាបថា គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលមាន​ឈ្មោះថា Samdech Hun Sen Cambodian Prime Minister ត្រូវបាន​ក្រុម​ជនអនាមិក​លួច​ចូលទៅ​គ្រប់គ្រង​បាន​រយៈពេលជាងមួយម៉ោងប៉ុណ្ណោះ ហើយ​នៅពេលនេះ ត្រូវបាន​យកមក​គ្រប់គ្រង​វិញ​ហើយ​៕​