ភ្នំពេញ ៖ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ បានចេញសេចក្តីសម្រេចមួយតែងតាំងព្រះរាជបុត្រច្បងរបស់ព្រះអង្គ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានស្តីទីគណបក្សនេះ និងតែងតាំងសហជីវិនម្នាក់ទៀត ធ្វើជាអគ្គលេខាធិការគណបក្ស ខណៈដែលព្រះអង្គកំពុងសម្រាកព្យាបាលរបួសនៅក្រៅប្រទេសដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីខែមិថុនា។
ក្នុងសេចក្តីសម្រេចចុះថ្ងៃទី ៨ ខែសីហា បានបង្ហាញថា៖ «ត្រូវបានតែងតាំងព្រះអង្គ ម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច និងតែងតាំងសហជីវិន ពេជ្រ សូជេថ្ថា ជាអគ្គលេខាធិការប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច»។
លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វុនស៊ិនប៉ិច បានបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាព្រះរាជបុត្រច្បងរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាមួយម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ ដែលព្រះអង្គម្ចាស់អង្គនេះបច្ចុប្បន្នកំពុងសិក្សានៅប្រទេសបារាំង និងជាវិស្វករជំនាញ ១ រូបផងដែរ។ «ខ្ញុំគ្រាន់តែដឹងថា ព្រះអង្គជាវិស្វករ និងកំពុងសិក្សានៅបារាំង ខ្ញុំអត់ដឹងព្រះអង្គកំពុងរៀនជំនាញអ្វីដែរ ហើយកន្លងមកព្រះអង្គក៏អត់ទាន់មានតួនាទីនៅក្នុងគណបក្សដែរ»៕